គ.ជ.ប បង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងការសាក ល្បងគុណភាពទឹកខ្មៅលុបមិនជ្រះដល់ភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៦ ខែកក្កដានេះ

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធដើម្បីបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងការសាក ល្បងគុណភាពទឹកខ្មៅលុបមិនជ្រះដោយភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ក្រោមវត្តមាន ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនដល់ភាគីពាក់ព័ន្ធអំពីគោលការណ៍នៃការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះថា ផ្អែកតាម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ត្រូវបានដាក់ បញ្ញត្តិឲ្យប្រើក្នុងការបោះឆ្នោតសម្រាប់បង្ការការបោះឆ្នោតលើសពីមួយដង។ ពីព្រោះថា គោលការណ៍នៃការបោះឆ្នោតនៅកម្ពុជា គឺដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ហើយប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គឺបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះ ។ ដូច្នេះមិនខុសពីការបោះឆ្នោតនីតិកាលមុនៗទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប នៅតែរក្សាទឹកខ្មៅលុបមិនជ្រះដែលបញ្ជាទិញពីក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេសផលិតទឹកខ្មៅ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោតដែលអាចធានាបានគុណភាព និងសុវត្ថិ ភាព ពេលដែលបោះឆ្នោត។ ហើយក៏មានប្រទេស ៣០ នៅលើសកលលោកបានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុននេះ ដែលមានដូចជា ឥណ្ឌា (ខ្លួនឯង) កម្ពុជា ម៉ាឡេស៊ី នេប៉ាល់ អាហ្វ្រិកខាងត្បូង ប៉ាគីស្ថាន និងអាហ្កានីស្ថាន ជាដើម…។

ប្រធាន គ.ជ.ប បានបន្តថា៖ មុននឹងធ្វើការបញ្ជាផលិតជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ គ.ជ.ប បានស្នើសុំគំរូទឹកខ្មៅលុបមិនជ្រះដើម្បីសាកល្បងជាមុនពីក្រុមហ៊ុនមានចំនួន ៤កម្រិត ។ ក្រោយបានធ្វើការសាកល្បង ឃើញថា ទឹកខ្មៅលុបមិនជ្រះកម្រិតសូលីស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នៅស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿន ក្នុងបរិយាកាសមិនអាចលុបជ្រះភា្លមៗបានឡើយ។ ហើយគុណភាពនេះ ប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបាននូវគុណភាពប្រើប្រាស់ និងអាចធានាបានសុខភាពអ្នកដែលបានប្រើប្រាស់។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា បន្ទាប់ពីសាកល្បងគុណភាពរួចនៅខែកុម្ភៈ ឆ្នាំ ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ទឹកខ្មៅលុបមិនជ្រះកម្រិតសូលីស្យុងប្រាក់នីត្រាត ២០% ចំនួន ៥២០០០ដប ក្នុងមួយដបចំណុះ ៧០មីលីលីត្រ ដោយដបនិមួយៗរចនាខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឲ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការជ្រលក់ម្រាមដៃ ។ ហើយនៅក្នុងខែមេសា ឆ្នាំ២០២៣ គ.ជ.ប ក៏បានចាត់តាំងមន្ត្រីជំនាញទៅចូលរួមខ្សែចង្វាក់ផលិតទឹកខ្មៅនេះ នៅទីតាំងក្រុមហ៊ុននាប្រទេសឥណ្ឌាផ្ទាល់តែម្តង។ ទឹកខ្មៅលុបមិនជ្រះនេះ មាន សុពលភាព ៦ខែ គិតបន្ទាប់ពីការផលិត ការបរិច្ឆេទប្រើចុងក្រោយខែវិច្ឆិកា ឆ្នាំ២០២៣ ។

ទឹកខ្មៅលុបមិនជ្រះដែលប្រើប្រាស់ក្នុងការបោះឆ្នោតនេះ ត្រូវបញ្ជាផលិតដោយចំណាយថវិកាសរុបជាង ៩៦ម៉ឺនដុល្លារ ក្នុងនោះមួយដបតម្លៃ ១៧,៦៣ ដុល្លារ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner