ឯកឧត្តម លី ធុជ៖ កម្ពុជា-កាណាដា នឹងបន្តពង្រីកកិច្ចសហការដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជា​ បានចាត់ទុក​ប្រទេសកាណាដា​រួមចំណែកសំខាន់ដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ខណៈប្រទេសទាំងពីរ ក៏នឹងបន្តពង្រីកកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ផងដែរ។

ការលើកឡើងដូច្នេះពីសំណាក់​ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ​​អនុប្រធានទី១ អាជ្ញាធរមីន​ ក្នុងពិ​ធីអបអរសាទរខួបលើកទី ១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា កាលថ្ងៃទី​៤ ខែកក្កដា​។

​ឯកឧត្តម​បាន​ថ្លែង​​ថា រយៈពេលជិត ៧០ឆ្នាំមកនេះ កម្ពុជា និងកាណាដា បានកសាងនូវទំនាក់ទំនងមិត្តភាពយូ​រអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ ក្នុងនោះ លោកថា កាណាដាបានដើរតួនាទី និងរួមចំណែកយ៉ា​ងសំខាន់សម្រាប់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ឯកឧត្តម លី ធុជ រំលឹកដែរថាកាណាដា បានផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន ការរក្សាសន្តិភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាច្រើន ។កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា-កាណាដា នឹងបន្តរីកចម្រើនទាំងក្នុ​ងវិស័យទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរនាពេលអនា​គតថែមទៀត។

​ឆ្លៀត​ឱកាសនោះដែរ ឯកឧត្តម លី ធុជ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​ និងជាប្រធានអាជ្ញាធរមីន ក៏បាន​ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងជាប្រ​វត្តិសាស្ត្រ តាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និងអង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រការងារបោសសម្អាតមីនឱ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

យោងតាមរបាយការណ៍ពីអាជ្ញាធរមីន បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ មានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មានចំនួន ២១នាក់។ តួលេខនេះ បានថយចុះ ៤៨ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ដែលមានជនរងគ្រោះចំនួន ៤០នាក់។

សូមបញ្ជាក់​ថា តាមរយៈខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជានេះដែរ គឺត្រូវបានភាគីកម្ពុជា-កាណាដា បានអះអាងថា គឺពិតជាបានបង្ហាញពីសន្ទុះថ្មីមួយទៀត នៃកា​ររីកចម្រើនពាណិជ្ជកម្មទ្វេភាគី ការងើបឡើងវិញនៃភ្ញៀវទេសចរកាណាដាមកកម្ពុជា ពិសេសបានផ្តល់នូវកម្លាំងជំរុញថ្មីក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងថែមទៀត៕

ដោយ៖ ​បូរ ពេជ្រហ្សាលីន

ads banner