មនុស្សរាប់រយនាក់ភៀសខ្លួនចេញពីផ្ទះសម្បែង ក្រោយទឹកជំនន់វាយប្រហាររដ្ឋធានីរបស់ម៉ុងហ្គោលី

អ៊ូឡង់បាទ័រ៖ ទឹកជំនន់ធ្ងន់ធ្ងរបានធ្វើឱ្យមនុស្សរាប់រយនាក់នៅក្នុងរដ្ឋធានីនៃប្រទេសម៉ុងហ្គោលី បង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់តំបន់មានសុវត្ថិភាព ខណៈដែលអាជ្ញាធរបានដាក់ទីក្រុងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃពុធសប្តាហ៍នេះ។

តំបន់អាស៊ីបានទទួលរងនូវការវាយប្រហារពីការប្រែប្រួលអាកាសធាតុ ដែលអ្នកវិទ្យាសាស្ត្របាននិយាយថា កាន់តែអាក្រក់ទៅៗ ដោយមនុស្សរាប់សិបនាក់បានស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសចិនចាប់តាំងពីថ្ងៃចន្ទមក។ ដោយឡែកនៅអ៊ូឡង់បាទ័រ ជារដ្ឋធានីរបស់ប្រទេសម៉ុងហ្គោលី នៅក្នុងសប្តាហ៍នេះ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេជន់ជោលិចផ្ទះសម្បែងរបស់ប្រជាជន ហើយរថយន្តជាច្រើនគ្រឿងជាប់គាំង។

រីឯការផ្គត់ផ្គង់អគ្គិសនីក៏ត្រូវបានកាត់ផ្តាច់នៅក្នុងអគារមួយចំនួនផងដែរ ដើម្បីជាការប្រុងប្រយ័ត្ន ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋម៉ុនសែម បានរាយការណ៍ថា ផ្លូវមួយចំនួននៅក្នុងរដ្ឋធានីបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសម៉ុងហ្គោលី បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់រយៈពេលពីរថ្ងៃបន្ថែមទៀត។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលបានប្រកាសឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងទីក្រុងអ៊ូឡង់បាទ័រ ដោយនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក លូវសានណាមស្រៃ អូយន់ អឺឌេន បានបញ្ជាឱ្យចាត់វិធានការចាំបាច់នានា ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់។ ម៉ុងហ្គោលី ជាប្រពៃណីមានអាកាសធាតុត្រជាក់ និងស្ងួត ហើយទឹកភ្លៀងប្រចាំឆ្នាំមានកម្ពស់ចាប់ពី ៥០ ទៅ ៤០០ មីលីម៉ែត្រប៉ុណ្ណោះ ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរបស់រាជធានីប្រទេសនេះ រួមទាំងប្រព័ន្ធលូ មិនត្រូវបានបំពាក់ដើម្បីទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងនោះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner