ក្រុមហ៊ុនមួយរបស់ជប៉ុន មានបំណងវិនិយោគក្នុងខេត្តរតនគិរី លើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត

រតនគីរី​៖​ តំណាងក្រុមហ៊ុន Mine bee ​​Mitsumi របស់ជប៉ុន បានជួបពិភាក្សាជាមួយអភិបាលខេត្តរតនគិរី ពីស្ថានភាពនៃ​ការប្រើប្រាស់អំពូល Smart City ដែលនឹងមានបំណងចង់វិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈ​វៃឆ្លាត ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍខេត្តភាគឦសានមួយនេះ។

ក្នុង​ជំនួបពិភាក្សាការងារគ្នានេះ​បាន​ធ្វើឡើងកាលពីថ្ងៃទី៤ខែកក្កដារវាង​ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាមួយនឹង​តំណាងក្រុមហ៊ុន Mine​ bee Mitsumi ដែលដឹកនាំដោយលោក អា អូគី។

​យោងតាមមន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា ​ក្នុងកិច្ចពិភាក្សានេះ លោក អា អូគី បាន​លើកឡើង​ពីវិសាលភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុនទាក់ទងនឹងការវិនិយោគលើគម្រោង​ភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាត(Smart LED) និងមានបំណងចង់វិនិយោគលើវិស័យនេះនៅក្នុងខេត្តរតនគិរី ខណៈដែលលោកក៏បានសម្តែងនូវសុឆន្ទៈក្នុងការសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តរតនគិរី ដើម្បីចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍខេត្តភាគឦសានមួយនេះ។

ជាការឆ្លើយតបឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា អាជ្ញាធរខេត្តពិតជាស្វាគមន៍ចំពោះក្រុមហ៊ុនជប៉ុន ដែលមានបំណងចង់វិនិយោគលើគម្រោងភ្លើងបំភ្លឺផ្លូវសាធារណៈវៃឆ្លាតក្នុងខេត្តនេះ ពីព្រោះខេត្តរ​តនគិរីជាខេត្តដែលមានសក្តានុពលទាំងធនធានធម្មជាតិ និងទាំងវប្បធម៌ ប្រពៃណីរបស់ជនជាតិដើមភាគតិច។

ឯកឧត្តមថ្លែងថា ៖ «រដ្ឋបាលខេត្តសូម​គាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីស្វាគមន៍ និងជួ​យសម្រួលដល់ក្រុមហ៊ុនរបស់ជប៉ុនដែលមានបំណងមកវិនិយោគនៅក្នុងខេត្តរតនគិរីយើងផងដែរ»។

​ជុំវិញរឿងនេះ​ លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា ​លោកជឿជាក់ថា ក្រុមហ៊ុននេះ​មានទស្សនវិស័យឆ្ងាយណាស់ ពីព្រោះកន្លងមកការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនដែលធ្វើជាលើកដំបូងគេក្នុងវិស័យទេសចរណ៍មានការរីកចម្រើនខ្លាំង គឺពួកគាត់បានវិនិយោគនៅក្នុងខេត្តសៀមរាបផងដែរ។

លោកបន្តថា ដូច្នេះហើយ ប្រសិនជាពួកគាត់ផ្ដោតសំខាន់ទៅខាងខេត្តភាគឥសាន្តនៃប្រទេសកម្ពុជា ទៅលើវិស័យណាមួយក៏ដោយ លោកថាប្រាកដជាតំបន់ទាំងនោះនៃភាគឦសានប្រទេស អាចនឹងធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងខ្លាំង។

លោក ហូ វណ្ណឌី បញ្ជាក់ថា ៖ «​ការវិនិយោគរបស់ជប៉ុនមកលើខេត្តរតនគិរី ដែលជាខេត្តភាគឦសានប្រទេស យើងជឿកជាក់ថា គាត់នឹងផ្ដល់នូវមេរៀនល្អៗ ជាពិសេសការរក្សានូវប្រពៃណី វប្បធម៌ជនជាតិដើម ហើយក្រៅពីនេះ គាត់ក៏អាចនឹងមានការវិនិយោគទៅលើតំបន់ទាក់ទាញ ដែលជាកន្លែងទេសចរណ៍ធម្មជាតិផងដែរ»។

លោកបាន​បន្ថែមថា ​ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនភាគច្រើន ​ក៏​ផ្តោតទៅលើរឿងគុណធម៌ មិនមែនគិតតែ​រឿងផលចំណេញពីកម្ពុជានោះទេ ហេតុនេះហើយប្រជាពលរដ្ឋមូលដ្ឋានដែលស្ថិតក្នុងគម្រោងវិនិយោគរបស់ពួកគាត់ គឺតែងតែទទួលនូវអ្វីដែលជាខ្នាតគំរូដ៏ល្អមួយរបស់ប្រទេសជប៉ុន៕

ដោយ៖ជា សុខនី

ads banner