ទូតអាមេរិក កោតសរសើរ ពី វឌ្ឍនភាព នៃការបញ្ជាទិញរបស់អ្នកវិនិយោគអាមេរិកមកកាន់កាន់ទីផ្សារ កម្ពុជា កាន់តែមានកំណើនខ្ពស់

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសម្ដែងនូវការពេញចិត្ត ពីវឌ្ឍនភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដែលជំរុញឱ្យការបញ្ជាទិញពីទីផ្សារសហរដ្ឋអាមេរិកកាន់តែមានកំណើន ហើយកំណើននេះគឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំហំពាណិជ្ជកម្ម និងបន្ថែមនូវការនាំចេញផលិតផលកាបូប និងសម្ភារធ្វើដំណើរទៀតផង។

ការលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ផាទ្រីក មូរហ្វី(W.Patrick Murphy)នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។
ឯកឧត្តមទូតអាមេរិកក៏បានបង្ហាញពីការកត់សម្គាល់នូវវឌ្ឍនភាពនៃការស្តារឡើងវិញយ៉ាងឆាប់រហ័សនូវសេដ្ឋកិច្ចកម្ពុជា អាស្រ័យការគ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩ អត្រានៃការវ៉ាក់សាំងខ្ពស់ ដែលធានាឱ្យមានការបើកដំណើរការសង្គម សេដ្ឋកិច្ចឡើងវិញបានពេញលេញយ៉ាងឆាប់រហ័ស។

ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវ: សិទ្ធការងារ និងការផ្តល់នូវកិច្ចគាំពារសង្គម តាមរយ:កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះសុទ្ធតែជាកត្តាទាក់ទាញ់វិនិយោគទុន និងការបញ្ជាទិញទំនិញពីកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក បើទោះជានៅមានកង្វល់ និងបញ្ហាសេសសល់ខ្លះដែលភាគីទាំងពីរកំពុងរួមគ្នាក្នុងការស្វែងរកដំណោះស្រាយក៏ដោយ។

គួរបញ្ជាក់ថា កម្ពុជាបានខិតខំទាញបានផលប្រយោជន៍ពីពាណិជ្ជកម្មកម្ពុជា-អាមេរិក បានចំណាត់ថ្នាក់ជាប្រទេសទី៤ ដែលនាំចេញទៅទីផ្សារអាមេរិក និងជាប្រទេសចំណាត់ថ្នាក់ទី៣ ដែលទទួលអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ពីសហរដ្ឋអាមេរិក។ ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសំដៅពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិកឱ្យកាន់តែមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនវិនិយោគទុនរបស់ខ្លួននៅកម្ពុជាក្នុងវិស័យជាច្រើនទៀត។

ទន្ទឹមនឹងនេះភាគីទាំងពីរ បានពិភាក្សាលើអនុសាសន៍មួយចំនួន ដូចជាករណីពលកម្មកុមារ អំពើជួញដូរមនុស្ស ការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ការធានានិរន្តរភាព នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការបន្តធ្វើឱ្យប្រសើរឡើងនូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងបន្តអនុលោមភាពស្របតាមបទដ្ឋានការងារអន្តរជាតិដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។

ភាគីអាមេរិកនឹងផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនទៀត ពិសេសលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner