គជបបង្កើតក្រុមតាមដានពួកទុច្ចរិតចង់បំផ្លាញលទ្ធផលការបោះឆ្នោត (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្កើតក្រុមដើម្បីតាមដានពួកជនទុច្ចរិត ដែលព្យាយាមចង់បំផ្លាញដំណើរការបោះឆ្នោតសកលតាមបែបលទ្ធិប្រជាធិបតេយ្យ។

ការបង្កើតក្រុមតាមដាននេះ គឺនៅបន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបញ្ជាក់ការទើបរកឃើញមនុស្សក្លែងបន្លំ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបង្រៀនពលរដ្ឋឱ្យគូសសន្លឹកឆ្នោត លើគណបក្សនយោបាយលើសពីមួយ។

មន្ត្រីគជប លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី៥កក្កដានេះថា «គជបបានសម្រេចបង្កើតក្រុមការងារសម្រាប់តាមដានជនទុច្ចរិត បន្លំរបៀបគូសសន្លឹកឆ្នោត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ដើម្បីបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខ ប្រព្រឹត្តទៅដោយត្រឹមត្រូវ និងយុត្តិធម៌»។ មន្ត្រីគជបដដែលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតាមដានការណែនាំ តាមរយៈខិតប័ណ្ណ ដើម្បីការយល់ដឹងពីសញ្ញាសម្រាប់គូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។

លោក ហង្ស ពុទ្ធា បានថ្លែងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបង្កើនសកម្មភាពអប់រំប្រជាពលរដ្ឋបន្ថែមទៀត និងថាគជបប្រឆាំងសកម្មភាពដែលចង់គូសបំផ្លាញសន្លឹកឆ្នោតចោល។

ads banner