ក្រសួងសុខាភិបាល ប្រកាសឱ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ការផ្សាយផលិតផលជំនួយផ្លូវភេទបុរស និងនារី នៅតាមប្រព័ន្ធអនឡាញ

អត្ថបទដោយ៖
CPA

ភ្នំពេញ: ក្រសួងសុខាភិបាល បានប្រកាសស្នើឱ្យក្រសួងពាក់ព័ន្ធជួយទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ខណៈដែលផលិតផលទាំងនោះ មិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
យោងសេចក្ដីប្រកាសរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះថ្ងៃទី៥ ខែកក្កដានេះ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងសង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញជាអាទិ៍ នៅលើបណ្តាញសង្គម Facebook, TikTok, Telegram, Instagram, YouTube, Website…យ៉ាងអនាធិបតេយ្យ ខណៈក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។
ប្រភពដដែលបានឱ្យដឹងទៀតថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ដោយឡែកគ្រប់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្ដីប្រកាសថា៖ «ដូច្នេះ ក្រសួងសុខាភិបាល សូមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ មេត្តាជួយសហការទប់ស្កាត់បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលខាងលើ ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ»។
ជុំវិញរឿងនេះ លោក នុត សម្បត្តិ ប្រធាន វិទ្យា ស្ថាន វេជ្ជសាស្ត្រ ជីវ សាស្ត្រ និង កសិកម្ម នៃ រាជបណ្ឌិត សភា កម្ពុជា មានប្រសាសន៍ថា តាមការផ្សព្វផ្សាយផលិតផលទាំងអស់នោះកន្លងមក ឃើញថា វាជាថ្នាំ ឫឱសថ មិនមែនជាអាហារបំប៉ននោះទេ។ ប៉ុន្តែបើសិនវាជាថ្នាំ ផលិតផលទាំងអស់នោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ហើយមនុស្សគ្រប់គ្នា គឺអាចប្រើប្រាស់បាន។ លោកបន្តថា ចំណែក ផលិតផលបង្កើនផ្លូវភេទបុរស និងផលិតផលបង្កើនផ្លូវភេទនារីទាំងនេះ ក៏ត្រូវតែជាផលិផលដែលស្ថិតនៅក្រោមច្បាប់។ ដូច្នេះប្រសិនជាមានការលក់នៅលើអនឡាញ វាមិនមែនស្ថិតនៅក្រោមច្បាប់នោះទេ ពីព្រោះផលិតផលទាំងនោះមិនទាន់មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួង ពីការអនុញ្ញាតនាំចូល ការកំណត់ ការបរិច្ឆេទ និងការប្រើប្រាស់ជាដើម។
លោកបញ្ជាក់ថា៖ « បើកាលណាយើងមិនទប់ស្កាត់នោះទេ វានឹងបណ្ដាលឱ្យប្រើប្រាស់ទូលំទូលាយ វាអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយើង ពីព្រោះឱសថ វាមិនមែនជាថ្នាំជួយយើងតែមួយមុខទេ គឺវាមានជាអាវុធមុខពីរ បើកាលណាយើងលេបត្រូវវាល្អ ប៉ុន្តែបើកាលណាយើងលេបខុស វាបង្កផលវិបាកធ្ងន់ធ្ងរដល់រាងកាយរបស់យើង»។
លើសពីនេះទៀត លោកថា ផលិតផលបង្កើនផ្លូវភេទសម្រាប់បុរស និងសម្រាប់នារីដែលបានផ្សព្វផ្សាយតាមអនឡាញកន្លងមក ក៏នៅមិនទាន់ដឹងថាមានការសិក្សាណាអាចបញ្ជាក់នៅពេលប្រើទៅមានការផ្លាស់ប្ដូរ ឫប្រែប្រួលយ៉ាងណាខ្លះនៅឡើយទេ។ លោកបន្ថែមថា ដូច្នេះក្រសួងហាមឃាត់នេះ វាជារឿងល្អហើយ ពីព្រោះថ្នាំជំនួយផ្លូវភេទខ្លះសម្រាប់បុរស វាអាចប្រើប្រាស់ទៅមានគ្រោះថ្នាក់ដល់ស្លាប់ ប្រសិនជាពួកគាត់មានជំងឺលើសឈាម និងមានជំងឺបេះដូង។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធាន មជ្ឈមណ្ឌល ប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍន៍ និងសន្តិភា សង្កេតឃើញថា មិនមែនតែផលិតផលជំនួយផ្លូវភេទសម្រាប់បុរស និងនារីនោះទេ ដែលត្រូវបានផ្សព្វផ្សាយតាមអនឡាញ គឺលោកមើលឃើញថាមានផលិតផលផ្សេងៗជាច្រើនទៀត ក៏ត្រូវបានផ្សព្វផ្សាយតាមរយៈអនឡាញផងដែរ។ លោកថា៖« ក្រសួងសុខាភិបាលត្រូវតែមានចំណាត់ការ លើជនខិលខូច ជាពិសេសគឺកិច្ចអន្តរាគមន៍ក្នុងការហាមឃាត់លក់ផលិតផលទាំងនោះជាបន្ទាន់។យើងមិនទាន់ដឹងផលិត ផលទាំងអស់នោះ វាប៉ះពាល់ដល់សុខភាពយ៉ាងណានោះទេ ប៉ុន្តែរឿងសំខាន់បំផុតបើប្រសិនរកឃើញធ្វើឱ្យប៉ះពាល់ទៅដល់សុខភាព ខ្ញុំថាក្រសួងសុខាភិបាលត្រូវតែមានការទប់ស្កាត់កុំឱ្យមានការលក់ដូរ»៕

ដោយ:ជា សុខនី

ads banner