មេដឹកនាំចិន លោក ស៊ី ជំរុញឱ្យមានសាមគ្គីភាពក្នុងអង្គការប្រតិបត្តិការសៀងហៃ ខណៈព្រមានពី «សង្រ្គាមត្រជាក់ថ្មី»
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃអង្គារទី៤ ខែកក្កដា បានជំរុញឱ្យមេដឹកនាំនៃប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងរដ្ឋជាសមាជិករបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ផ្សេងទៀត បង្កើនទំនាក់ទំនងនិងទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ខណៈព្រមានពីសង្រ្គាមត្រជាក់ថ្មីក្រោមការបង្ករបស់ប្រទេសគូប្រជែងខាងក្រៅ។
ថ្លែងក្នុងកិច្ចប្រជុំរបស់ SCO ដែលរៀបចំឡើងដោយប្រទេសឥណ្ឌា និងតាមប្រព័ន្ធវិដេអូ លោក ស៊ី បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសន្តិភាពក្នុងតំបន់ និងធានាសន្តិសុខរួម។ នេះបើតាមការរាយការណ៍របស់ភ្នាក់ងារព័ត៌មានចិន ស៊ីនហួ ដែលបានបន្ថែមថា លោកបានជំរុញឱ្យរដ្ឋសមាជិក SCO ទាំង៩ បង្កើនសាមគ្គីភាពរបស់ពួកគេ។
លោក ស៊ី ថ្លែងយ៉ាងដូច្នេះថា ៖ «យើងគួរតែគោរពឱ្យពិតប្រាកដលើផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមកហើយគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍ និងការស្តារឡើងវិញ»។
មេដឹកនាំចិនដដែល បានបន្តទៀតថា ៖ «យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងការប៉ុនប៉ងពីខាងក្រៅ ដើម្បីបង្កើតសង្រ្គាមត្រជាក់ថ្មី ឬការប្រឈមមុខដាក់គ្នា ក្នុងប្លុករបស់យើង។ យើងត្រូវបដិសេធយ៉ាងម៉ឺងម៉ាត់លើការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងណាមួយរបស់យើងមិនថាពីប្រទេសណាមួយហើយស្ថិតនៅក្រោមលេសអ្វីក៏ដោយ»។
គួរបញ្ជាក់ថា សមាជិក SCO រួមមានចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី ប៉ាគីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងប្រទេសអ៊ីរ៉ង់ ដែលទើបក្លាយជាសមាជិកថ្មីកាលពីថ្ងៃអង្គារ។ ប្រទេសទាំងមួយចំនួនរបស់ប្លុក គឺជាប្រទេសដែលមានទំនាក់ទំនងល្អក់កករជាមួយលោកខាងលិច ទាំងចិន និងអ៊ីរ៉ង់ ហើយជាពិសេសរុស្ស៊ី ដែលបើកការឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈឆ្នាំមុន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន និងរុស្ស៊ី បានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូត ហើយភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ បានរីកចម្រើនកាន់តែជិតស្និទ្ធចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន។
កន្លងមក ចិននិងឥណ្ឌា បាននិយាយថា ខ្លួនជាភាគីអព្យាក្រឹតចំពោះជម្លោះអ៊ុយក្រែន។ ប៉ុន្តែប្រទេសទាំងពីររងការរិះគន់ពីលោកខាងលិច ចំពោះការបដិសេធមិនថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី ហើយបង្កើនទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធទៅវិញ៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ Xi urges Shanghai alliance solidarity