ប៉ូលិស​ហុងកុង ​ចាប់ខ្លួន​បុរស​បួននាក់ពីបទបាន​ជួយ​សកម្មជន​​បរទេស​ប្រឆាំងរដ្ឋាភិបាល

ហុងកុង៖ ក្រុមប៉ូលិសសន្តិសុខជាតិហុងកុងកាលពីថ្ងៃទី ៥ ខែកក្កដានេះ បានឃាត់ខ្លួនបុគ្គលបួននាក់ពីបទសង្ស័យថាបានជួយក្រុមប្រឆាំងដែលមានមូលដ្ឋាននៅក្រៅប្រទេស និងការលើកកម្ពស់ឯករាជ្យពីប្រទេសចិន​។ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពេលពីរថ្ងៃបន្ទាប់ពីតុលាការចេញដីកា ។

នាយកដ្ឋានសន្តិសុខជាតិនៃប៉ូលិសហុងកុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បុរសទាំងបួននាក់ត្រូវបានគេសង្ស័យថាបានទទួលជំនួយពីក្រុមហ៊ុន បណ្ដាញសង្គម និងកម្មវិធីទូរសព្ទដើម្បីគាំទ្រមនុស្សដែលបានភៀសខ្លួនទៅក្រៅប្រទេស ហើយបន្តធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ»។

បុរសទាំងនេះត្រូវបានគេសង្ស័យថាបានបំពានច្បាប់សន្តិសុខជាតិ ដែលទីក្រុងប៉េកាំងបានដាក់លើទីក្រុងហុងកុងក្នុងឆ្នាំ២០២០ ដែលជាលទ្ធផលនៃរលកនៃក្រុមអ្នកតវ៉ាលទ្ធិប្រជាធិបតេយ្យ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសបានគូសបញ្ជាក់ពី «ការសង្ស័យនៃការសមគំនិតក្នុងការឃុបឃិតជាមួយកងកម្លាំងបរទេស និងធ្វើសកម្មភាពក្នុងចេតនាបំបះបោរ»។

បើតាមសេចក្ដីថ្លែងការណ៍ដដែលនេះ «ពួកគេក៏ត្រូវបានគេសង្ស័យថា បានផ្សព្វផ្សាយសារបង្ហោះម្តងហើយម្តងទៀតក្នុងចេតនាបំបះបំបោរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងខ្លឹមសារដែលញុះញង់ឱ្យមានការស្អប់ខ្ពើមចំពោះអាជ្ញាធរកណ្តាល (ចិន) និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង និងបានតស៊ូមតិ “ឯករាជ្យភាពហុងកុង” ។

ប៉ូលិស​បាន​អះអាង​ថា ពួកគេ​បាន​ធ្វើ​ការ​ឆែកឆេរ​តាម​ដីកា​របស់​តុលាការ​លើ​លំនៅឋាន និង​កន្លែង​ធ្វើការ​របស់​ជនជាប់ចោទ ហើយ​បាន​ប្រមូលយក​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន និង​ឧបករណ៍​ទំនាក់ទំនង​អេឡិចត្រូនិកផងដែរ។​ ចំពោះប្រាក់រង្វាន់វិញ រដ្ឋាភិបាលបានផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារហុងកុង ស្មើនឹង(127,829.83 ដុល្លារអាមេរិក) សម្រាប់ដំណឹងនីមួយៗ ដែលអាចឈានទៅរកការចាប់ខ្លួនសកម្មជនបរទេសទាំងប្រាំបីនាក់បាន។

ក្រុមសកម្មជនបរទេសមានទីតាំងក្នុងប្រទេសមួយចំនួន រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី៕

ប្រែសម្រួល៖ នី ស្រីពៅ

ប្រភព៖ Reuters https://www.reuters.com/world/asia-pacific/hong-kong-police-arrest-four-men-accused-aiding-overseas-activists-2023-07-05/#:~:text=HONG%20KONG%2C%20July%205%20(Reuters,against%20several%20foreign-based%20activists

ads banner