ថៃ ​រំពឹង​ថា​នឹង​​មាន​​​នាយក​​រដ្ឋ​មន្ត្រី​​ថ្មី ​ក្រោយ​សម័យ​​ប្រជុំ​​សភា​​ចំនួន​​បីលើក​នៅ​​ខែ​កក្កដា​នេះ​

ថៃ៖ អនុ​ប្រធាន​សភា​ជាប់​ឆ្នោត​ថៃ​ លោក​​ ពីជិត ចៅមូអង់ផាន(Pichet Chuamuangphan) ​បាន​​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ថៃ​រំពឹង​ថា​នឹង​មាន​នាយករដ្ឋ​មន្រ្តី​​ឡើង​កាន់​តំណែង​ថ្មី​ ​ក្រោយ​​​សម័យ​ប្រជុំ​រួម​​គ្នា​​នៃ​សភា​តំណាង​រាស្រ្ត ​និង​ព្រឹទ្ធ​សភា​​ចំនួន​​បីលើក​ដំបូង​ ដែល​គ្រោងនឹង​​​ធ្វើ​ឡើង​ក្នុង​ខែ​កក្កដា​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​កាសែត​បាងកកប៉ុស្តិ៍​។

ការ​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​សភាថៃ​ថ្មី​ថ្មោង​ ​លោក​ វ៉ាន់ មូហាមេដ នូ ម៉ាថា(Wan Muhamad Noor Matha )​បាន​​ប្រាប់​​អ្នក​​សារព័ត៌មាន​​​កាល​ពី​​ថ្ងៃ​​ពុធ​ថា​ ​សភាថៃ​​​ត្រៀម​​ខ្លួន​​សម្រាប់​​សម័យ​​បោះ​ឆ្នោត​​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ ដែល​​​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ កក្កដា​ខាង​មុខ​។

លោក Pichet ​បាន​និយាយ​​​​ថា សម័យ​ប្រជុំ​ចំនួន​​បីនោះ​​​​​ ​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣, ១៩ និង ២០ ខែ​កក្កដា​នេះ​ ​ហើយ​រយៈ​ពេល​នេះ​ ​នឹង​​អាច​​ផ្តល់​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ថ្មី​។​

​គួរ​បញ្ជាក់​ថា ​​​​រហូត​មក​ទល់​ពេល​នេះ​ តំណែង​នាយករដ្ឋ​មន្រ្តី​បន្ទាប់​កំពុង​ស្ថិត​នៅ​​ក្នុង​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ។ ក្រោម​រដ្ឋ​ធម្មនុញ្ញ​ថៃ​ ទោះ​បីជា​គណបក្ស​​ចលនា​ឆ្ពោះ​ទៅ​មុខ​​ (MFP) របស់​លោក ភីតា​ លីមចារ៉នរ៉ាត ឈ្នះ​ការ​បោះឆ្នោត​នាំ​មុខ​គេក្ដី​​ ក៏​លោក​​ត្រូវ​​ការ​​សំឡេង​​គាំទ្រ​យ៉ាង​តិច៣៧៦ សំឡេង​ ​ពី​​​​​សភា​ទាំង​ពីរ​របស់​ប្រទេស​ ដើម្បី​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តី​ និង​បង្កើត​រដ្ឋាភិបាល​ថ្មី​​។ 

ទន្ទឹមនេះ​​សម្ព័ន្ធ​គណបក្ស​នយោបាយចម្រុះ​​​ចំនួន​ប្រាំបីរបស់​លោក​ លោក ភីតា​ ដែល​​បង្កើត​ឡើង​​ក្រោយ​ការ​បោះ​ឆ្នោត​ អាច​ផ្ដល់​សំឡេង​គាំទ្រ​ពី​សមាជិក​សភា​ត្រឹម​​តែ​ ៣១២​ សំឡេង​ប៉ុណ្ណោះ​​ ។​មាន​ន័យ​ថា​ លោក​ត្រូវ​ការ​សំឡេង​គាំទ្រ​ពីសមាជិក​​ព្រឹទ្ធ​សភា​យ៉ាង​តិច​ ៦៤ សំឡេង​ទៀត​ ដើម្បី​ក្លាយ​ជា​នាយករដ្ឋ​មន្រ្តី​។ ហើយ​ការ​​ប្រជុំ​សភា​​ខាង​មុខ​ទាំង​៣​លើក​នេះ​ នឹង​កំណត់​ជោគ​វាស​នា​របស់​លោក​។

