រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឯកជនកូរ៉េ នឹងសិក្សាស្រាវជ្រាវរួមគ្នាលើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃកាកសំណល់
ភ្នំពេញ ៖លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ថា រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន Geoentech ដែលមកពីប្រទេសកូរ៉េនឹងសិក្សាស្រាវជ្រាវរួមគ្នាលើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃកាកសំណល់ទៅជា ហ្គាស ថាមពលអគ្គីសនី ធ្យូង និងប្រភេទជីបាយអូឆា។
លោកបាននិយាយថា ប្រតិភូនៃក្រុមហ៊ុន Geoentech នេះ មកពីទីក្រុងសេអ៊ូលប្រទេសកូរ៉េ ដែលជាក្រុមហ៊ុនមានជំនាញ និងវិនិយោគលើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃកាកសំណល់ ពិសេសកែច្នៃកាកសំណល់ផ្ទះបាយ ទៅជីបាយអូឆា (កាកសំណល់សរីរាង្គ ដែលអាចផលិតជាជីកំប៉ុស)។
លោក សុខ ទូច បានប្រាប់ថា ៖ «នៅស្រុកយើង មិនទាន់មានការបែងចែកកាកសំណល់បានត្រឹមត្រូវនៅឡើយទេ ដោយកាកសំណល់មានចែកជា ប្លាស្ទិក កែវអំបែង និងកាកសំណល់សរីរាង្គផ្សេងៗ ដែលភាគច្រើនជាកាកសំណល់ផ្ទះបាយ។ ប្រភេទកាកសំណល់នីមួយៗសុទ្ធតែអាចកែច្នៃបាន ដោយប្លាស្ទិក អាចកែច្នៃទៅជាហ្គាស ឬប្រេងរំអិលនិងកាកសំណល់ផ្ទះបាយអាចច្នៃជាជីកំប៉ុស ហើយឥឡូវយើងកំពុងតែសិក្សាលើការងារ ដោយយកខេត្តបាត់ដំបងមួយជាគំរូសិន»។
ប៉ុន្តែលោក សុខ ទូច បានជំរុញឱ្យក្រុមហ៊ុន Geoentech ជ្រើសរើសយក ខណ្ឌណាមួយនៃរាជធានីភ្នំពេញមកសិក្សាវិញ ដោយសារតែខេត្តបាត់ដំបង បើទោះជាសិក្សាហើយ វាមិនទាន់ឆ្លើយតបនឹងការកើនឡើងនៃកាកសំណល់ក្នុងប្រទេសកម្ពុជានោះ ប៉ុន្តែរាជធានីភ្នំពេញ សម្បូរទៅកាកសំណល់ចម្រុះ ដែលអាចធ្វើឱ្យការសិក្សាស្រាវជ្រាវនេះ ឆ្លើយតបបានទៅនឹងបញ្ហា ដែលកំពុងតែកើតមានសព្វថ្ងៃនេះ។
«នៅពេលដែល ក្រុមហ៊ុន Geoentech សិក្សាចប់សព្វគ្រប់ហើយ គេនឹងអាចវិនិយោគលើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃកាកសំណល់ នៅក្នុងតំបន់ណាមួយដែលគេយល់ថាមានសក្តានុពល សម្រាប់ដំណើរការក្រុមហ៊ុនរបស់គេ។ កន្លងទៅ យើងមានតែក្រុមហ៊ុនប្រមូលសំរាមយកទៅគរចោល តែក្រុមហ៊ុន គេមកប្រមូលសំរាមហើយយកទៅកែច្នៃ ដែលអាចនេះរឿងល្អសម្រាប់កម្ពុជាយើង ។ពិសេសរាជធានីភ្នំពេញ ដែលកំពុងមានសំរាមកើនឡើងជារៀងរាល់ថ្ងៃ»។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក សុខ ទូច។
លោកបានបន្តទៀតថា រាជបណ្ឌិត្យសភាកម្ពុជា នឹងសិក្សាឱ្យបានច្បាស់លាស់លើគោលបំណង និងគោលការណ៍របស់ក្រុមហ៊ុន ថាតើវាត្រឹមត្រូវដែរឬទេ ដោយសារតែរាជបណ្ឌិត្យសភាកម្ពុជាមានក្រុមអ្នកសិក្សាស្រាវជ្រាវលើជីបាយអូឆា (កាកសំណល់សរីរាង្គ ដែលអាចផលិតជាជីកំប៉ុស) នេះដែរ ដែលកន្លងបានយកប្រភេទកាកសំណល់កាហ្វេ តែ ឆ្អឹងសត្វនានា ធ្វើជាជីវកំប៉ុស្តប្រើប្រាស់លើមុខដំណាំនានា ហើយទទួលបានជោគជ័យ។
លោក សុខ ទូច បញ្ជាក់ថា ៖ «កត្តានេះហើយ ដែលធ្វើឱ្យក្រុមហ៊ុន Geoentechនេះ ចាប់អារម្មណ៍ចង់សហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា»។
ជុំវិញការគ្រប់គ្រង និងការកែច្នៃកាកសំណល់នេះដែរ លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ មានការសាទរចំពោះគម្រោងនេះ ដោយលោកយល់ឃើញថា ថ្វីត្បិតតែការទុកដាក់ និងគ្រប់គ្រងសំរាមរបស់ពលរដ្ឋមានភាពល្អប្រសើរច្រើន ប៉ុន្តែការបែងចែក និងកែច្នៃកាកសំណល់នៅមានកម្រិតនៅឡើយ ជាពិសេសនៅរាជធានីភ្នំពេញ។
លោក នូ សុវណ្ណ បានប្រាប់ដូច្នេះថា ៖ «មានសំរាមជាច្រើន ដែលយើងអាចកែច្នៃធ្វើជាជីកំប៉ុស ប៉ុន្តែការកែច្នៃរបស់យើងនៅមានកម្រិត។ នៅពេលគ្មានការកែច្នៃ បានធ្វើឱ្យកាកសំណល់ផ្ទះបាយ ស្លឹកឈើ បន្លែនានា ត្រូវគរទុកចោល និងពេលខ្លះត្រូវបោះចោលក្នុងទឹក ដែលអាចធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន»។
លោកបន្តថា ៖ «អង្គការសម្អាតទន្លេ និងសមុទ្ររបស់យើង បានប្រមូលសំរាមនានាពីតាមទន្លេសមុទ្រ និងបានកែច្នៃឱ្យអស់ពីលទ្ធភាពផងដែរ ដើម្បីជំរុញឱ្យមានការប្រើប្រាស់ឡើងវិញ។ ដូចនេះ ប្រសិនជាមានការចូលរួមពីដៃគូខាងកូរ៉េមកវិនិយោគលើការកែច្នៃទៅជាជីបាយអូឆាទៀត វាកាន់តែប្រសើរសម្រាប់ភ្នំពេញយើង»។
យោងតាមក្រសួងបរិស្ថាន បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជា មានជាងមួយម៉ឺនតោនក្នុងមួយថ្ងៃៗ ។សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០ភាគរយ ជាសំណល់ថង់ប្លាស្ទិក។ ខេត្តរាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនជាងគេ រួមមាន រាជធានីភ្នំពេញប្រមាណជាង ៣ ០០០ តោនក្នុងមួយថ្ងៃ, ក្រុងព្រះសីហនុប្រមាណ ៧០០ តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាមជិត ៤០០ តោនក្នុងមួយថ្ងៃ៕
ដោយ៖វណ្ណ សុជាតា