មេបញ្ជាការរងយោធភូមិភាគទី៤ ផ្តាំផ្ញើដល់យោធាចារ្យ និងសិក្ខាកាម ដែលចូលរួមហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រ ត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀន-រៀនសូត្រ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

អត្ថបទដោយ៖
ប៊ុន រដ្ឋា

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានថ្លែងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ទទួលបានជោគជ័យ។ ឧត្តមសេនីយ៍ទោ សុក រីនណា ថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នាទីបញ្ជាការកងវរសេនាតូចលេខ១ ក្នុងវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំឆ្នាំ២០២៣ ។

នាយសេនាធិការយោធភូមិភាគទី៤ ក៏បានផ្តាំផ្ញើដល់យោធាចារ្យ និងសិក្ខាកាម ដែលបានចូលរួមហ្វឹកហ្វឺនរៀនសូត្រនៅពេលនេះ ត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀន រៀនសូត្រតាមកម្មវិធី និងខ្លឹមសារមេរៀនដែលបានគ្រោងទុក និងត្រូវគោរពវិន័យសាលា ព្រមទាំងមានការសាមគ្គីភាពល្អរវាងគ្នានឹងគ្នា រវាងសិក្ខាកាម និងយោធាចារ្យ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងអំពីស្ថានភាពរួមនៃការបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ២០២៣ ដែលថ្នាក់លើបានកំណត់ ហើយការហ្វឹកហ្វឺនរៀនសូត្រ នេះមានរយៈពេល ៩១ថ្ងៃ ដោយមានសិក្ខាកាមចូលរួមហ្វឹកហាត់ចំនួន ១០០នាក់ និងគ្រូយោធាចារ្យ ព្រមទាំងអ្នកបម្រើការចំនួន១៥នាក់ និងវគ្គហ្វឹកបហ្វឺនបំប៉នម្ចាស់ការមានសិក្ខាកាមត្រូវចូលរួមហ្វឹកហាត់ចំនួន ៥០នាក់ គ្រូយោធាចារ្យចំនួន៥នាក់ ។

លោកអនុសេនីយ៍ឯក ប៉ាង សុភា តំណាងឲ្យសិក្ខាកាមទាំងអស់ បានប្តេជ្ញាចិត្តគោរពអនុវត្តន៍តាមបទបញ្ជា និងការណែនាំរបស់មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៤ ដែលបានប្រគល់ និងប្តេជ្ញាចិត្តគោរពអនុវត្តន៍តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ព្រមទាំងខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងតាមមេរៀន ដែលគ្រូយោធាចារ្យបានបង្ហាត់បង្រៀន ដើម្បីបម្រើជាតិ ប្រជាជន និងអង្គភាព ឲ្យទទួលបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គ និងត្រៀមខ្លួនជានិច្ចដើម្បីអនុវត្តន៍តាមបទបញ្ជា ជាកងកម្លាំងអន្តរាគមន៍ ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីដោះស្រាយសភាពការណ៍ផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner