ក្រសួងសាធារណការ៖ រយៈពេលប្រាំឆ្នាំមកនេះ ក្រសួងរៀបចំប្រព័ន្ធចម្រោះទឹកបាន១២កន្លែងនិងទីលានចាក់សំរាមធំៗចំនួនប្រាំពីរ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រយៈពេល ៥ឆ្នាំកន្លងមកនេះ ប្រព័ន្ធចម្រោះទឹក ១២ កន្លែង និងទីលានចាក់សម្រាមចំនួនប្រាំពីរតាមទីក្រុងធំៗ ត្រូវបានកសាងឡើងនៅទូទាំងប្រទេសកម្ពុជា ខណៈដែលប្រព័ន្ធទឹកចម្រោះថ្មីៗ និងទីលានចាក់សំរាមថ្មីៗ នឹងត្រូវសាងសង់ឡើងជាបន្តបន្ទាប់ទៀត។
តាមរយៈវីដេអូនៃកិច្ចសម្ភាសន៍ និងត្រូវបានផ្សព្វផ្សាយលើគេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៩ ខែកក្កដាឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា បណ្តាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ មានការរីកចម្រើន ក្នុងរយៈ៥ឆ្នាំចុងក្រោយ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានស្ថាបនា ស្តារ និងជួសជុលឱ្យប្រើប្រាស់ឡើងវិញ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមទៀតថា សម្រាប់ក្រុងព្រះសីហនុមួយ មានផ្ទៃដី១៦ហិកតា ប្រព័ន្ធសម្រោះទឹកកខ្វក់មានសមត្ថភាពចម្រោះបានតែ៧ ០០០ម៉ែត្រគូបទេ ក្នុងមួយថ្ងៃ តែដោយសារតែសេដ្ឋកិច្ចមានភាពរីករចម្រើនយ៉ាងរហ័សរបស់ក្រុងនេះ បានតម្រូវមានការរៀបចំប្រព័ន្ធចម្រោះនេះឱ្យបានច្រើនថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា ៖ «យើងបានកែច្នៃនូវអ្វីដែលយើងមានស្រាប់ ហើយយើងបានសិក្សាផែនការមេ ដើម្បីសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់មិត្តចិន ដោយមានការឯកភាពហើយ កំពុងសិក្សាលម្អិត និងជ្រើសរើសក្រុមហ៊ុនសាងសង់ ដោយជំហានទី១ បាន៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ, ជំហានទី២ បាន៤ម៉ឺនម៉ែត្រគូបទៀត ក្នុងមួយថ្ងៃ នោះនឹងអាចធ្វើដល់១៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃនៅពេលក្រុងព្រះសីហនុមានភាពរីកចម្រើន»។
សម្រាប់ប្រព័ន្ធលូវិញ ខាងក្រសួងធ្វើបានច្រើននៅខេត្តសៀមរាប ដោយបានដាក់លូទឹកភ្លៀង ដាក់លូទឹកស្អុយ ញែកចេញពីគ្នា ខណៈដែលកន្លងទៅ ប្រព័ន្ធលូទាំងពីរនេះ ដាក់តែមួយ ហើយពាក់ព័ន្ធនឹងការងារទាំងនេះ មានការគាំទ្រ និងសហការពីដៃគូអភិឌ្ឍន៍មានដូចជា ធនាគារពិភពលោក (World Bank), ធនាគារអភិវឌ្ឍន៍អាស៊ី(ADB), ប្រទេសកូរ៉េ ជួយខាងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាខ្មៅ និងសៀមរាប។
ចំពោះការសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នេះដែរ លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ-សមុទ្រ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដាថា លោកពិតជាបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើការងារនេះខ្លាំងណាស់ ក្នុងការរៀបចំឱ្យមានប្រព័ន្ធចម្រោះទឹកនៅតាមបណ្តាខេត្តផ្សេងៗ ក៏ដូចជាទីលានចាក់សំរាមផងដែរ ដែលឃើញថាមានភាពល្អប្រសើរជាងមុន។
លោកបានថ្លែងថា ៖ «ជាក់ស្តែងយើងឃើញថា ទីលានចាក់សំរាមនៅក្រុងកែប មានទីលានចាក់សំរាមទំនើបមួយ ហើយយើងយល់ថា បើសិនជាយើងមានទីលានចាក់សំរាមបែបនេះ នៅទូទាំងប្រទេស វាអាចនឹងជួយគ្រប់គ្រងកាកសំណល់នៅតាមបណ្តាខេត្តទាំងនោះបានល្អប្រសើរ។ ដោយឡែក ការរៀបចំឱ្យប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមទីក្រុងនានា ក្នុងប្រទេសកម្ពុជា គឺជារឿងមួយចាំបាច់ណាស់ ក្នុងការបញ្ចៀសការបង្ហូរទឹកកខ្វក់ទៅក្នុងទន្លេ សមុទ្រ បឹង ស្ទឹង ជាដើម ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន»។
លោកបានបន្ថែមទៀតថា នៅពេលដែលរាជរដ្ឋាភិបាលបានខិតខំ កសាងហេដ្ឋារចនាសម្ព័ន្ធនានាទាក់ទងនឹងការចម្រោះទឹកកខ្វក់ និងទីលានចាក់សំរាម បានកាន់តែច្រើន ប៉ុន្តែពលរដ្ឋមិនបានចូលរួមថែរក្សា និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវទេនោះ ច្បាស់ណាស់ ការដោះស្រាយបញ្ហាទឹកកខ្វក់ និងសំរាម ក៏មិនអាចទទួលបានលទ្ធផលល្អដែរ៕
ដោយ៖វណ្ណ សុជាតា