សម្តេចតេជោអំពាវនាវរកកិច្ចសហការពីបណ្តាគណបក្សនយោបាយទប់ស្កាត់ឧបាយកលចង់បំផ្លាញលទ្ធផលការបោះឆ្នោត (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរកកិច្ចសហការជាមួយបណ្តាគណបក្សនយោបាយនានា ដើម្បីការទប់ស្កាត់នូវឧបាយកលមួយ ដែលចង់ឱ្យសន្លឹកឆ្នោតក្លាយជាលទ្ធផលមិនបានការ។

យោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន, គេទើបបានរកឃើញនូវឧបាយកលថ្មីមួយទៀត ដែលមានមនុស្សបន្លំខ្លួនជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកក្លែងបន្លំនោះ បានប្រាប់ពលរដ្ឋត្រូវគូសលើសន្លឹកឆ្នោតឱ្យច្រើនជាងមួយគណបក្ស។

យោងតាមនីតិវិធី ការគូសសន្លឹកឆ្នោតលើសពីមួយគណបក្ស នឹងត្រូវគេចាត់ទុកថាជាសន្លឹកឆ្នោតមិនបានការ។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារសម្លេងកាលពីយប់ថ្ងៃទី៤កក្កដា បានបញ្ជាក់យ៉ាងនេះ។ (សម្លេងសម្ដេច)

ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេស ត្រូវគេឃើញថាបានបង្កើតនូវសេណារីយោទុច្ចរិតជាច្រើនកន្លងមកនេះ ដើម្បីរារាំងដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា។

សេណារីយោទុច្ចរិតចុងក្រោយនេះ គឺជាសេណារីយោមួយថ្មីទៀត តាមរយៈការក្លែងបន្លំខ្លួនធ្វើជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារសម្លេងដដែល បានអំពាវនាវសមត្ថកិច្ចពាក់ព័ន្ធ ត្រូវស្វែងរកមនុស្សដែលជាប់ពាក់ព័ន្ធ ដើម្បីការដាក់ទោសទៅតាមច្បាប់។

ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់ក្នុង១៨ថ្ងៃខាងមុខនេះហើយ គិតត្រឹមថ្ងៃ៥កក្កដានេះ។ សម្តេចតេជោបានអំពាវនាវក្រុមការងារគណបក្សនយោបាយ ត្រូវខិតខំពន្យល់ប្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនត្រូវលង់តាមឧបាយកលទុច្ចរិត ដែលចង់បំផ្លាញលទ្ធផលការបោះឆ្នោតនាពេលខាងមុខនេះឡើយ។

ads banner