អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យពលរដ្ឋតាមដានអាកាសធាតុជាប្រចាំ ទប់ទល់គ្រោះរាំងស្ងួត ឬទឹកជំនន់បានទាន់ពេលវេលា

កំពង់ស្ពឺ៖​ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នការដាំដំណាំស្រូវវស្សាសម្រាប់ខេត្តកំពង់ស្ពឺអនុវត្តបាន៣៥ភាគរយ នៃផែនការសរុបចំនួន ១១៧ ៦៥៧ហិកតា។ ទន្ទឹមនេះលោកក៏បានជំរុញឱ្យប្រជាកសិករខិតខំតាមដានអាកាសធាតុឱ្យបានជាប់ជាប្រចាំដើម្បីមានលទ្ធភាពនូវក្នុងការទប់ទល់គ្រោះរាំងស្ងួត ឬទឹកជំនន់បានទាន់ពេលវេលា ។

ការក្រើនរំលឹកនេះ ធ្វើឡើងនៅអំឡុងពេល ដែលលោក​បានទៅចុះពិនិត្យស្ថានភាពការប្រមូលផលស្រូវរដូវប្រាំង និងត្រៀមការបង្កបង្កើនផលស្រូវរដូវវស្សា របស់​ប្រជាពលរដ្ឋ នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន កាលពីថ្ងៃ​ទី៥ ខែ កក្កដា​។

​ឯកឧត្តម វ៉ី សំណាង បាន​ឱ្យដឹង​ថា កាលពីឆ្នាំមុន ការដាំដុះស្រូវវស្សារបស់ខេត្តកំពង់ស្ពឺ គឺធ្វើលើសផែនការដែលមានប្រមា​ណ​ជាង១២ម៉ឺនហិកតា។ ដោយឡែកចំពោះដំណាំរួមផ្សំ ខេត្តធ្វើបាន៦៧៥ហិកតា។  

ទន្ទឹមនេះឯកឧត្តមអភិបាលខេត្តក៏សំណូមពរដល់ពលរដ្ឋឱ្យតាមដានការជូនដំណឹងពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុ​និយមផងដែរ ដើម្បីអាចឱ្យពួកគាត់ត្រៀមខ្លួនបានទាន់ពេលវេលាមុនគ្រោះធម្មជាតិមកដល់។ថ្វីត្បិតតែយើងមិនអាចគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបាន១០០ភាគរយ ប៉ុន្តែយើងព្យាយាមឱ្យមានការខូចខាតតិចតួចបំផុត។ ​

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺនេះ ជាខេត្តក៏មានសក្តានុពលមួយ ទាំងផ្នែ​កកសិកម្ម និងឧស្សាហកម្ម ដោយសារតែខេត្តនេះ ស្ថិតនៅក្បែររាជធានីភ្នំពេញផង និងជាច្រកសំខាន់ក្នុងដឹកជញ្ជូនទំនិញទៅកំពង់ផែសមុទ្រផង។ឧកញ៉ាបានបន្ថែមយើងដឹងហើយថា ស្រូវជាទំនិញសំខាន់សម្រាប់ប្រទេសយើង។ ការចូលរួមរបស់អាជ្ញាធរ ក្នុងការជួយដោះ​ស្រាយបញ្ហារបស់កសិករ លើការដាំដុះស្រូវ ក៏ដូចជាដំណាំផ្សេងៗទៀត បង្ហាញពីការយកចិត្តទុកដាក់របស់ខេត្តចំពោះព​លរដ្ឋ។

បើតាមក្រសួងពាណិជ្ជកម្ម វិស័យស្រូវអង្ករមានសក្តានុពលធំធេងណាស់ ដោយកម្ពុជាផលិតស្រូវបានជិត១២លានតោន ខណៈ​ដែលការប្រើប្រាស់ក្នុងស្រុកមានត្រឹមប្រមាណ៦លានតោនប៉ុណ្ណោះ។ក្នុងនោះកាលពីឆ្នាំ២០២២កន្លងទៅ កម្ពុជាបាននាំស្រូវចេញទៅប្រទេសជិតខាងក្នុងបរិមាណ៣,៤លានតោន គិតជាទឹកប្រាក់៨៤១លានដុល្លា។

ដោយឡែករយៈពេល៥ខែនៃឆ្នាំ២០២៣នេះ ការនាំចេញស្រូវរបស់កម្ពុជាជាង២លានតោន ភាគច្រើនបំផុតនាំទៅវៀតណាម ស្មើនិង១,៣៧លានអង្ករ មានតម្លៃទឹកប្រាក់ជាង៥៤៥លានដុល្លារ៕

ដោយ៖វណ្ណ សុជាត

ads banner