ប្រមុខអង្គការសហប្រជាជាតិចោទថា អ៊ីស្រាអែលប្រើកម្លាំងជ្រុល ក្នុងការបង្ក្រាបពលរដ្ឋប៉ាឡេស្ទីននៅ West Bank

អ.ស.ប៖ ប្រមុខអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់កម្លាំងមិនសមាមាត្រប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីន ក្នុងការវាយឆ្មក់នាពេលថ្មីៗនេះ ហើយបានព្រមានប្រឆាំងនឹងការកើនឡើងនៃអំពើហិង្សា។

ប្រតិបត្តិការយោធាទ្រង់ទ្រាយធំដោយអ៊ីស្រាអែលនៅតំបន់ West Bank កាលពីដើមសប្តាហ៍នេះ បានបណ្តាលអោយជនជាតិប៉ាឡេស្ទីន ១២នាក់ និងទាហានអ៊ីស្រាអែលម្នាក់បាត់បង់ជីវិត។

ជុំវិញបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កយ៉ាងដូច្នេះថា មានការប្រើកម្លាំងហួសហេតុពីសំណាក់កងកម្លាំងអ៊ីស្រាអែលទៅលើពលរដ្ឋប៉ាឡេស្ទីន។

លោកថា អ៊ីស្រាអែលមានការព្រួយបារម្ភស្របច្បាប់ចំពោះសន្តិសុខរបស់ខ្លួន ប៉ុន្តែការកើនឡើងអំពើហិង្សាមិនមែនជាចម្លើយទេ… វាគ្រាន់តែជួយជំរុញឱ្យកាន់តែមានភាពតានតឹងខ្លាំង ដែលនាំឱ្យមានអំពើហិង្សា និងការបង្ហូរឈាម។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា ការស្ដារឡើងវិញនូវក្តីសង្ឃឹមរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងដំណើរការនយោបាយដ៏មានអត្ថន័យ ដែលនាំទៅរកដំណោះស្រាយរដ្ឋពីរ និងការបញ្ចប់ការកាន់កាប់នៅតំបន់ West Bank គឺជាការរួមចំណែកដ៏សំខាន់របស់អ៊ីស្រាអែលចំពោះសន្តិសុខរបស់ប្រទេសខ្លួន។

បន្ថែមលើនេះ លោក ហ្គូដទែរេស ក៏បានអំពាវនាវដល់អ៊ីស្រាអែល ក្នុងនាមជាប្រទេសមានអំណាច ត្រូវតែធានាថា ជនស៊ីវិលត្រូវបានការពារ ហើយប្រឆាំងនូវរាល់អំពើហឹង្សានានា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner