វិមានរំលឹកដល់អ្នកអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នឹងសម្ពោធជា​ផ្លូវ​ការ​ថ្ងៃទី១៤ ខែកក្កដា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គិតមកដល់ពេលនេះ វឌ្ឍនភាពនៃការស្ថាបនាឡើងវិញនូវ «វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨» បានស្ថាបនារួចរាល់ហើយ ។វិមាននេះ គ្រោ​ងនឹងសម្ពោធជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

​​ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ខែកក្កដាថា​វិមាននេះ​​បានសាងសង់រួចរាល់ជាស្ថាពរកាលពី​ថ្ងៃទី​៧ខែកក្កដាដោយប្រើរយៈពេល ១៦៣​ថ្ងៃ និងត្រូវបានដឹ​កនាំសាងសង់ឡើងវិញដោយរូបលោកផ្ទាល់។

ឯកឧត្តមបន្តថា នៅក្នុងវិធីសម្ពោធនាថ្ងៃទី១៤ខែកក្កដានេះដែរថ្នាក់​ដឹកនាំ​និងមន្ត្រី​រាជការក្រសួងរៀបចំដែ​នដី ​នឹងធ្វើការ​ច្រៀង បទនគររាជ​ រួមគ្នា ដើម្បីអបអរពិធីសម្ពោធនេះផងដែរ។ ​

អ្នកជំនាញស្ថាបត្យករឯកឧត្តម លី រស្មី បានឱ្យដឹងទៀតថា វិមាននេះត្រូវបានសាងសង់ឡើងវិញដោយរក្សាតា​មលំនាំដើម​ទាំងស្រុងដើម្បីអភិរក្សសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនេះឱ្យបានល្អប្រសើរ។វិមាននេះ​​បែរមុខទៅទិសខាងកើតស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរដើម្បីឱ្យអ្នកដែលធ្វើមរណកាលទៅបា​នទៅកើតនាឋានសុគតិភព និងជាទិសមានជ័យភូមិល្អព្រោះមានទន្លេនៅខាងមុខ។​

ឯកឧត្តម លី រស្មី បានបញ្ជាក់ទៀតថា  វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១​ នេះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩២៥ និងត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោលនៅឆ្នាំ១៩៧៥។​

ឯកឧត្តមបន្តថា ៖ «វិមាននេះ ត្រូវបានស្ថាបនាឡើងវិញជានិម្មិតរូបនៃមិត្តភាពកម្ពុជា-បារាំង និងជាពិ​សេសរំលឹកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងទទួលបានជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទី១ នាពេលនោះ»​។​

ជាមួយគ្នានេះ ការសាងសង់នេះ នឹងជួយលើកម្ពស់ទេសភាពនគរូបនីយកម្មក្រុងឱ្យកាន់តែមានសោភណភាព បង្កើតទីកន្លែងលម្ហែកម្សាន្ត និងធ្វើឱ្យរាជធានីភ្នំពេញទទួលបានត្រឡប់មកវិញនូវផ្នែកមួយនៃប្រ​វត្តិសាស្ត្រដែលជាទស្សនីយភាពថ្មីមួយនៃសិល្បៈដ៏ល្អត្រកាលពីអតីតកាលឱ្យរស់ឡើងវិញ និងដែលបានបា​ត់បង់ទៅជិតកន្លះសតវត្សរ៍កន្លងមកហើយ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក លី រស្មី។​

សូមរម្លឹកដែរថា វិមាននេះសាងសង់ឡើងនៅឆ្នាំ១៩២៥ បន្ទាប់មកត្រូវបានបំផ្លាញដោយខ្មែរក្រហម និងត្រូវបានអនុញ្ញាតឱ្យស្ថាបនាឡើងវិញតាមសេចក្តីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា​តាមសំណើរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ​

វិមាននេះមានកម្ពស់សរុប ១២,៣ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ម៉ែត្រ, ខឿនតម្កល់កម្ពស់ ៣,២០ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង​​កម្ពស់ ២,៨ម៉ែត្រ។ការសាងសង់វិមាននេះដែរ ​ក្រុមការងារបានយកបំណែក​លោហធាតុដែលនៅសេសសល់ពីការបែកបាក់ ផ្គុំគ្នាជា​មួយនឹងរូបដែលធ្វើបំពេញថ្មី ដើម្បីរក្សាបាននូវតម្លៃអភិរក្ស និងភាពជាប្រវត្តិសាស្ត្រ។​

វិមាននេះដែរត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ជា សុផារ៉ា ​និងលោក អូលីវីយេ ប៊ីច(Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង។

​រាជរដ្ឋាភិបាលកម្ពុជា-បារាំង បានចាត់ទុកដែរថា វិមាននេះ​នឹងក្លាយជាកន្លែងរំលឹកដល់វិញ្ញាណក្ខន្ធរបស់ប្រជាជនកម្ពុជានិងបារាំង ដែលបានទទួលមរណភាពក្នុងបុព្វហេតុនៃប្រទេសបារាំង ដែលភាពក្លាហាន និងការលះបង់របស់ពួកគេ បានធ្វើឱ្យមានជ័យជម្នះនៅឆ្នាំ១៩១៨ នៅប្រទេសបារាំង និងជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ កម្ពុជា -បារាំងថែមទៀតផង៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner