កីឡាករ ណៃម៉ា រងការពិន័យ ៣, ៣ លានដុល្លារ ចំពោះការជីកបឹងក្នុងគេហដ្ឋានដ៏ស្ដុកស្ដម្ភរបស់ខ្លួនដោយគ្មានការអនុញ្ញាត

ប្រាស៊ីលីយ៉ា៖ អាជ្ញាធរ​ប្រេស៊ីល​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣​ ខែ​កក្កដា​ថា​ ​រដ្ឋ​អាជ្ញា​របស់​ប្រទេស​​បាន​ពិន័យ​​​កីឡាករ​បាល់​ទាត់​ដ៏​ល្បី​ឈ្មោះ​ លោក​​ ណៃម៉ា(Neymar) ​ចំនួន​ ៣,៣ លាន​ដុល្លារ​ ​ចំពោះ​ការ​ជីក​បឹង​មួយ​នៅ​ក្នុង​បរិវេណ​គេហដ្ឋាន​ដ៏​ស្ដុកស្ដម្ភ​​​​របស់​លោក​​នៅ​ជាយ​រដ្ឋ ​​រីយ៉ូ ដឺហ្សានេរ៉ូ​ ​ ​ដោយ​គ្មាន​​អាជ្ញាប័ណ្ណ​ផ្នែក​​បរិស្ថាន​​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

​លេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ប្រេស៊ីល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​​ក្រុម​ប្រឹក្សា​ក្រុង​ Mangaratiba នៃ​រដ្ឋ ​​​រីយ៉ូ ដឺហ្សានេរ៉ូ ​បាន​ចេញ​ការ​ផាក​ពិន័យ​ចំនួន​​បួន​​ចំពោះ​ «​​ការ​បំពាន​បរិស្ថាន​ក្នុង​ការ​ជីក​បឹង​សិប្បនិម្មិត​មួយ​​ នៅ​ឯគេហដ្ឋានដ៏ស្ដុកស្ដម្ភ​​​របស់​កីឡាករ​រូប​នេះ​»។ ​​

​ការ​បំពាន​ទាំង​៤​នោះ​ស្ថិត​នៅ​ក្នុង​ចំណោម​​ការ​បំពាន​រាប់​សិប​​ដែល​ត្រូវ​បាន​រក​ឃើញ​ ដែល​រួម​មាន​ការ​អនុវត្ត​ការងា​រ​ក្រោម​ការ​គ្រប់​គ្រង​បរិស្ថាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ ការ​ទប់​​ និង​ការ​បង្វែរ​ទឹក​ទន្លេ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​​ការ​ជីក​យក​ដី​​​ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​ដើម​​​។​

រីឯ​​ លោក​ ​Neymar ​មាន​រយៈ​​​ពេល​ ២០​ ថ្ងៃ​ ​ដើម្បី​​ប្តឹង​ទៅ​​ឧទ្ធរណ៍​ ខណៈ​​​​ការ​​ពិន័យ​ដំបូង​ឡើង​កំណត់​ត្រឹម​ជិត​មួយលាន​ដុល្លារ​ប៉ុណ្ណេះ​។ ​​

គួរ​បញ្ជាក់​ថា​ ការ​ចេញ​ការ​​ពិន័យ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរប្រេស៊ីល​​​រក​ឃើញ​ការ​រំលោភ​បរិស្ថាន​ជា​ច្រើ​ន​​​​​នៅ​ទី​​​អចលន​ទ្រព្យ​ប្រណីតរបស់​លោក​​​​ ​ ​Neymar ដែល​មាន​​កម្មករ​សំណង់​កំពុង​ជីក​​​បឹង​ និង​បង្កើត​ឆ្នេរ​សិប្ប​និម្មិត​ ក្រោយ​ពី​មាន​ការ​រិះ​គន់​នៅ​លើ​បណ្ដាញ​សង្គម​​ចំពោះ​បញ្ហា​នេះ​។ 

​​ក្រោយ​មក​​ អាជ្ញាធរ​ប្រេស៊ីល​បាន​បិទ​ទី​តាំង​ និង​បញ្ជា​ឱ្យ​បញ្ឈប់រាល់​​សកម្មភាព​ទាំង​អស់​ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រេស៊ីល​បាន​រាយការណ៍​ថា​ លោក​​​​ Neymar ​បាន​​​រៀប​ចំ​ពិធី​ជប់​លៀង​ ​ ​ហើយ​នាំ​គ្នា​ចុះ​ងូត​ទឹក​បឹង​​នៅ​ទីនោះ​។

ជុំ​វិញ​បញ្ហា​នេះ​ ​ការិយាល័យ​​ឆ្លើយ​តប​​របស់​ លោក​ Neymar ​ក្នុង​ប្រទេស​ប្រេស៊ីល​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ AFP ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​យ៉ាង​ណា​នោះ​ទេ​។​​

គួរ​រំឭក​ថា​ លោក​ Neymar ​បាន​ទិញគេហដ្ឋានដ៏ស្ដុកស្ដម្ភ​​​​ក្នុង​ក្រុង​ Mangaratiba ​ក្នុង​​ឆ្នាំ​​ ២០១៦​។  ​យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រេស៊ីល​គេហដ្ឋានដ៏ស្ដុកស្ដម្ភ​​នោះ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​១០.០០០ម៉ែត្រ​ការ៉េ​ ដោយ​មាន​ទាំង​កន្លែង​ផ្ទុក​ឧទ្ធម្ភាគចក្រ​ ស្ប៉ា ​និង​កន្លែង​ហាត់​ប្រាណ៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ Neymar fined US$3.3 million for building lake at mansion  

ads banner