ការប្រកួតទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ស្អែកនេះចាប់ផ្តើមប្រកួតផ្លូវការ
(ភ្នំពេញ)៖ យោងតាការបញ្ជាក់ ពី ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធ កីឡា ទាញព្រ័ត្រកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នឹងដំណើរការប្រកួតផ្លូវការចាប់ពីថ្ងៃទី១២ កក្តដា ស្អែកនេះ រហូតដល់ថ្ងៃទ១៥ កក្កដា ឆ្នាំ២០២៣ទើបបញ្ចប់ការប្រកួត។
ឯកឧត្តម ប្រធានសហព័ន្ធ បានបញ្ជាក់ទៀតថា ការប្រកួតនេះធ្វើឡើងលើ៤វិញ្ញាសា គឺ ៖ វិញ្ញាសា បុរស ៨នាក់ ទល់ ៨នាក់ទម្ងន់ ៦០០kg វិញ្ញាសានារី ៨ នាក់ ទល់ ៨នាក់ទម្ងន់ ៥០០kg វិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ទម្ងន់ ៣០០kg និង វិញ្ញាសានារី ៤នាក់ ទល់ ៤នាក់ ទម្ងន់ ២៥០kg។

លោកថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធបានរៀបចំឡើង ក្នុងគោលបំណងដើម្បីវាស់ ស្ទង់ សមត្ថភាពអត្តពលិកផង ដើម្បីពង្រឹងគុណភាពនៃប្រភេទកីឡា នេះឲ្យកាន់តែប្រសើរឡើង ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ឲ្យទទួលបានគុណផលខ្ពស់ ។

ឯកឧត្តមបណ្ឌិត មាស សារិន បានអំពាវនាវ ដល់សាធារណៈជននៅក្នុងរាជធានីភ្នំពេញ សូមចូលរួមទស្សនាការប្រកួតដែលនឹងរៀចំនៅរង្វង់មូលនាងមច្ឆា ស្ថិតក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ដើម្បីគាំទ្រលើកទឹកចិត្តកីឡាករកីឡាការិនី និងចូលរួមលើកស្ទួយវិស័យកីឡាទាញព្រ័ត្រដែលជាកេរ្តិ៍ដំណែលដូនតា។

សូមបញ្ជាក់ថា ការប្រកួតទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នឹងរៀបចំការប្រកួត រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៥ ខែឧសភា នៅរង្វង់មូលនាងមច្ឆា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីវាស់ស្ទង់សមត្ថភាពអត្តពលិកផង ដើម្បីពង្រឹងគុណភាពនៃប្រភេទកីឡា នេះឲ្យកាន់តែប្រសើរឡើង ៕

អត្ថបទ៖ ជាវ ចន្ធូ