ដោយ​ហេតុ​នេះ​ហើយ​ លោក​  Pichet បាន​និយាយ​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «​ការ​បោះឆ្នោត​​ដំបូង​ឡើយ​ ​​កំណត់ថា​នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣​ ខែ​កក្កដា​ ប៉ុន្តែ​ប្រសិន​បើ​វា​​បរាជ័យ​​ យើង​នឹង​​មាន​​សម័យ​បោះ​ឆ្នោត​លើក​ទី​​២​នៅ​ថ្ងៃ​ទី ​១៩​ ខែ​កក្កដា​ ​ឬ​លើក​​​ទី​៣​​​ នៅ​​​ថ្ងៃ​ទី​ ២០​ ខែ​កក្កដា​។​ ខ្ញុំ​គិត​ថា​​បីថ្ងៃ​គួរ​តែ​គ្រប់​គ្រាន់​ហើយ​ដើម្បី​​ជ្រើស​រើស​​នាយក​រដ្ឋ​មន្រ្តី​»​។​​

​នៅ​ពេល​ចោទ​សួរ​ថា​តើ​គណបក្ស​ភឿ​ថៃ​ នឹង​ដឹក​នាំ​ក្រុម​ចម្រុះ​ឬ​យ៉ាង​ណា​ ប្រសិ​ន​បើ​សម័យ​​ប្រជុំ​ទាំង​​៣​លើក​មិន​​​អាច​សម្រេច​​ឱ្យ​លោក​ ភីតា​ ​ក្លាយ​ជា​នា​យក​រដ្ឋ​មន្ត្រី​នោះ​ លោក​ Pichet ​បាន​ឆ្លើយ​ថា​ ​​វា​នឹង​អាស្រ័យ​លើ​សភា ​និង​គណបក្ស​ចម្រុះ​​ទាំង​ចំនួន​៨​។ ​​

លោក​​ Pichet ​បាន​​បញ្ជាក់​ថា​៖ «​​​គណបក្ស​ចម្រុះ​ទាំង​​ប្រាំបីនឹង​គោរ​ព​តាម​​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​​របស់​ពួក​គេ​ ដោយ​បន្ត​នៅ​រួម​​គ្នា​។ គេ​នឹង​មាន​ការ​ពិភាក្សា​ផ្ទៃ​ក្នុង​ ហើយ​នឹង​​​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​»​។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ អនុ​ប្រធាន​សភា​ដដែល​បាន​និយាយ​ថា​ លោក​​មិន​​ប្រាកដ​​ថា​​មាន​​សមាជិក​​ព្រឹទ្ធ​សភា​​ប៉ុន្មាន​​រូប​​នឹង​​បោះឆ្នោត​ជូន​លោក​​​ ភីតា​ នោះ​ទេ​ ប៉ុន្តែ​បាន​បង្ហើប​ថា​ ​លោក​បាន​និយាយ​ជាមួយ​​សមាជិក​​ព្រឹទ្ធ​សភា​​មួយ​​ចំនួន​ ​ដែល​​បង្ហាញ​​ការ​​គាំទ្រ​​ចំពោះ​លោក​ ភីតា​ ក្នុង​​​ការ​​បង្កើត​​រដ្ឋាភិបាល​ថ្មី​​សម្រាប់​​ការ​​អភិវឌ្ឍ​​ជាតិ​៕​

ប្រែសម្រួលដោយ៖ ហួន ឌីណា ប្រភព​៖ New PM expected within 3 parliament sessions  

ads banner