រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការស្តារ និងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ដើម្បីកាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារ និងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដើម្បីកាត់បន្ថយអោយបាន នូវភាពលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង ។

លោក សៅ សារុំ សមាជិកក្រុមប្រឹក្សាសង្កាត់បឹងទំពុនទី១និងលោកទឹម ម៉ន មេភូមិសន្សំកុសលទី៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យបានអោយដឹងស្រដៀងគ្នាថា៖ ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BTក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទឹកមិនអាចហូរនោះទេ ពោលគឺនៅពេលភ្លៀងម្តងៗ តែងតែលិចលង់ ។ ជាក់ស្តែងនាប៉ន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំងបណ្តាលឱ្យតំបន់បឹងទំពុននេះទទួលរងការលិចលង់យ៉ាងខ្លាំង ។ តែដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមទឹកចេញភ្លាមៗ រហូតស្រកអស់ពីក្នុងមូលដ្ឋាន ។

គួរបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារនិងបូមលូនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យនេះ ចំនួន២ថ្ងៃមកហើយ ដោយប្រើប្រាស់រថយន្តបូមលូ៣គ្រឿង ជាមួយនិងការបុក ស្តារដោយកម្លាំងដៃផងដែរ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner