ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយ របស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត ។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) គណបក្សនយោបាយដែលធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃទីប្រាំនេះ បានធ្វើសកម្មភាពចាក់មេក្រូ ផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស ។ ចំពោះការឃោសនា ក្នុងរូបភាពជួបប្រជុំនេះដែរ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើសកម្មភាពនៅស្ទើរតែគ្រប់មណ្ឌលបោះឆ្នោត ហើយគណបក្សនយោបាយនេះបានធ្វើសកម្មភាពចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ប្រគំតន្ត្រី និងសម្តែងសិល្បៈនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនផងដែរ។

ដោយឡែក គណបក្សនយោបាយ ចំនួន ២ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺគណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប និងមណ្ឌលខេត្តកំពង់ចាម និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង ។ ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើប្រឹង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕ដោយ-រ៉ាវុធ


អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner