ឥណ្ឌូណេស៊ីស្វាគមន៍ការវិលត្រឡប់មកវិញនូវគ្រឿងអលង្ការ ចម្លាក់ប្រាសាទរបស់ខ្លួន
ហ្សាការតា៖ ប្រទេសហូឡង់និងឥណ្ឌូណេស៊ីនៅថ្ងៃទី១០ ខែកក្កដា បានសាទរចំពោះការត្រឡប់មកវិញនៃវត្ថុបុរាណវប្បធម៌រាប់រយប្រភេទដែលត្រូវបានយកទៅតាំងពីសម័យអាណានិគម។ ការវិលត្រឡប់នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងទាមទារសំណងទូទាំងពិភពលោក។
វត្ថុបុរាណដែលរាប់បញ្ចូលទាំងត្បូងពេជ្រនិងចម្លាក់ដែលមិនអាចកាត់ថ្លៃបានពីប្រាសាទនៅសតវត្សរ៍ទី ១៣ ត្រូវបានប្រគល់ជូនប្រទេសឥណ្ឌូណេស៊ីជាផ្លូវការក្នុងពិធីមួយនៅឯសារមន្ទីរ Volkenkunde ក្នុងទីក្រុង Leiden។
លោក Hilmar Farid អគ្គនាយកបេតិកភណ្ឌវប្បធម៌នៃក្រសួងវប្បធម៌ឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា ៖ «យើងពិតជាសប្បាយរីករាយណាស់ ទាំងសម្រាប់ប្រទេសហូឡង់ និងសម្រាប់ឥណ្ឌូនេស៊ីយើង ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ក៏ដូចជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។
លោកបានបន្តថា៖ «ប៉ុន្តែខ្ញុំគិតថាអ្វីដែលយើងសម្រេចបានរហូតមកដល់ពេលនេះក៏ជាការរួមចំណែកយ៉ា ងសំខាន់ក្នុងការជជែកពិភាក្សាជាសកលអំពីការប្រគល់វត្ថុអាណានិគមមកវិញផងដែរ»។
រដ្ឋាភិបាលហូឡង់បានប្រកាសអំពីការប្រគល់វត្ថុបុរាណដែលបានលួចពីប្រទេសស្រីលង្កា និងទ្រព្យសម្បត្តិពីប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន។ រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក Ali Sabry បានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ហើយលោកបានថ្លែងថា ប្រទេសនៅមហាសមុទ្រឥណ្ឌានឹងធ្វើការរក្សារបស់របរ រួមទាំងកាណុងដែលមានការរចនាដ៏អស្ចារ្យថែមទៀតផង។
វត្ថុបុរាណទាំងនោះ ជាវត្ថុបុរាណដំបូងគេដែលបានបញ្ជូនមកប្រទេសវិញ តាមអនុសាសន៍របស់គណៈក ម្មាការហូឡង់ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ដើម្បីវាយតម្លៃសំណើដោយប្រទេសនានាសម្រាប់ការប្រគល់វត្ថុបុរាណនៅក្នុងសារមន្ទីររដ្ឋរបស់ខ្លួន។ គណៈកម្មាធិការក៏កំពុងពិចារណាលើសំណើសុំបន្ថែមពីប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា និងនីហ្សេរីយ៉ាផងដែរ។
លោក Farid បានបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ីទទួលបានមកវិញច្រើនជាងកំណប់នៃគ្រឿងអលង្ការចិញ្ចែងចិញ្ចាច និងចម្លាក់បុរាណពីប្រាសាទមួយនៅកោះជ្វា។
លោកបានមានប្រសាសន៍ថា ៖ «យើងចាត់ទុកវត្ថុទាំងនេះថាជាវត្ថុដែលបាត់នៅក្នុងនិទានកថាជាប្រវត្តិសាស្ត្ររបស់យើង ហើយជាការពិតណាស់ ពួកវាមានតួនាទីខុសៗគ្នាជានិមិត្តរូបវប្បធម៌។ ការទទួលបានវត្ថុទាំងនេះត្រឡប់មកវិញមានន័យថា ឥណ្ឌូនេស៊ីអាចបញ្ចូលពួកវាទៅក្នុងបរិបទវប្បធម៌របស់ពួកគេ ហើយវាពិតជាមានសារៈសំខាន់ជានិមិត្តរូបសម្រាប់យើង»។
ចំណែក អ្នកស្រី Gunay Uslu រដ្ឋលេខាធិការក្រសួងវប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយហូឡង់ បានហៅការធ្វើបទបង្ហាញកាលពីថ្ងៃចន្ទថាជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានសារៈសំខាន់” ដែលរំលេចចេញពីប្រទេសហូឡង់ និងអតីតអាណានិគមរបស់ខ្លួន»។
អ្នកស្រីបន្តថា ៖ «វាក៏ជាពេលវេលាដ៏សំខាន់សម្រាប់ពិភពលោក ព្រោះវានិយាយអំពីវត្ថុអាណានិគមនៅក្នុងបរិបទអាណានិគម ដូច្នេះវាជាប្រធានបទដ៏រសើបមួយ»។
សារមន្ទីរទីក្រុងប៊ែកឡាំងបានប្រកាសកាលពីខែមករាថា ខ្លួនបានត្រៀមជាស្រេចដើម្បីប្រគល់លលាដ៍ក្បាលមនុស្សរាប់រយនាក់ពីអតីតអាណានិគមអាល្លឺម៉ង់នៃអាហ្វ្រិកខាងកើត។
នៅឆ្នាំ ២០២១ ប្រទេសបារាំងបានប្រកាសដែរថា ខ្លួនបានប្រគល់រូបចម្លាក់ រាជបល្ល័ង្ក និងអាសនៈដ៏ល្អវិចិត្រដែលយកពីប្រទេសអាហ្រ្វិកខាងលិចនៃបេនីន។ កាលពីឆ្នាំមុន ប្រទេសបែលហ្ស៊ិកបានប្រគល់ធ្មេញដែលបិទបន្ទះមាស ដែលជាកម្មសិទ្ធិរបស់វីរបុរសឯករាជ្យកុងហ្គោ Patrice Lumumba ដែលត្រូវបានសម្លាប់៕
ប្រែសម្រួល៖នី ស្រីពៅ
ប្រភព៖ CNA Indonesia welcomes return of jewels, temple carvings as important step in global restitution effort