មន្រ្តីជាន់ខ្ពស់ គ.ជ.ប ,ក្នុង រយៈពេល ១០ថ្ងៃកន្លងមកនេះ ការឃោស នាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត រាជធានី ប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីភាពការណ៍ទូទៅជុំវិញដំណើរឃោសនាបោះឆ្នោត,បណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ,និងការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ។

ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា ជារួមផ្អែកតាមរបាយការណ៍ យើងអាចសន្និដ្ឋានបានថា ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី ប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់វធ្នាប់របៀបរៀបរយក្នុងមណ្ឌលបោះឆ្នោតនីមួយៗ។ ក្រៅពីនេះ ក្នុង ចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង១៨ មានគណបក្សចំនួន ១៥បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនានា ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ដែលក្នុងនោះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្បួនឃោសនារបស់គណបក្ស ប្រជាជនកម្ពុជាមានទំហំធំ និងមានអ្នក ចូលរួមច្រើនជាងគេ ។

ជាមួយគ្នានោះដែរគ្រប់ការិយាល័យបោះឆ្នោត និងគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត គឺជាទីតាំងរដ្ឋបាល និងសន្តិសុខ ដែលត្រូវមានបរិវេណខាងក្នុងនិងបរិវេណខាងក្រៅត្រូវបានពង្រឹងសន្តិសុខយ៉ាងតឹរឹងបំផុត ។

ឯកឧត្តម ហ៊ែល សារ៉ាត់ មានប្រសាសន៏បញ្ជាក់ទៀតថា៖ក្រៅពីនេះ ក្នុងចំណោមគណបក្សនយោបាយឈរ ឈ្មោះ បោះឆ្នោតទាំង១៨ មានគណបក្សចំនួន១៥ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះ ឆ្នោតនានា ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ដែលក្នុងនោះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាមានទំហំធំ និងមានអ្នកចូលរួមច្រើនជាងគេ។

លើសពីនេះក៏មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនាបោះឆ្នោត និងសារនយោបាយរបស់គណបក្សនយោបាយនៅលើបណ្តាញព័ត៌មានសង្គម FACE BOOK ជារៀងរាល់ថ្ងៃផងដែរ ។

ក្នុងអំឡុងពេលនៃការឃោសនារកសំឡេងឆ្នោតនេះផងដែរ គណបក្សនយោបាយទាំង ១៨ មានឱកាសផ្សព្វផ្សាយដោយស្មើភាពគ្នានូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតតាមរយៈកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដែលរៀបចំដោយ គ.ជ.ប។ ការផ្សព្វផ្សាយនេះធ្វើឡើងតាមវិទ្យុ និងទូរទស្សន៍របស់រដ្ឋដែលមានដូចជា៖
-ការផ្សព្វផ្សាយតាមវិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz គណបក្សនីមួយៗទទួលបានម៉ោងផ្សាយស្មើៗគ្នាចំនួន ៧នាទីក្នុងមួយលើក និងពីរលើកក្នុងមួយថ្ងៃ ។
-ការផ្សព្វផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា ទទក គណបក្សនីមួយៗទទួលបានម៉ោងផ្សាយស្មើៗគ្នាចំនួន ៧នាទីក្នុងមួយលើក និងពីរលើកក្នុងមួយថ្ងៃ។
-ការចុះផ្សាយនូវអត្ថបទរបស់គណបក្សនយោបាយទាំង១៨ ក្នុងព្រឹត្តិបត្រគោល នយោបាយរបស់គណបក្សនយោបាយ ដែលបោះពុម្ពផ្សាយដោយ គ.ជ.ប មានចំនួនពីរលេខ។
ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានឲ្យដឹងទៀតថា៖ ករណីបណ្តឹងអំពីការឃោសនាបោះឆ្នោត គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន ២បណ្តឹង ហើយដែលក្នុងនោះមាន៖

ទី១. កើតឡើងនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំទួលពង្រ នៃខេត្តបន្ទាយមានជ័យ ។ ករណីនេះគណៈកម្មការរៀបចំការបោះឆ្នោតឃុំទួលពង្រ បានបើកកិច្ចប្រជុំផ្សះផ្សា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានលទ្ធផល “គូភាគីមិនព្រមសះជាឡើយ”។ ក្រោយពីថ្ងៃផ្សះផ្សាមិនសះជា ភាគីទំនាស់មិនបានដាក់ពាក្យបណ្តឹង បន្តទៅគណៈកម្មការ-រៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យឡើយ ហើយបើគិតមកដល់ពេលនេះ គឺហួសអាជ្ញាយុកាលនៃការប្តឹងទៅហើយ ។

ទី២.កើតឡើងនៅគណៈកម្មការរៀបចំការ បោះឆ្នោត សង្កាត់ភ្នំពេញថ្មី នៃរាជធានីភ្នំពេញ ។ ករណីនេះ គណៈកម្មការរៀបចំការបោះឆ្នោត សង្កាត់ភ្នំពេញថ្មី បានធ្វើលិខិត ជូនដំណឹងតាមលិខិតរដ្ឋបាលទៅភាគី ដើមបណ្តឹងរួចហើយ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner