តើអង្គការសហកិច្ចប្រតិបត្តិការសៀងហៃ ជាប្លុកអន្តរជាតិ ដើម្បីឱ្យរុស្ស៊ីគេចចេញពីភាពឯកោ ឬយ៉ាងណា?
មូស្គូ៖ ក្រោយការបះបោរដ៏កក្រើកក្នុងស្រុករុស្ស៊ី ពីសំណាក់ទាហានវ៉ាក់ណែបានបញ្ចប់ទៅដោយភាពស្ងៀមស្ងាត់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារបានចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលរៀបចំឡើងដោយប្រទេសឥណ្ឌា និងតាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំកំពូលនេះ ចូលរួមដោយមេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្តរបស់រុស្ស៊ីធំៗផ្សេងទៀត រួមមានលោក ស៊ី ជិនពីង នៃប្រទេសចិន លោក ណារិនដ្រា ម៉ូឌី នៃប្រទេសឥណ្ឌា និងលោក អេប្រាហ៊ីម រ៉ៃស៊ី នៃប្រទេសអ៊ីរ៉ង់ ដែលទើបក្លាយជាសមាជិកថ្មីទី៩របស់ SCO កាលពីថ្ងៃអង្គារនេះ។
បើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera កិច្ចប្រជុំទាំងមូលផ្តោតទៅលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការជួញដូរគ្រឿងញៀន ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសសង្កេតការណ៍របស់ SCO ។
ក្នុងឱកាសនោះ មេដឹកនាំឥណ្ឌា លោក ម៉ូឌី បានថ្លែងថា៖ «SCO បានលេចចេញជាវេទិកាដ៏សំខាន់សម្រាប់សន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីទាំងមូល»។
ទោះជាយ៉ាងណាក៏ដោយ សារៈសំខាន់នៃកិច្ចប្រជុំកំពូល SCO ដែលរៀបចំឡើងចំពេលមានព្រឹត្តិការណ៍ថ្មីៗក្នុងស្រុករុស្ស៊ី ខណៈសង្រ្គាមនៅអ៊ុយក្រែនបន្តអូសបន្លាយ បង្ហាញពីសារនយោបាយដ៏ស៊ីជម្រៅសម្រាប់ប្លុក ដែលមានសមាជិកភាគច្រើនជាគូប្រជែង និងជាសត្រូវរបស់លោកខាងលិច។
ក្រៅតែពីអ៊ីរ៉ង់ រុស្ស៊ីជាប្រទេសដែលរងការកាត់ផ្ដាច់ចេញពីឆាកអន្តរជាតិពីសំណាក់លោកខាងលិច ក្រោមទណ្ឌកម្មសេដ្ឋកិច្ចផ្សេងៗ ក្រោយលោក ពូទីន បញ្ជាទ័ពឱ្យឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈឆ្នាំមុន។ ក្រោយរូបភាពនយោបាយបែបនេះ ធ្វើឱ្យមានការលើកឡើងថា SCO គឺជាប្លុកដែលរុស្ស៊ីអាចគេចចេញពីសម្ពាធរបស់លោកខាងលិច និងភាពឯកោលើឆាកអន្តរជាតិ។
ក្នុងកិច្ចប្រជុំ SCO ដដែលកាលពីថ្ងៃអង្គារ លោក ពូទីន បានលើកឡើងថា ទណ្ឌកម្មរបស់លោកខាងលិច ធ្វើឱ្យរុស្ស៊ីកាន់តែខ្លាំងជាងមុន។ លោកថ្លែងយ៉ាងដូច្នេះថា ៖ «រុស្ស៊ីប្រឆាំងនឹងទណ្ឌកម្ម សម្ពាធ និងការញុះញង់ពីខាងក្រៅទាំងអស់ ហើយបន្តការអភិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុន»។
គួរបញ្ជាក់ថា ប្លុក SCO មានសារៈសំខាន់ខាងភូមិសាស្រ្តនិងសេដ្ឋកិច្ច ដោយសារប្រទេសជាសមាជិករបស់ប្លុករួមចំណែកប្រហែល ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) របស់ពិភពលោក ហើយមានមនុស្សរស់នៅប្រហែល ៤០ ភាគរយនៃចំនួនប្រជាជនសរុបរបស់ពិភពលោក។
