រយៈពេលប្រាំខែកម្ពុជានាំចេញផលិតផលដំឡូងមីទៅកាន់ប្រទេសថៃ និងវៀតណាមជិត ១,២ លានតោន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ការនាំចេញផលិតផលដំឡូងមីទៅកាន់ប្រទេសថៃ និងវៀតណាម ក្នុងរយៈពេលប្រាំខែគិតចាប់ពីខែមករាដល់ឧសភា ឆ្នាំ២០២៣នេះសម្រេចបានក្នុងបរិមាណជិត ១,២ លានតោន។ក្នុងនោះការនាំចេញទៅប្រទេសវៀតណាមជិត ៣៥ម៉ឺនតោន និងប្រទេសថៃជិត ៨៣ ម៉ឺនតោន។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹងថា ដំឡូងមីរបស់កម្ពុជា ភាគច្រើនគឺនាំចេញទៅកាន់ប្រទេសថៃ ។ក្នុងនោះដំឡូងមីស្រស់នាំចេញបាន ៧៥១ ៦០០ តោន, ចំណិតដំឡូងមីក្រៀម ចំនួន ៧១ ២៥០តោន និងកាកសំណល់ដំឡូងមី ចំនួន ៧ ១០០ តោន។ ដោយឡែកការនាំចេញទៅខាងវៀតណាមវិញ មានដំឡូងមីស្រស់បាន ១៨៤ ៨៦០ តោន, ចំណិតដំឡូងមីក្រៀម ១២៤ ៧៥០តោន និងកាកសំណល់ដំឡូងមី ៣៩ ៨០០ តោន។

លោក ហេង សិទ្ធិ មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែកក្កដា ដែរថា បច្ចុប្បន្នកសិករកំពុងតែដាំដុះដំឡូងមីថ្មី ដោយដំឡូងមីឆ្នាំមុន បានប្រមូលផលអស់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះ ខណៈដែលដំឡូងមី ដែលដេប៉ូនាំចេញសព្វថ្ងៃនេះ ជាដំឡូងមីដែលសេសសល់ពីឆ្នាំមុន។

លោកបានបញ្ជាក់ថា ៖ «កសិករយើងបានចាប់ផ្តើមដាំដុះដំឡូងមីសម្រាប់ឆ្នាំនេះហើយ ដោយបានចាប់ផ្តើមកាលពីខែមីនាមកម៉្ល៉េះ។ ខេត្តបាត់ដំបងបានដាក់ផែនការឆ្នាំនេះចំនួន១៣ម៉ឺនតោន។គិតត្រឹមខែកក្កដានេះ ការដាំដុះដំឡូងមីទើបតែបានជាង ៧ម៉ឺនហិកតា ប៉ុណ្ណោះ ខណៈដែលកសិករបាននិងកំពុងដាំដុះបន្តបន្ទាប់»។

លោកបានបន្ថែមថា ការដាំដុះដំឡូងមីរដូវកាលថ្មីនេះ បានរងផលប៉ះពាល់ដោយសារ ការប្រែប្រួលអាកាសធាតុខ្លះដែរ ខណៈដែលលោកកំពុងតែធ្វើរបាយការណ៍ផលប៉ះពាល់នេះ ពីតាមការិយាល័យផលិតកម្មស្រុកនានា។

ជាមួយគ្នានេះ អ្នកស្រី អេម សោភ័ណ្ឌ ម្ចាស់ដេប៉ូ ហ៊ីង សោភ័ណ្ឌ នៅខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងដែរថា រដូវប្រមូលផលនៅឆ្នាំនេះ (ខែវិច្ឆកា ឆ្នាំ២០២២-ខែមេសា ឆ្នាំ២០២៣) ការប្រមូលទិញអាចនឹងបានតិចជាងរដូវមុន ដោយសារតែ ការចុះកុងត្រាទិញពីខាងថៃមានចំនួនតិច រីឯកសិករ នៅក្នុងខេត្តបាត់ដំបងភាគច្រើន បានងាកទៅដាំដំណាំពោតវិញ។

លោកស្រីបានបញ្ជាក់ថា ខាងឈ្មួញថៃបានចុះកុងត្រាជាមួយយើងតិចនៅឆ្នាំនេះ ដោយសារមានបញ្ហាពីខាងចិន កាត់បន្ថយការបញ្ជាទិញ ទើបថៃគេបន្ថយជាមួយយើងដែរ។ ម្យ៉ាងវិញទៀត កសិករយើងគាត់ងាកទៅដាំពោតច្រើនជាងដំឡូងឆ្នាំនេះ ដោយសារពោតបានថ្លៃជាង។

កសិករដាំដុះដំឡូងមី នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង អ្នកស្រី ចាន់ វណ្ណី ក៏បានឱ្យដឹងផងដែរថា ការប្រមូលផលដំឡូងមី អាស្រ័យទៅតាមពូជ ដោយពូជខ្លះ អាចប្រមូលផលបាន ក្រោយដាំដុះរយៈពេលប្រាំបីខែ និងពូជខ្លះទៀតមួយឆ្នាំ តែអ្នកនៅតំបន់ជាមួយអ្នកស្រីភាគច្រើនដាំប្រភេទពូជមួយឆ្នាំ ដោយសារថៃនិយមទិញពូជនេះ។

អ្នកស្រីបន្តថា ៖ «ខាងខ្ញុំបានចាប់ផ្តើមដាំដុះដំឡូងមី តាំងពីខែកុម្ភៈមកម្ល៉េះ និងបានជួបបញ្ហាខ្លះដែរ ដោយសាររាំងស្ងួតពេក ខ្វះទឹកធ្វើឱ្យដំឡូងមីលូតលាស់មិនសូវល្អ។ តែមិនខូចខាតខ្លាំងពេកទេ ខ្ញុំរំពឹងថា មានភ្លៀវខ្លះមក នឹងអាចធ្វើឱ្យដំឡូងមីល្អឡើងវិញ»។

គួររំលឹកថា កាលពីដើមខែមករាឆ្នាំ២០២៣កន្លងទៅនៅក្នុងពិធីបើកវេទិកាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តក្វាងស៊ី)» អគ្គនាយកជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយភាគីចិនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ក្នុងគោលដៅជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារចិន ក្នុងនោះនឹងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២២-២០២៣នេះ៕ ដោយ៖ វណ្ណ សុជាតា

ads banner