រុស្ស៊ីបានបាញ់មីស៊ីលទៅកាន់ទីក្រុង ល្វី ប្រទេសអ៊ុយក្រែន ស្លាប់មនុស្ស ៤ នាក់ និងរបួសជាច្រើនទៀត

មូស្គូ៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីនៅទីក្រុងល្វី (Lviv) ភាគខាងលិចប្រទេសអ៊ុយក្រែន បានកើនឡើងរហូតដល់ទៅ ៤ នាក់ និង ៩​ នាក់​ផ្សេង​ទៀត​រង​របួសយ៉ាងដំណំ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អ៊ីហូ គ្លីម៉េនកូ (Ihor Klymenko) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ។

អភិបាលក្រុងលោក អាន់ឌ្រី​​ សាដូវ្យី (Andriy Sadovyi) បានឱ្យដឹងថា «ផ្ទះល្វែងប្រមាណ ៦០ ខ្នង និងរថយន្តចំនួន ៥០ គ្រឿងនៅក្នុងតំបន់ដែលត្រូវបានរុស្ស៊ីវាយប្រហារ ត្រូវបានបំផ្លាញខ្ទេចទាំងស្រុង។ លើសពីនេះ ក្រុមបុគ្គលិក​សេវា​សង្គ្រោះ​បន្ទាន់​ក៏កំពុងស្វះ​ស្វែង​រក​អ្នក​ដែល​ជាប់​នៅ​ក្នុង​គំនរ​បាក់បែកបន្ថែមទៀតផងដែរ។

លោក សាដូវ្យី បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះតាមរយៈសារវីដេអូមួយថា «ការវាយប្រហាររបស់រុស្ស៊ីលើកនេះ មានទ្រង់ទ្រាយធំខ្លាំងណាស់ ពោលគឺបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់ពលរដ្ឋស៊ីវិលនៅទីក្រុង ល្វី អស់យ៉ាងច្រើនមិនធ្លាប់មាន ចាប់តាំងពីការចាប់ផ្តើមឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២»។

គួរដឹងដែរថា ជនភៀសខ្លួនពីសង្គ្រាមអ៊ុយក្រែនរាប់រយរាប់ពាន់នាក់ បានទៅស្វែងរកទីកន្លែងសុវត្ថិភាពជ្រកកោននៅទីក្រុង ល្វី ជាពិសេស ស្ថិតនៅតំបន់ភាគខាងកើតនៃទីក្រុង។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានបង្ហោះសារប្រតិកម្មនៅលើបណ្ដាញតេឡេក្រាម (Telegram) ដោយបានសរសេរថា «ជារឿងដែលគួរឱ្យសោកសង្រែងខ្លាំងណាស់ដែលការវាយប្រហារនេះ បានបណ្ដាលឱ្យមានអ្នករងរបួស និងស្លាប់ជាច្រើន។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់សាច់ញាតិ ហើយក៏សូមប្ដេជ្ញាថា​នឹង​ធ្វើ​ការ​ឆ្លើយ​តប​ទៅកាន់សត្រូវវិញយ៉ាងចាស់ដៃ»។

មិនត្រឹមតែប៉ុណ្ណោះ លោក ហ្សេលេនស្គី ក៏បានបង្ហោះរូបភាពយន្តហោះគ្មានមនុស្សបើកដែលបានបង្ហាញពីលើអគារបាក់បែក ហើយអគារខ្លះ ជាន់ទី៣ និងទី៤ ត្រូវបានបាញ់ប្រហារបំផ្លាញដោយគ្រាប់មីស៊ីលខូចខាតខ្ទេចខ្ទី៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ AP News Russian missile attack on Lviv, Ukraine, kills 4 people and wounds more

ads banner