អ្នកឃ្លាំមើលរបស់អង្គការសហប្រជាជាតិអនុម័តផែនការបញ្ចេញទឹកសំណល់របស់ជប៉ុន
អ.ស.ប៖ អង្គការឃ្លាំមើលរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា សំណើរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកសំណល់ចេ ញពីរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា (Fukushima) ចូលទៅក្នុងមហាសមុទ្រ មានលក្ខណៈស្របតាមស្តង់ដារអន្តរជាតិ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ឬហៅកាត់ថា IAEA បានបញ្ជាក់ថា ការបញ្ចេញកាកសំណល់នេះនឹងមានផលប៉ះពាល់ទៅលើបរិស្ថានតិចតួចប៉ុណ្ណោះ។
គួរដឹងដែរថា រោងចក្រហ្វ៊ូគូស៊ីម៉ា កំពុងខ្វះខាតទីកន្លែងសម្រាប់ផ្ទុកទឹកសំណល់ជាច្រើន ដែលទឹកទាំងនោះត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើឲ្យម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរចុះត្រជាក់។ ដោយឡែក សំណើរបស់ប្រទេសជប៉ុន ត្រូវបានបដិសេធដោយប្រទេសចិន និងកូរ៉េខាងត្បូង។ យ៉ាងណាមិញ ទីក្រុងតូក្យូមិនទាន់បានប្រកាសពីកាលវិភាគសម្រាប់ការបញ្ចេញទឹកសំណល់នោះទេ ហើយផែនការនេះទៀតសោត ក៏ត្រូវការការយល់ព្រមពីនិយតករផងដែរ។
គួររំឭកថា កាលពីឆ្នាំ២០១១ រលកយក្សស៊ូណាមិ ដែលបង្កឡើងដោយសារការរញ្ជួយដីកម្រិត ៩,០ រិចទ័របានជន់លិចម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣ គ្រឿងរបស់រោងចក្រថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា។ វាត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក។នេះបើគិតចាប់តាំងពីគ្រោះមហន្តរាយឆឺណូប៊ីល (Chernobyl)។ កាលនោះផងដែរ មនុស្សជាង ១៥០.០០០ នាក់ត្រូវបានជម្លៀសចេញពីតំបន់ជុំវិញរោងចក្រនេះ។ ការរុះរើរោងចក្រក៏បានចាប់ផ្តើមផងដែរ ប៉ុន្តែដំណើរការរុះរើនេះអាចត្រូវចំណាយពេលជាច្រើនទសវត្សរ៍។
កាលពីថ្ងៃអង្គារ ប្រធាន IAEA លោក រ៉ាហ្វែល ហ្គ្រោស៊ី (Rafael Grossi) បានចេញផ្សាយការរកឃើញបន្ទាប់ពីបានត្រួតពិនិត្យសុវត្ថិភាពរយៈពេលពីរឆ្នាំ ដោយអះអាងថា ការអនុញ្ញាតឱ្យបញ្ចេញទឹកសំណល់នេះ មិនមែនជាការលំអៀងនោះទេ ប៉ុន្តែជាការផ្អែកលើវិទ្យាសាស្ត្រសុទ្ធសាធ។ លោកក៏បានប្តេជ្ញាថានឹងបន្តចូលរួមធ្វើការជាមួយប្រទេសជប៉ុន បន្ទាប់ពីទឹកត្រូវបានទំលាយចេញ។
កាលពីខែឧសភា កន្លងទៅ ទីភ្នាក់ងារនេះធ្លាប់បានប្រាប់ឱ្យដឹងថា ប្រតិបត្តិករហ្វ៊ូគូស៊ីម៉ាដែលជាក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (Tokyo Electric Power) បានបង្ហាញសមត្ថភាពវាស់វែងបានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ពោលគឺវាស់វែងទៅលើបរិមាណវិទ្យុសកម្មដែលមាននៅក្នុងទឹកសំណល់នោះ។ ចំពោះការអនុម័តចុងក្រោយពីក្រុមហ៊ុនថាមពលអគ្គិសនីនេះ អាចនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរនេះ បានផលិតទឹកសំណល់រហូតដល់ទៅ ១០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ដោយឡែក ធុងស្តុកទឹកសំណល់នៅនឹងកន្លែងអាចផ្ទុកបាន ១,៣ លានម៉ែត្រគូប។ ធាតុវិទ្យុសកម្មភាគច្រើនត្រូវបានច្រោះចេញពីទឹក លើកលែងតែទម្រង់វិទ្យុសកម្មនៃអ៊ីដ្រូសែន និងកាបូន ដែលហៅថាទ្រីទីយ៉ូម និងកាបូន ១៤។
ក្រុងតូក្យូបានប្រកាសថា ទឹកដែលនឹងបញ្ចេញទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលនឹងត្រូវលាយឡំជាមួយនឹងទឹកសមុទ្រ មានកម្រិតទ្រីទីយ៉ូម និងកាបូន ១៤ ត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។ ជាក់ស្ដែង រោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅជុំវិញពិភពលោកតែងតែបញ្ចេញទឹកសំណល់ដែលមានកម្រិតទ្រីទីយ៉ូមលើសពីរោងចក្រហ្វូគូស៊ីម៉ាទៅទៀត។
ប៉ុន្តែការរកឃើញរបស់ IAEA មិនអាចសម្រាលកង្វល់របស់ប្រជាពលរដ្ឋជប៉ុននោះទេ ជាពិសេសគឺបណ្ដាប្រទេសជិតខាង។ កន្លងមក ប្រទេសចិនបានរិះគន់យ៉ាងខ្លាំងទៅលើផែនការរបស់ជប៉ុន ហើយបានព្រមាន IAEA និងប្រឆាំងដាច់ខាតចំពោះការអនុញ្ញាតរបស់ទីភ្នាក់ងារមួយនេះ។
ម្យ៉ាងវិញទៀត ប្រជាជនកូរ៉េខាងត្បូងបាននាំគ្នាស្តុកទុកអំបិលដែលចម្រាញ់ចេញពីទឹកសមុទ្រនៅមុនការទំលាយទឹកសំណល់ ដោយសារតែពួកគេមានការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ។ រីឯសហគមន៍នេសាទក្នុងស្រុក ក៏បានជំទាស់ផងដែរ ដោយនិយាយថា វានឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ៕
ប្រែសម្រួល៖ធា សុណា
ប្រភព៖ BBC News Fukushima nuclear disaster: UN watchdog approves plan for water release