ចិនជំទាស់នឹងរបាយការណ៍របស់ IAEA ដែលធានាសុវត្ថិភាពនៃការបញ្ចេញទឹកចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima របស់ជប៉ុន ចូលសមុទ្រ

ប៉េកាំង៖ ក្រសួងការបរទេសចិនបាននិយាយថា របាយការណ៍របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលបានផ្តល់ការធានាសុវតិ្ថភាពជាថ្មីម្តងទៀត លើផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលឆ្លងកាត់ការចម្រោះសារធាតុវិទ្យុសកម្មរួចរាល់ ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺមិនអាចយកជាការបាននោះទេ ខណៈដែលចិនជំរុញឱ្យជប៉ុនគោរពផ្នែកវិទ្យាសាស្ត្រ និងការពិត។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា ទាក់ទងនឹងរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីម្សិលមិញ ទាំងក្រសួងការបរទេសចិន ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងរដ្ឋបាលសុវត្ថិភាពនុយក្លេអ៊ែរជាតិ សុទ្ធតែបានដឹងពីជំហរដ៏ម៉ឺងម៉ាត់របស់ប្រទេសចិន។ ជំហររបស់ប្រទេសចិន គឺផ្អែកលើវិទ្យាសាស្ត្រ និងផ្អែកលើការពិត ហើយសូមបញ្ជាក់សារជាថ្មីម្តងទៀតថា របាយការណ៍នេះមិនអាចប្រើជាច្រកសម្រាប់ភាគីជប៉ុន បញ្ចេញទឹកដែលឆ្លងកាត់ការចម្រោះសារធាតុវិទ្យុសកម្មរួចរាល់ ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបានទេ។

លោក វ៉ាង បានសង្កត់ធ្ងន់ថា ចិនជំរុញឱ្យជប៉ុនគោរពផ្នែកវិទ្យាសាស្រ្ត និងការពិត ហើយកុំព្យាយាមប្រើរបាយការណ៍របស់ IAEA ជាខែល ហើយជំនួសមកវិញ ខ្លួនគួរតែបំពេញដោយភាពស្មោះត្រង់នូវទំនួលខុសត្រូវខាងសីលធម៌អន្តរជាតិ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ, បញ្ឈប់ការជំរុញផែនការបញ្ចេញទឹកបំពុលនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ និងបោះចោលការបំពុលនុយក្លេអ៊ែរក្នុងលក្ខណៈទទួលខុសត្រូវ។

ការជំទាស់របស់ចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្តល់ការធានាសុវត្ថិភាពជាថ្មីម្តងទៀត លើផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលឆ្លងកាត់ការចម្រោះសារធាតុវិទ្យុសកម្មរួចរាល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បើទោះជាមានការបង្ហាញក្ដីព្រួយបារម្ភយ៉ាងពីសំណាក់ចិន និងប្រទេសជិតខាងមួយចំនួនក៏ដោយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner