លោក ស៊ី ជីនពីង ៖ កងទ័ពចិនត្រូវតែហ៊ានប្រយុទ្ធ ដើម្បីការពារអធិបតេយ្យភាពជាតិ

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធាចិនត្រូវតែ “ហ៊ានប្រយុទ្ធ” ក្នុងអំឡុងរូបលោកចុះត្រួតពិនិត្យកងកម្លាំង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នៅជិតកោះតៃវ៉ាន់។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្នុងអំឡុងពេលធ្វើអធិការកិច្ចទីបញ្ជាការកងទ័ពរំដោះប្រជាជន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់មន្រ្តីតំណាងយោធាថា ពួកគេគួរតែហ៊ានប្រយុទ្ធ, ត្រូវតែពូកែប្រយុទ្ធ និងហ៊ានការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងសន្តិសុខជាតិ។ ទូរទស្សន៍ CCTV បានដកស្រង់សម្តីលោក ស៊ី ដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដល់យុគសម័យថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ ហើយស្ថានភាពសន្តិសុខរបស់ប្រទេសយើងកាន់តែអស្ថិរភាព និងមិនច្បាស់លាស់។

លោក ស៊ី បានសង្កត់ធ្ងន់ថា វាជារឿងចាំបាច់សម្រាប់ការរៀបចំផែនការប្រយុទ្ធ និងការធ្វើឱ្យសង្គ្រាមកាន់តែមានភាពស៊ីជម្រៅ ដែលផ្តោតលើការហ្វឹកហ្វឺនយោធាសម្រាប់ការប្រយុទ្ធជាក់ស្តែង និងពន្លឿនការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់យើង ដើម្បីទទួលបានជ័យជំនះ។ ការធ្វើអធិការកិច្ចរបស់លោក ស៊ី បានកើតមានឡើងចំពេលមានជម្លោះការទូតជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រផ្នែកសន្តិសុខដ៏សំខាន់របស់កោះតៃវ៉ាន់។

ទោះបីជាយ៉ាងណា ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងនាំយកកោះនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅថ្ងៃណាមួយ ដោយប្រើកម្លាំងបាយ ប្រសិនបើចាំបាច់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner