ពិភព​លោកបំបែក​កំណត់​ត្រាថ្មី​ លើ​​​​​សីតុណ្ហភាព​ប្រចាំ​​ថ្ងៃ​​ដ៏​ក្ដៅ​បំផុត​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កក្កដា​

អាមេរិក៖ ទិន្នន័យ​ពី​មជ្ឈ​មណ្ឌល​ជាតិ​សម្រាប់​ការ​​ព្យាករណ៍​ផ្នែក​​បរិស្ថាន​របស់​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ថា​ ​​​ថ្ងៃ​ទី ​៣​ ខែ​កក្កដា​កន្លង​ទៅ​ គឺ​ជា​ថ្ងៃ​​ដ៏​ក្តៅ​បំផុត​ក្នុង​​កំណត់​ត្រា​របស់​ពិភព​លោក​។ នេះ​បើ​តាម​ការ​រាយការណ៍​រប​ស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​នៅ​ថ្ងៃទី​៥ ខែកក្កដា ​នេះ​។ ​​

ទិន្នន័យ​បង្ហាញ​ថា​ សីតុណ្ហភាព​សកល​ជា​មធ្យម​បាន​ឡើង​ដល់​ ១៧,០១ ​អង្សាសេ ​ដែល​លើស​ពី​កំណត់​ត្រា ក្នុង​​​​​ខែ​សីហា ​ឆ្នាំ ២០១៦ ​ដែល​មាន​ត្រឹម​ ១៦,៩២ ​អង្សាសេ ​ខណៈ​ដែល​ពេល​​បច្ចុប្បន្ន​នេះ​ ​​រលក​កំដៅ​​កំពុង​វាយ​ប្រហារ​ជុំ​វិញ​ពិភព​លោក​។ ​

​​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ សីតុណ្ហភាព​នៅ​តំបន់​ភាគ​​ខា​​​​ង​ត្បូង​សហរដ្ឋ​អាមេរិក​ ​បាន​ហក់​ឡើង​ខ្លាំង​ ខណៈ​​នៅ​​ប្រទេស​​ចិនឯណោះ​វិញ​​ រលក​​កម្ដៅ​​​ដ៏​​រ៉ាំរ៉ៃ​​បាន​​បន្ត​វាយ​ប្រហារ​តាម​តំបន់​មួយ​ចំនួន​ ក្នុង​​​សីតុណ្ហភាព​​លើស​​ពី​ ៣៥ ​អង្សារសេ​។​ ជាមួយ​គ្នា​នេះ​​ សីតុណ្ហភាព​នៅ​អាហ្រ្វិក​ខាង​ជើង​ បាន​ហក់​ឡើង​ដល់​​​ជិ​ត​ ៥០​ អង្សាសេ​។​

​​សូម្បី​តែ​នៅ​ទ្វីប​ទឹក​កក​​អង់តាក់ទិក​ ដែល​​កំពុង​ស្ថិត​ក្នុង​​រដូវ​រងា​​របស់​ទ្វីប​​​ស្រាប់​ ​សីតុណ្ហភាព​ក៏​នៅ​តែ​ខ្ពស់​ខុស​ពី​ធម្មតា​។ ​​មូលដ្ឋាន​ស្រាវ​ជ្រាវ​ Vernadsky ​របស់​​អ៊ុយក្រែន​ ដែល​ស្ថិត​នៅ​លើ​កោះ​Argentine Islands ក្នុង​​​ទ្វីប​អង់តាក់ទិក​ ​​ថ្មី​ៗ​នេះ​បាន​កត់​ត្រា​​សីតុណ្ហភាព​ខ្ពស់​ថ្មី​ប្រចាំ​ខែ​កក្កដា​ ​រហូត​ដល់​ ៨,៧ អង្សាសេ។

​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​អាកាសធាតុ​ លោក​ Friederike Otto ​ដែល​បម្រើ​ការ​នៅ​វិទ្យាស្ថាន​ Grantham​ សម្រាប់​ការ​ប្រែ​ប្រួល​អាកាសធាតុ​ និង​បរិស្ថាន​ក្នុង​​មហាវិទ្យាល័យ​ Imperial College London ​​បាន​​ថ្លែង​ប្រាប់​រ៉យទ័រ​ថា​ កំណត់​ត្រា​សីតុណ្ហភាព​ខ្ពស់​ថ្មី​ «​​មិន​មែន​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ដែល​យើងគួរ​តែ​​អបអរ​សារ​ទ​នោះ​ទេ​»​។ លោក​បន្ត​ថា​៖ «​​វា​ជា​ការ​កាត់​ទោស​ប្រហារ​ជីវិត​សម្រាប់​មនុស្ស ​និង​ប្រព័ន្ធ​អេកូឡូស៊ី»​។

គួរ​គូស​បញ្ជាក់​ថា​ ​អ្នក​​វិទ្យាសាស្ត្រ​​បាន​​និយាយ​​​ថា​ ការ​ប្រែ​ប្រួល​​អាកាសធាតុ​​ បូក​​រួម​​នឹង​​លំនាំ​​បាតុភូត​អ៊ែលនីណូ​ (El Nino) ​គឺ​ជា​កត្តា​ជំរុញ​ ធ្វើ​ឱ្យ​កម្ដៅ​របស់​ផែនដី​ឈាន​ដល់​ចំណុច​​ត្រា​កាល​ពី​ថ្ងៃ​ចន្ទ​៕

 ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ World registers hottest day on record on Jul 3 

ads banner