មនុស្ស ២៧នាក់ស្លាប់ ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅម៉ិកស៊ិក

ម៉ិកស៊ីកូ៖ មន្រ្តីប៉ូលិសបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់នៅក្នុងប្រទេសម៉ិកស៊ិក នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចូលជ្រោះ នៅថ្ងៃពុធនេះ នៅភាគខាងត្បូងនៃរដ្ឋអ័រហាកា (Oaxaca)។

ព្រះរាជអាជ្ញារដ្ឋអ័រហាកា លោក បឺណាដូ រ៉ូឌ្រីហ្គេស អាឡាមីឡា បានប្រាប់សារព័ត៌មាន AFP តាមទូរស័ព្ទថា យោងតាមចំនួនអ្នកស្លាប់បឋម មានរហូតដល់ ២៧នាក់ និង ១៧នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងគ្នាក្នុងតំបន់ ដើម្បីទទួលការព្យាបាល។ លោកបន្តថា ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះដែរ ការស៊ើបអង្កេតស្វែងរកមូលហេតុបានចាប់ផ្តើមធ្វើឡើង ដោយការសន្និដ្ឋានដំបូងបានបង្ហាញថា ទំនងជាបណ្តាលមកពីបញ្ហាគ្រឿងម៉ាស៊ីន។

អភិបាលរដ្ឋអ័រហាកា លោក សាល់ឡូម៉ុន ចារ៉ា បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពថា យើងសោកស្តាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុដែលបានកើតឡើងនេះ។ លោកថា បុគ្គលិករដ្ឋាភិបាលកំពុងធ្វើការរួចហើយ ទៅលើប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយទាំងអស់ដល់អ្នករងរបួស។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ បានក្លាយទៅជារឿងសាមញ្ញនៅក្នុងប្រទេសម៉ិកស៊ិក ដែលជាធម្មតាបណ្តាលមកពីការបើកបរក្នុងល្បឿនលឿន, ស្ថានភាពរថយន្តមិនល្អ ឬការធ្វេសប្រហែសរបស់អ្នកបើកបរជាដើម។ មនុស្សជាច្រើនពឹងផ្អែកលើការធ្វើដំណើរតាមរថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូនតូចៗ ដែលផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរទៅកាន់សហគមន៍ដាច់ស្រយាល ជាមួយនឹងរថយន្តចាស់ៗ។ ដោយឡែកគ្រោះថ្នាក់ដែលពាក់ព័ន្ធនឹងរថយន្តដឹកទំនិញក៏បានកើនឡើងផងដែរនៅលើផ្លូវជាតិក្នុងប្រទេសម៉ិកស៊ិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner