ប្រធានាធិបតីឥណ្ឌូនេស៊ីបំពេញទស្សនកិច្ចនៅប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ

ព័រម៉ូរេសប៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានធ្វើដំណើរទៅដល់ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ ជាទីដែលរូបលោកជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីប៉ាពូអាស៊ី នូវែលហ្គីណេ លោក ជែម ម៉ារ៉េប។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានជួបនាយករដ្ឋមន្រ្តីប៉ាពូអាស៊ី នូវែលហ្គីណេ លោក ជែម ម៉ារ៉េប នៅក្នុងរដ្ឋធានី ព័រម៉ូរេសប៊ី នៅថ្ងៃពុធសប្តាហ៍នេះ ដោយរូបលោកបានក្លាយជាមេដឹកនាំចុងក្រោយបំផុត ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសដីកោះមួយនេះ ខណៈដែលមហាអំណាចធំៗប្រកួតប្រជែងដណ្តើមឥទ្ធិពលនៅក្នុងតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រ។

ក្នុងអំឡុងជំនួបជាមួយលោក ចូកូ វីដូដូ លោក ជែម ម៉ារ៉េប បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងទាំងពីរដឹងថា ប្រទេសទាំងពីរបានខ្ជះខ្ជាយពេលវេលាជាយូរមកហើយ។ សំខាន់ជាងនេះទៅទៀត ការចូលរួមកាន់តែច្រើននៅក្នុងភាគីទាំងពីរឥឡូវនេះ បានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រវាងលោកប្រធានាធិបតី វីដូដូ និងខ្លួនខ្ញុំផ្ទាល់នៅក្នុងកិច្ចសហប្រតិបត្តិការរបស់ប្រទេសពួកយើង។ យើងបានចូលរួមក្នុងការសន្ទនាដែលបញ្ជាក់យ៉ាងរឹងមាំ ដើម្បីធានាថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលរបស់ពួកយើង ត្រូវបានពង្រឹង ប៉ុន្តែសំខាន់ជាងនេះទៀត នោះគឺការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក វីដូដូ មកកាន់ប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ ជាទីដែលកិច្ចព្រមព្រៀងព្រំដែន និងពាណិជ្ជកម្ម ត្រូវបានគេរំពឹងថា នឹងជាការផ្តោតសំខាន់នៃកិច្ចពិភាក្សានោះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានជួបជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិករាប់សិបនាក់នៅរដ្ឋធានី ព័រម៉ូរេសប៊ី នៅក្នុងខែឧសភាកន្លងទៅនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner