ការនាំចេញស្វាយចន្ទី របស់កម្ពុជា បានថយចុះជាង១២ភាគរយនៅឆមាសទី១ឆ្នាំ ២០២៣

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យ​​នៃ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ចាប់ពីខែមករាដល់មិថុនា ឆ្នាំ២០២៣ នេះ ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស សម្រេចបានក្នុងបរិមាណជាង ៣៦៣ ១៧៣ តោន ។ ចំនួននេះមាន​ការ​ថយចុះ ១២,៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យនៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បញ្ជាក់ថា ការនាំចេញគ្រាប់ស្វា​យចន្ទីថយចុះក្នុងមាសទី១​ឆ្នាំនេះ ​ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល។ អ្នកនាំពាក្យដដែលបានបន្ថែមថា ៖ «មូលហេតុនៃការ​ថយចុះនេះ ក៏​បណ្តាលមក​ពី​កត្តាមួយទៀតដែរ​ គឺបញ្ហាគុណភាពនៃដំ​ណាំ ហើយការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ (ការនាំចេញក្រៅផ្លូវការ) តាមច្រក របៀងទៅកា​ន់ប្រទេសវៀតណាម និងប្រទេសថៃ មួយចំនួន​ទៀត​មិនមានការកត់ត្រា»។

បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានប្រាប់ឱ្យដឹងនៅថ្ងៃទី​៩ ខែកក្កដា​​ថា កត្តាដែលធ្វើឲ្យធ្លាក់ចុះដោយសារ​កសិករកាប់ស្វាយចន្ទីចោលអស់ប្រមាណ១០ម៉ឺនហិកតា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

លោកបានបន្ថែមថា បច្ចុប្បន្នភាពផ្ទៃដីក្រៅផ្លូវការ ប្រមូលដោយ ស.ស.ក សរុបផ្ទៃដីដាំដុះស្វាយចន្ទីទូទាំងប្រទេសមានចំ​នួ​ន ៤៩៣ ០៨៧ ហិកតា ប៉ុន្តែសសក ប៉ាន់ប្រមាណថាមានចំនួនរហូតដល់ ៧០០ ០០០ហិកតា។ ដោយឡែកផ្ទៃដីស្វាយច​ន្ទីក្រៅតំបន់ សមាគមស្វាយចន្ទីកម្ពុជា ដែលថតដោយក្រុមហ៊ុន AGRITEKK TECHNOLOGIES  មានចំនួន ១៣០ ៣​៨៣ ហិកតា។

លោក អួន ស៊ីឡុត បានបញ្ជាក់ទៀតថា ៖ «ម្យ៉ាងវិញទៀត កសិករមានធនធានហាលគ្រាប់ទុកលក់នៅពេលគ្រាប់ឆៅឡើងថ្លៃចន្លោះពី​ខែសីហា និងខែ​តុលា ទើបគាត់សម្រេចចិត្តលក់ ខណៈដែលកសិករខ្លះទៀតមានតម្រូវការលក់ភ្លាមៗ ព្រោះ​ត្រូវការ​ទូទាត់ជាមួយខាងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុជាដើម»។

លោកបានបន្ថែមថា ក្នុងឆ្នាំ២០២២កន្លងទៅ ទំហំទឹកប្រាក់ដែលបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញផលិតផលស្វាយចន្ទី មានប្រមាណ ១ ០៧៧ លានដុល្លារ ដែលជាចំនួនដ៏ច្រើនមួយបន្ទាប់ពីស្រូវអង្ករ ដែលនេះ ប​ង្ហាញថា ការអភិវឌ្ឍន៍វិស័យស្វាយចន្ទី ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។

លោកប្រាប់ថា ៖ «ដូច្នេះហើយ ទើបសសក បានខិតខំស្វះស្វែរកកិច្ចសហការពីដៃគូពាក់ព័ន្ធនានា ជាពិសេសផ្នែកហិរញ្ញ ប្បទាន ដើម្បីជំរុញការនាំចេញស្វាយចន្ទីនេះ។ ​កាលពីខែមិថុនា ឆ្នាំ២០២៣ យើងបានសហការជាមួយធនាគារ SME ដើម្បីការជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិកនៃសមាគម ស្វាយចន្ទីកម្ពុជា ក្នុងការទទួលបានអត្រាការប្រាក់ទាបជាងមុន»។

លោក អួន ស៊ីឡុត បានបន្ថែមដែរ​ថា កិច្ចសហប្រតិបតិ្តការនេះ ​ជាគោលដៅយុទ្ធសាស្រ្តដែលធនាគារបានកំណត់ ដើម្បីគាំទ្រ​ដល់ការរីកចម្រើននៃវិស័យស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។    

«យើងជឿជាក់យ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាផ្នែកមួយក្នុងដោះស្រាយបញ្ហាប្រឈមក្នុងខ្សែ​ចង្វាក់ផលិតកម្មស្វាយចន្ទី ក៏ដូចជាជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើ​ងថែមមួយកម្រិតទៀត»។ នេះបើតាមលោក ស៊ីឡុត បញ្ជាក់បន្ថែម។

បើតាមលោក អួន ស៊ីឡុត ប្រសិនបើរាជរដ្ឋាភិបាលចង់ជំរុញឱ្យវិស័យស្វាយចន្ទីដើរបាន កាន់តែលឿន ​រាជរដ្ឋាភិបាល​ត្រូវលើកទឹកចិត្តវិនិយោគិនក្នុងស្រុក ដែលមានទុនច្រើនធ្វើការវិនិយោគលើ​ការកែច្នៃដើម្បីនាំចេញ ជាជាងរង់ចាំវិនិយោគិនបរទេស៕

ដោយ៖វណ្ណ សុជាតា

ads banner