កម្ពុជារំពឹងកាណាដាជួយសម្រេចគោលដៅគ្មានគ្រាប់មីនឆ្នាំ២០២៥ (Video Inside)

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាប្រទេសកាណាដាជាមួយប្រទេសជាមិត្តដទៃទៀត នឹងជួយកម្ពុជា ដើម្បីការអាចសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

ក្តីរំពឹងនេះបានធ្វើឡើងដោយទេសរដ្ឋមន្រ្តី លី ធុជ ដែលជាអនុប្រធានអាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពមីន
កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះបានរៀបចំធ្វើនៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមការចូលរួមពីឯកអគ្គរដ្ឋទូតកាណាដា លោកស្រី Sarah Taylor។

ឯកអគ្គរដ្ឋទូតកាណាដា បានថ្លែងផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន, ការរក្សាសន្តិភាព, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាច្រើន។

លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងថា «កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងកាណាដា នឹងបន្តរីកចម្រើនទាំងក្នុងវិស័យទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍រួម សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ»។

ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ប្រទេសកាណាដា ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈកម្មវិធីរួមគ្នារបស់អាជ្ញាធរមីន និងអង្គការ UNDP ព្រមទាំងបានប្តេជ្ញាគាំទ្រការងារបោសសម្អាតមីនឲ្យកម្ពុជា សម្រេចនូវគោលដៅកម្ពុជាគ្មានគ្រាប់មីនឆ្នាំ២០២៥។

ads banner