ចិនធ្វើជាម្ចាស់ផ្ទះទទួលនាវាចម្បាំងរុស្ស៊ី ដែលបើកឆ្លងកាត់តំបន់ក្បែរកោះតៃវ៉ាន់ និងជប៉ុន

ប៉េកាំង៖ ប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះទទួលនាវាចម្បាំងរុស្ស៊ីចំនួនពីរគ្រឿង ដែលទើបនឹងបានធ្វើដំណើរឆ្លងកាត់កោះតៃវ៉ាន់ និងប្រទេសជប៉ុន ហើយនាវានេះត្រូវបានគេរំពឹងថានឹងធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកចិន ក្នុងអំឡុងពេលទស្សនកិច្ចរបស់ពួកគេ ហើយនេះជាការបង្ហាញឱ្យពិភពលោកបានដឹងថា ចិនកំពុងមានកិច្ចសហប្រតិបត្តិការយោធាជាយ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី។

កាលពីថ្ងៃពុធ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា នាវាចម្បាំងពីរគឺមួយឈ្មោះថា Gromkiy និងមួយទៀតឈ្មោះថា Sovershenniy បានធ្វើដំណើរមកឈប់ចតនៅកំពង់ផែនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃ ប្រទេសចិន។ គួរដឹងដែរថា នាវាទាំងពីរគ្រឿងនេះជាកម្មសិទ្ធិរបស់កងនាវាចរប៉ាស៊ីហ្វ៊ិករបស់រុស្ស៊ី ដែលមានទីស្នាក់ការនៅទីក្រុង វ្ល៉ាឌីវ៉ូស្តូក (Vladivostok)។

ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ៧ ថ្ងៃនេះផងដែរ នាវាទាំងពីរនឹងធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកចិននៅទីក្រុងសៀងហៃ ដែលក្នុងនោះមានដូចជាការបង្កើតចលនាផ្លាស់ទីផ្សេងៗ ប្រព័ន្ធទំនាក់ទំនង និងការជួយសង្គ្រោះតាមសមុទ្រជាដើម។

គួររំឭកថា នាវាកងទ័ពជើងទឹករុស្ស៊ី បានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដែលស្ថិតនៅកៀកជិតកោះតៃវ៉ាន់កាលពីចុងខែមិថុនា កន្លងទៅ។ បន្ទាប់មក កាលពីប៉ុន្មានថ្ងៃមុន នាវាទាំងពីរបានបន្តឆ្លងកាត់កោះ អូគីណាវ៉ា របស់ប្រទេសជប៉ុន ដែលជាកន្លែងមូលដ្ឋានយោធាសំខាន់របស់សហរដ្ឋអាមេរិក។

ជាការកត់សម្គាល់ ការធ្វើដំណើរឆ្លងកាត់តំបន់នេះ បានជំរុញឱ្យប្រទេសជប៉ុនបញ្ជូននាវាដើម្បីតាមដានត្រួតពិនិត្យចលនារបស់ពួកគេ ខណៈដែលតៃវ៉ាន់ ដែលចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ក៏បានដាក់ពង្រាយយន្តហោះ និងកប៉ាល់ដើម្បីឃ្លាំមើលការឆ្លងកាត់របស់នាវាទាំងពីរនេះផងដែរ។

កាលពីខែមីនា ដើមឆ្នាំ២០២៣ កន្លងទៅ លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ ហើយលោក និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចេញសេចក្តីថ្លែងការណ៍រួមមួយ បង្ហាញពីការព្រួយបារម្ភពីទង្វើរបស់បណ្ដាប្រទេសលោកខាងលិច។ ពួកគេ​បាន​ចោទ​ក្រុង​វ៉ាស៊ីនតោន​ពី​បទ​បង្ក​អស្ថិរភាព​ដល់​ស្ថិរភាព​ពិភពលោក និង​បាន​រិះគន់​អង្គការ​ណាតូ​ ចំពោះការ​លូកដៃចូល​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វ៊ិក។

ចិន និងរុស្ស៊ីបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា ហើយកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ (Li Shangfu) បានជួបជាមួយឧត្តមនាវីឯករុស្ស៊ី លោក នីកូឡាយ យ៉េវមេនូវ (Nikolai Yevmenov) ប្រមុខកងទ័ពជើងទឹករុស្ស៊ី នៅទីក្រុងប៉េកាំង ដោយក្រសួងការបរទេស​រុស្ស៊ី និង​ចិន​បាន​ពិភាក្សា​គ្នា​អំពីប្រព័ន្ធការពារ​​មី​ស៊ី​លទៀតផង​​។

កាល​ពី​ខែ​មុន ប្រធាន​នាយកដ្ឋាន​បុគ្គលិក​រួម​នៃ​គណៈកម្មការ​យោធា​មជ្ឈិម​របស់​ចិន លោក លៀវ ចិនលី (Liu Zhenli) ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​អគ្គសេនាធិការ​រុស្ស៊ី លោក វ៉ាឡឺរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) តាម​រយៈ​វីដេអូ​ខលផងដែរ។ លោក ហ្គេរ៉ាស៊ីម៉ូវ ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ីមួយឈ្មោះថា Tass បានស្រង់​សំដី​ថា «ភាគី​ទាំង​ពីរ​នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធាជាមួយគ្នា​បន្ថែមទៀត»៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia China hosts Russian warships that passed by Taiwan, Japan

ads banner