​ចិន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គោល​នយោបាយ​ការ​បរទេស​​សហភាព​អឺរ៉ុប​​

ប៉េកាំង៖ តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្សេង​ៗ​កាល​ពី​ថ្ងៃ​​ពុធ​ បានឱ្យដឹងថា ប្រទេស​ចិន​​បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គោលនយោបាយ​​ការ​បរទេស​សហភាព​អឺរ៉ុប លោក ចូសេប ប៊ររ៉ែល(Josep Borrell) ​ ​ដែល​គ្រោង​នឹង​ធ្វើ​​ទស្សនកិច្ច​ទៅ​​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​ក្រោយ​ ។

​​​​មុន​ការ​លុប​ចោល​នេះ​ ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ចិន លោ​ក Jorge Toledo ​បាន​ឱ្យ​ដឹង​ថា​ លោក​​ Josep Borrell ​និង​អ្នក​ការ​ទូត​ចិន​ ​រំពឹង​​ថា​​នឹង​ពិភាក្សា​គ្នា​អំពី​ពាណិជ្ជកម្ម ​សិទ្ធិ​មនុស្ស​ និង​សង្គ្រាម​នៅ​អ៊ុយក្រែន​។​

ជុំ​វិញ​ការ​លុប​ចោល​នេះ​ ​អ្នក​នាំ​ពាក្យ​សហភាព​អឺរ៉ុប​ លោក​ស្រី​ Nabila Massrali ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP តាម​រយៈ​សារ​អេឡិចត្រូនិក​ថា​៖ «​​ជា​អកុសល​ យើង​ទទួល​បាន​​ដំណឹង​ពី​​សម​ភាគី​ចិន​ថា​ កាល​បរិច្ឆេទ​ដែល​បាន​រំពឹង​ទុក​នៅ​សប្តាហ៍​ក្រោយ​ មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ ហើយ​ឥឡូវ​នេះ​យើង​ត្រូវ​​​ស្វែង​រក​ជម្រើស​ជំនួស​»​។ លោក​ស្រី​បន្ថែម​ថា​៖ «ចិន​ជា​អ្នក​ត្រូវ​ប្រាប់​មូលហេតុ​។ ​​យើង​នឹង​សម្រប​ខ្លួន​ ហើយ​ស្វែង​រក​កាល​បរិច្ឆេទ​ថ្មី​ជាមួយ​គ្នា​»។​

ចំណែក​​ឯ​​ក្រសួង​ការ​បរទេស​ចិន​ឯ​ណោះ​វិញ​ បាន​និយាយ​ថា​ ​ទីក្រុង​ប៉េកាំង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ចិន​-​អឺរ៉ុប​ ហើយ​បាន​រក្សា​ការ​​ផ្លាស់​ប្តូរ​ជាមួយ​អឺរ៉ុប​នៅ​គ្រប់​កម្រិត​ និង​ក្នុង​ទិដ្ឋភាព​ផ្សេងៗ​។​ អ្នក​នាំ​ពាក្យ​ក្រសួង​ លោក​ ​​Wang Wenbing ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​ថា​ លោក​ Borrell ​នឹង​ទទួល​ការ​​ស្វាគមន៍​ចូល​ទៅ​ចិន​ «​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ តាម​ភាព​ងាយ​ស្រួល​នៃ​ភាគី​ទាំង​២​»​។

គួរ​បញ្ជាក់​ថា​ ការ​វិវត្តន៍​ចុង​ក្រោយ​នេះ​​កើត​មាន​ឡើង​​បន្ទាប់​ពី​​សហភាព​អឺរ៉ុប​​​បាន​អនុម័ត​លើ​សំណើ​នាំ​ចូល​​ប្រភព​វត្ថុ​ធាតុ​ដើម​សំខាន់​ៗ​​​ពី​ប្រទេស​ផ្សេង​​ៗ​ក្រៅ​​តែ​ពី​​ចិន​ ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​កាល​ពី​សប្ដាហ៍​មុន​។ យ៉ាង​ណា​មិញ​ ប្លុក​បាន​និយាយ​ថា​ ​​ខ្លួន​មិន​ចង់​ងាក​ចេញ​ពីចិន​ទាំង​ស្រុង​នោះ​ទេ​។ ​

​នេះ​គឺ​​​ជា​​លើក​​​ទី​​២​ ​ហើយ​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង​របស់​លោក​ ​Borrell ​ត្រូវ​បាន​លុប​ចោល​នៅ​ក្នុង​ឆ្នាំ​នេះ។ កាល​ពី​ខែ​មេសា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​តែ​លោក​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ១៩​។ ​

ក្នុង​សុន្ទរកថាដែល​រៀប​ចំ​​​សម្រាប់ទស្សនកិច្ច​​​កាល​ពី​ខែ​មេសា​ លោក ​Borrell ​បាន​និយាយ​ថា​ សហភាព​អឺរ៉ុប​អាច​ជឿ​ទុក​ចិត្ត​លើ​ប្រទេស​ចិន​បាន​ លុះ​ត្រា​តែ​ប្រទេស​នេះ​ស្វែង​រក​សន្តិភាព​នៅ​អ៊ុយក្រែន​ដែរ​។​ កន្លង​មក​ ចិន​តាំង​ខ្លួន​ជា​អ្នក​អព្យាក្រឹត​ជុំ​វិញ​សង្រ្គាម​នៅ​អ៊ុយក្រែន​ ខណៈ​បន្ត​មិន​ថ្កោល​ទោស​រុស្ស៊ី​ ហើយ​រៀប​ចំ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​នេះ​។ ក្រៅ​តែ​ពី​ពាណិជ្ជកម្ម​ ចិន​ក៏​មាន​បញ្ហា​ចម្រូង​ចម្រាស់​ជាមួយ​ប្លុក​អឺរ៉ុប​ ជុំ​វិញ​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ​៕

ប្រែសម្រួលដោយ៖ ហួន ឌីណា

ប្រភព​៖  China cancels visit from EU foreign policy chief Josep Borrell  ​ aljazeera.com/news/2023/7/5/china-cancels-visit-from-eu-minister-josep-borrel

ads banner