ប្រតិភូរាជរដ្ឋាភិបាល៖ ការអនុវត្តសាកល្បងផ្នែកថែទាំងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ទទួលបានការសាទរពីពលរដ្ឋ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ឯកឧត្តម អ៊ុក សមវិទ្យា បានលើកឡើងថា ​ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិ​យោ​ជន៍ដែលបានចុះបញ្ជីជាមួយ ប.ស.ស កំពុងទទួលបានការសាទរពីប្រជាពលរដ្ឋ។

ការវាយតម្លៃជាបឋមនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោ​យស្ម័គ្រចិត្តដល់អ្នកក្នុងបន្ទុករបស់សមាជិកបេឡាជាតិសន្តិសុខសង្គម»កាលពីថ្ងៃទី៤ខែ កក្ក​ដា​។  

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ ។

​យោងតាមបេឡាជាតិសន្តិសុខសង្គម ឯកឧត្តម អ៊ុក សមវិទ្យា​ បាន​លើកឡើងថា ៖ «របបភាគទានដោយស្ម័គ្រចិត្ត ត្រូវបានចែងក្នុងច្បាប់ស្ដីពីរបបសន្តិសុខសង្គម  ហើយតាមការអនុវត្តន៍សាកល្បងកន្លងមកលើបុគ្គលស្វ័យនិយោជន៍ ឃើញថាបងប្អូនប្រជាពលរដ្ឋមានការសាទរ និងគាំទ្រយ៉ាងច្រើន»។

ជាមួយគ្នានេះ តាមរយៈកិច្ចប្រជុំជាមួយតំណាងស្ថាប័នពាក់ព័ន្ធទាំងនេះ​​ឯកឧត្តមបានស្នើឱ្យគ្រប់ភាគពីពាក់ព័ន្ធពន្លឿននៃការចេញអនុក្រឹត្យនេះចេញឱ្យបានលឿន និងឆាប់រហ័ស។

ជុំវិញរឿងនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា យល់ថា ការដាក់ឱ្យអនុវត្តសាកល្បងនេះគឺជារឿងល្អសម្រាប់អ្នកដែលប្រកបមុខរបរដែលរកចំណូលខ្លួនឯង ខណៈដែលកម្មវិធីនេះនឹងត្រូវអនុវត្តសា​កល្បងរយៈពេល​ជាងមួយឆ្នាំ ដើម្បីធ្វើការវាយតម្លៃចំពោះការចំណាយថវិការដ្ឋតិច ឬ​ក៏ច្រើន។

លោក អាត់ ធន់ បានថ្លែងថា ៖ «ក្នុងនាមខ្ញុំជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូប ខ្ញុំនឹងតាមដាន និងធ្វើយ៉ាងណាឱ្យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ មានសិទ្ធិប្រើប្រាស់សេវា ប.ស.ស ឫរបបសន្តិសុខសង្គម ទាំងអស់គ្នា»។​

សូម​ជម្រាបថា រាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី២០ ខែមិថុនា​កន្លងទៅថ្មីៗនេះ បានដាក់ឱ្យអនុវត្តគម្រោងសាកល្បងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីទទួលបា​នអត្ថប្រយោជន៍ដូចកម្មករនិយោជិតទូទៅដែលធ្វើការ នៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសផងដែរ។
បុគ្គលស្វ័យនិយោជន៍ (សំដៅដល់ជនដែលប្រកបការងារ ឬ មុខរបររកចំណូលផ្ទាល់ខ្លួន និងមិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបរ របស់ខ្លួន) ដែលមានអាយុមិនលើសពី៦០ឆ្នាំ គឺពួកគាត់មានសិទ្ធិក្នុងការស្នើសុំចុះបញ្ជី ក្នុងគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនៅ ប.ស.សបាន។

ក្នុងនោះបុគ្គលស្វ័យនិយោជន៍ ក៏ត្រូវតម្រូវឱ្យភាគទានគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ត្រូវកំណត់ស្មើនឹង ២,៦ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន។

នៅពេលដែលបុគ្គលស្វ័យនិយោជន៍ បានក្លាយជាសមាជិក ប.ស.ស ពួកគាត់នឹងទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ហើយនិងប្រាក់បំណាច់មាតុភាព ដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស។

សម្រាប់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ សមាជិកអាចប្រើប្រាស់សេវានេះបាន លុះត្រាបុគ្គលស្វ័យនិយោជន៍បានបង់ភាគទានឱ្យ ប.ស.ស បានពីរខែជាប់គ្នា។ ចំណែកការទទួលបានប្រាក់បំណាច់មាតុភាព សមាជិកដែលជាស្ដ្រីមានសិទ្ធិទទួលបានប្រាក់នេះ លុះត្រាតែបានបង់ភាគទានឱ្យ ប.ស.ស ចាប់ពី ៩ខែឡើង៕

ដោយ៖សុខ រក្សា

ads banner