​អ្នក​ជំនួញ​នៅ​​​ក្រុង​ហូជីមិញ​ ប្រឈមជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធ​បទ​ឆបោក​​ផ្នែក​វេជ្ជសាស្រ្ត​ ​ក្នុងសម័យ​កូវីដ​ ១៩

អត្ថបទដោយ៖
CPA

​​ហាណូយ៖ នាយក​ក្រុមហ៊ុន​ HBC International Trading (HBC) ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​ ឈ្មោះ​​ Bui Quang Hai ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​​ផ្នែក​វេជ្ជសាស្រ្ត ដើម្បី​​កិប​កេង​​ប្រាក់​ជាង​​ ៣,២ លាន​ដុល្លារ​អាមេរិក​ពីដៃ​គូ​ជំនួយ​បរទេស​ចំនួន​៣​ ​​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩​កំពុង​រីក​រាល​ដាល​ខ្លាំង​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnEpress ។ 

​រដ្ឋ​អាជ្ញា​​ក្រុង​ហូជីមិញ​ បាន​​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ថា​ លោក​ Hai ​បាន​ទាញ​យក​អត្ថប្រយោជន៍​ពី​កង្វះ​ខាត​ឧបករណ៍​វេជ្ជ​សាស្ត្រ​ជា​សកល​ក្នុង​អំឡុង​​ជំងឺ​កូវីដ​រាត​ត្បាត​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២០​។  ​

លោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ដែល​មាន​តម្លៃ​ ៦,៣៥ លាន​ដុល្លារ​ ដើម្បី​​ផ្តល់​ស្រោម​ដៃ​វេជ្ជសាស្រ្ត​ដល់​ក្រុម​ហ៊ុន​ហុងកុង​ PDP ​។​ ​ក្រុមហ៊ុន​បាន​ផ្ទេរ​ប្រាក់​ជាង​ ១,៩ លាន​ដុល្លារ​ជា​ប្រាក់​កក់​  ​និង​ ២១០ ០០០ ដុល្លារ​ ជា​ថ្លៃ​​កិច្ច​សន្យា​ ​មុន​ពេល​កិច្ច​សន្យា​ត្រូវ​បាន​លុប​ចោល​។​ ​ប៉ុន្តែ​ HBC មិន​បាន​ប្រគល់​ប្រាក់​វិញ​ទេ​។​

​នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​ លោក​ Hai ​បាន​ចុះ​កិច្ច​សន្យា​ស្រដៀង​គ្នា​នេះ​ ​ដើម្បី​​ផ្ដល់​​​ស្រោម​ដៃ​ពេទ្យ​ ហើយ​បាន​ទទួល​ប្រាក់​ចំនួន​ ៥១២ ០០០ ​​ដុល្លារ​ ពី​ក្រុម​​ជប៉ុន ​និង​ប្រាក់​ ៦០៧ ០០០ ដុល្លារ​ពី​​ក្រុមហ៊ុន​អាមេរិក​មួយ​។​ ប៉ុន្តែក្រុមហ៊ុន​របស់​លោក​ Hai ​មិន​ដែល​ផលិត​ទិញ​ ឬ​ចែក​ចាយ​ស្រោម​ដៃ​ដូច​ដែល​បាន​សន្យា​នោះ​ឡើយ​។​

បើ​តាម​កាសែត​ VnExpress រាល់​បទ​ចោទ​ប្រកាន់​ទាំអស់​នេះ​ អាច​ឱ្យ​លោក​ ​Hai ​ត្រូវ​ប្រឈម​មុខ​នឹង​ការកាត់​ទោស​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​​។

ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត​ លោក ​Hai ​បាន​អះ​អាង​ថា​ ​លោក​គ្រាន់​តែ​ជា​នាយក​ក្រុមហ៊ុន​នៅ​លើ​ក្រដាស​ស្នាម​ប៉ុណ្ណោះ ​ហើយ​ថា​បុរស​ម្នាក់​ទៀត​ឈ្មោះ ​Do Trung Duong ​បាន​ចេញ​បញ្ជា​ទាំង​អស់​។​ នា​ពេល​នេះ​ ការ​​ស៊ើប​អង្កេត​លើ​តួនាទី​របស់​ លោក​  Duong ក្នង​សំណុំ​រឿង​​ឧក្រិដ្ឋកម្ម​នេះ​ កំពុង​បន្ត​៕
ប្រែសម្រួលដោយ៖ ហួន ឌីណា  

ប្រភព​៖ HCMC businessman charged for $3.2M Covid medical scam  https://e.vnexpress.net/news/news/hcmc-businessman-charged-for-3-2m-covid-medical-scam-4625590.html

ads banner