សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បាននិងកំពុងបន្តដោះស្រាយបញ្ហាជាច្រើន ដែលស្រ្តីគ្រប់វ័យ កំពុងប្រឈម
ភ្នំពេញ៖ តាមសារលិខិត របស់សម្ដេចតេជោ ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តដោះស្រាយបញ្ហាជាច្រើនទៀត ដែលស្រ្តីគ្រប់វ័យកំពុងប្រឈម ដូចជា បញ្ហាសុខភាព ការអប់រំ ការរំលោភ បំពាន និងសិទ្ធិនៃការចូលរួម និងសិទ្ធិ ក្នុងការសម្រេចចិត្តជាដើម។ ជាមួយនេះ រាជរដ្ឋាភិបាល បានកំពុងជំរុញលើកទឹកចិត្ដ ដល់ស្ដ្រីគ្រប់រូប សម្រាប់ចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។
ក្នុងសារលិខិត សម្ដេចតេជោ បានបន្តថា រាជរដ្ឋាភិបាល បាននិងកំពុងជំរុញលើកទឹកចិត្ត ព្រមទាំងបង្កលក្ខណៈកាន់តែអនុគ្រោះដល់ស្ត្រីគ្រប់រូប ដើម្បីមានឱកាស និងលទ្ធភាពកាន់តែទូលាយ សម្រាប់ការចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។
សម្ដេច បានបន្ថែមថា ជាទស្សនៈសង្គមរួមនៅកម្ពុជា តម្លៃខ្ពស់ត្រូវបានផ្ដល់ជូនដល់ស្រ្តី ដោយចាត់ទុកស្ត្រីជាមាតានៃសង្គម និងជាធនធានដ៏ចាំបាច់ សម្រាប់ដំណើរការកសាង និងអភិវឌ្ឍប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា តាមរយៈការបញ្ជ្រាបយេនឌ័រ ទៅក្នុងគ្រប់ គោលនយោបាយផែនការអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រនៅគ្រប់ក្រសួងស្ថាប័ន រួមទាំងការអនុវត្តអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ។
ជាមួយនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា សិទ្ធិស្តី្រ និងក្មេងស្រី ក្នុងការជ្រើសរើសគូស្រក ការមានកូន និងចំនួនកូនដែលចង់បាន ត្រូវបានយកចិត្តទុកដាក់ខ្ពស់។ ជាក់ស្ដែង រាជរដ្ឋាភិបាល បានដាក់ចេញនូវ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដោយទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ ឲ្យមានសិទិ្ធជាមូលដ្ឋាន ក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត ហើយបង្កលទ្ធភាពឱ្យស្តី និងក្មេងស្រី ទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ៕





ដោយ ៖ វណ្ណលុក