ឥណ្ឌា កាហ្សាក់ស្ថាន ចិន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី ប៉ាគីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងអ៊ីរ៉ង់ គឺជាសមាជិក SCO ពេញសិទ្ធិ ខណៈអាហ្វហ្គានីស្ថាន បេឡារុស និងម៉ុងហ្គោលី គឺជាប្រទេសមានឋានៈជាអ្នកសង្កេតការណ៍ ស្របពេលអាស៊ែបៃហ្សង់ អាមេនី កម្ពុជា នេប៉ាល់ តួកគី និងស្រីលង្កា គឺជាប្រទេសមានឋានៈជាដៃគូសន្ទនា។
SCO មិនមែនជាសម្ព័ន្ធមិត្តប្រឆាំងណាតូនោះទេ ហើយក៏មិនមែនជាប្លុកសេដ្ឋកិច្ចដូចសហភាពអឺរ៉ុប ឬសម្ព័ន្ធមិត្តយោធាដូចប្លុកអង្គការណាតូនោះដែរ ទោះបីជាសមាជិកខ្លះបានធ្វើសមយុទ្ធយោធារួមគ្នាក៏ដោយ។ ក្រុមនេះ គឺជាអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់ ដែលផ្ដល់ឱ្យប្រជាជាតិនៅអឺរ៉ាស៊ី នូវឱកាសដើម្បីធ្វើឱ្យមានតុល្យភាពផលប្រយោជន៍របស់ខ្លួន ចំពេលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរបស់ពិភពលោកកើនឡើង។
សម្រាប់ចិន និងជាពិសេសរុស្ស៊ី SCO ជាវេទិកាមួយដើម្បីលើកកម្ពស់ទំនាក់ទំនងកាន់តែរឹងមាំជាមួយបណ្តាប្រទេសក្រៅសម្ព័ន្ធមិត្ត រីករាយក្នុងការធ្វើអាជីវកម្មជាមួយខ្លួន។
កាលពីថ្ងៃអង្គារ រុស្ស៊ី និងចិន បានជំរុញឱ្យបណ្ដាប្រទេស SCO ធ្វើការរួមគ្នាបន្ថែមទៀត ដោយលោក ពូទីន បានជំរុញឱ្យមានសមាហរណកម្មសេដ្ឋកិច្ចកាន់តែច្រើនក្នុងចំណោមប្រទេស SCO ខណៈស្នើថា ប្លុកចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ជាអ្វីដែលលោក ស៊ី និងលោក រ៉ៃស៊ី បានលើកឡើងដូចគ្នា។
គួរគូសបញ្ជាក់ថា SCO កើតចេញពីកិច្ចព្រមព្រៀង «Shangai Five» ក្នុងឆ្នាំ ១៩៩៦ ដែលសម្រេចឡើងនៅទីក្រុងសៀងហៃ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងចិន និងប្រទេសជិតខាងដែលជាអតីតរដ្ឋសហភាពសូវៀត រួមមានរុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថានជាដើម។ សព្វថ្ងៃនេះ រដ្ឋសមាជិករុស្ស៊ី នៅតែបន្តប្រឈមមុខនឹងបញ្ហាព្រំដែនជាមួយអតីតរដ្ឋសហភាពសូវៀតមួយទៀត គឺអ៊ុយក្រែន ដែលជាជម្លោះដ៏ធំធ្វើឱ្យរុស្ស៊ីស្ថិតនៅក្នុងភាពឯកោលើឆាកអន្តរជាតិ។
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផ្ទុះឡើងមក បណ្ដាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្ម និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការលើក្រុងមូស្កូ។ ដោយឡែកសមាជិក SCO មិនបានធ្វើដូច្នោះទេ ដោយសារតែមានទំនាក់ទំនងជាមួយរុស្ស៊ី។
ចិន និងឥណ្ឌា ដែលប្រកាន់ជំហរអព្យាក្រឹតលើសង្រ្គាមអ៊ុយក្រែន ហើយទាមទារឱ្យមានការសន្ទនាគ្នាផ្នែកការទូត កាន់តែពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរុស្ស៊ីតាមរយៈការបង្កើនការនាំចូលប្រេងថោកៗពីក្រុងមូស្គូ។
យ៉ាងណាមិញ ខណៈចិនចោទប្រកាន់លោកខាចលិចថាជាមូលហេតុនៃការឈ្លានពានរបស់រុស្ស៊ី ហើយពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសនេះ ឥណ្ឌាឯណោះវិញព្យាយាមធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនមានតុល្យភាព ក្រោម «ឯករាជ្យភាពនៃគោលនយោបាយការបរទេស» តាមរយៈការសម្តែងការព្រួយបារម្ភមួយចំនួនលើសកម្មភាពរបស់រុស្ស៊ី ដោយលើកឡើងពីសារៈសំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋនានាជាដើម។
ដោយឡែកសមាជិក SCO ថ្មី គឺ អ៊ីរ៉ង់ ដែលឯកោដោយសារតែទណ្ឌកម្មរបស់លោកខាងលិចជុំវិញកម្មវិធីនុយក្លេអ៊ែរ និងបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន បាននិងកំពុងសកម្មបំផុតក្នុងការគាំទ្រដល់ប្រទេសរុស្ស៊ី ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាច្រើនជាមួយទីក្រុងមូស្គូ។ អ៊ីរ៉ង់ថែមទាំងរងការចោទប្រកាន់ថាបានផ្គត់ផ្គង់សព្វាវុធ ជាពិសេសដ្រូន ទៅរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែនទៀតផង។
យ៉ាងណាមិញ មិនថា SCO ជាប្លុកអាចឱ្យរុស្ស៊ីរត់ចេញពីភាពឯកោក្នុងឆាកអន្តរជាតិ ឬផ្ដល់ប្រយោជន៍ឱ្យប្រទេសនេះផ្នែកសេដ្ឋកិច្ច នយោបាយ ឬការទូតនោះទេ សមាជិកមួយចំនួនក៏មិនសូវជាមានទំនាក់ទំនងជាមួយគ្នាប៉ុន្មានដែរ។ ចិន និងឥណ្ឌា មានបញ្ហាព្រំដែនដ៏តានតឹងនៅតំបន់ Ladakh ខណៈឥណ្ឌា និងប៉ាគីស្ថាន មានទំនាស់អូសបន្លាយលើតំបន់កាស្មៀរ។
ជាមួយគ្នានេះផងដែរ ថ្មីៗនេះ កាហ្សាក់ស្ថាន ដែលជាសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) រួមគ្នាជាមួយរុស្ស៊ីមួយទៀត បានបង្ហាញពីសញ្ញាងាកចេញពីប្រទេសរុស្ស៊ីកាន់តែខ្លាំង។ កាលពីខែមិថុនា កាហ្សាក់ស្ថានបានសម្រេចចិត្តបញ្ឈប់ការធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាដែលមានគោលបំណងដោះស្រាយជម្លោះស៊ីរី ក្នុងជំហានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីចោទប្រកាន់លោកខាងលិច ថាជំរុញឱ្យមានជម្លោះរវាងរុស្ស៊ី និងកាហ្សាក់ស្ថានដោយការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសអធិបតេយ្យ។ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev ក៏បានប្រកាសផងដែរថា លោកនឹងមិនចូលរួមវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំនៅទីក្រុង Saint Petersburg នៃប្រទេសរុស្ស៊ីនោះឡើយ ដោយបញ្ជូនមន្រ្តីថ្នាក់ក្រោមទៅជំនួសវិញ៕
ប្រែសម្រួល៖ហួន ឌីណា