ស្ថាប័នព័ត៌មានឯករាជ្យពីរ បង្ហាញទិន្នន័យពីការស្លាប់របស់ទាហានរុស្សី ដែលទីក្រុងមូស្គូព្យាយាមលាក់បាំង

មូស្គូ៖ យោងតាមការវិភាគស្ថិតិរបស់ស្ថាប័នឯករាជ្យចំនួន​ពីរ ជុំវិញចំនួនទាហានស្លាប់នៃសង្គ្រាមរុស្ស៊ី និងអ៊ុនក្រែនបាន​បង្ហាញថា ទាហាន​រុស្ស៊ីប្រមាណជាជិត​ ៥០ ០០០នាក់ ត្រូវបានស្លាប់នៅក្នុងសង្គ្រាមនៅប្រទេស​អ៊ុយក្រែន។

ស្ថាប័នផ្សព្វផ្សាយឯករាជ្យពីរ របស់រុស្ស៊ីគឺ Mediazona និង​Meduza ដែលធ្វើការជាមួយអ្នកវិទ្យាសាស្ត្រផ្នែ​​កទិន្នន័យមកពីសាកលវិទ្យាល័យ Tübingen របស់ប្រទេសអាល្លឺម៉ង់ បានប្រើទិន្នន័យរបស់រដ្ឋាភិបាលរុស្ស៊ី​ ដើម្បីបំភ្លឺអាថ៌កំបាំង ដែលទីក្រុងមូស្គូ ព្យាយាមបិទបាំងខ្លាំងជាទីបំផុតនោះ គឺចំនួនមនុស្សស្លាប់ជុំវិញការឈ្លានពានអ៊ុយក្រែន។

ទាក់ទិនទៅនឹងការវិភាគទិន្នន័យនេះ ពួកគេពឹងផ្អែកលើគោលគំនិតវិភាគស្ថិតិមួយ​ដែលគេនិយមប្រើក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ​១៩ ដែលមានឈ្មោះជាភាសាអង់គ្លេសថា «excess mortality» ឬជាភាសាខ្មែរថា «ចំនួនមរណភាពលើស»​។ ផ្អែកលើកំណត់ត្រាចាស់ និងទិន្នន័យមរណភាពផ្លូវការ ពួកគេបានប៉ាន់ប្រមាណថាមានមនុស្សប្រុសអាយុក្រោម ៥០ឆ្នាំ បានស្លាប់ច្រើនខ្លាំងបំផុត នៅចន្លោះខែកុម្ភៈ ឆ្នាំ ២​០២២ ដល់ខែឧសភា ឆ្នាំ២០២៣។

ភាគីទាំងពីរ ទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ មិនបានផ្តល់ទិន្នន័យ ពិតប្រាកដនៃការខាតបង់ផ្នែកយោធានោះទេ។ រុស្ស៊ី​បាន​ទទួល​ស្គាល់​ជា​សាធារណៈថា ​ទាហានខ្លួនបានស្លាប់ត្រឹម​តែ​ជាង​ប្រាំមួយពាន់នាក់​ប៉ុណ្ណោះ។ ខណៈរបាយការណ៍​ពី​ការ​បាត់​បង់ចំនួន​យោធា ​ត្រូវ​បាន​​គាប​សង្កត់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី រួមទាំងស​ក​ម្មជន និង​អ្នក​កាសែត​ឯករាជ្យ។

ជនណាដែល ចងក្រងទិន្នន័យរបស់​អ្នក​ស្លាប់ក្នុងសង្គ្រាមត្រូវចាត់ទុកថា ផ្គើ​ន ហើយត្រូវប្រឈមមុខនឹងកា​រគំរាមកំហែង និងថែមទាំងអាចជាប់ទោសព្រហ្មទណ្ឌ។

ទីភ្នាក់ងារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានចុះផ្សាយដែរ​ថា បើទោះបីជាមានបញ្ហាប្រឈមបែបណាក៏​ដោយក៏ស្ថាប័ន Mediazona និងភ្នាក់ងារ BBC នៅប្រទេសរុស្សី បានធ្វើការជាមួយបណ្តាញស្ម័គ្រចិត្ត បានយកការបង្ហោះលើបណ្តាញសង្គម និងរូបថតនៅតាមទីបញ្ចុះសពនៅទូទាំងប្រទេសរុស្ស៊ី ដើម្បីបង្កើតមូលដ្ឋានទិន្នន័យនៃការស្លាប់ដោយសារសង្រ្គាម។ បើគិតត្រឹមថ្ងៃទី ៧ ខែកក្កដា ពួកគេកំណត់ និងរកឃើ​ញ​ថាទាហានរុស្ស៊ីចំនួន ២៧ ៤២៣ នាក់បន្ថែមទៀតបានស្លាប់។

លោក Dmitry Treshchanin និពន្ធនាយកនៅស្ថាប័ន​ Mediazona ដែលបានជួយត្រួតពិនិត្យការស៊ើបអង្កេតនេះ បាននិយាយថា ៖ «ទាំងនេះគ្រាន់តែជាទាហានដែលយើងកំណត់តាមឈ្មោះប៉ុណ្ណោះ ចំណែកការស្លាប់ផ្សេងទៀតយើងបានផ្ទៀងផ្ទាត់ផ្អែកតាមប្រភពជាច្រើន»។

លោកបន្តថា ការប៉ាន់ស្មានដែលស្ថាប័នលោក​បានធ្វើជាមួយស្ថាប័ន Meduza អនុញ្ញាតឱ្យលោក​មើលឃើ​​ញថា ការលាក់បាំងចំនួនទាហានស្លាប់ យ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលរុស្ស៊ី នឹងមិនជោគជ័យនោះទេ។

ដើម្បីឈានដល់ការបូកសរុបទិន្ឋន័យនេះ អ្នកកាសែតមកពីស្ថាប័ន​ Mediazona និងMeduza ​ក៏​បានទាញយកបាននូវកំណត់ត្រានៃសំណុំរឿងនានាដែលបានប្តឹងទៅអាជ្ញាធររុស្ស៊ីផងដែរ​ ហើយទិន្នន័យដែលពួ​កគេទទួលបានពី National Probate Registry ក៏​មានព័ត៌មានទាក់ទងនឹង​​មនុស្ស​ស្លាប់ ជាង ១១លាននាក់ផងដែរ នៅចន្លោះឆ្នាំ ២០១៤ ដល់ខែឧសភា ឆ្នាំ២០២៣។​

ការកើនឡើងនេះ គឺប្រហាក់ប្រហែលនឹងការវាយតម្លៃកាលពីខែឧសភាដោយ White House (អាមេរិក) ថា ជនជាតិរុស្សីជាង ២០ ០០០ នាក់ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ ស្រដៀងគ្នានេះ កាល​ពី​ខែ​កុម្ភៈ ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ជនជាតិ​រុស្ស៊ីស​រុ​បចន្លោះ​ពី ៤០ ០០០ ទៅ ៦០ ០០០ នាក់​ទំនង​ជា​ត្រូវ​បាន​សម្លាប់​ក្នុង​សង្រ្គាមនេះ​ផងដែរ​។

គួរជម្រាបដែរថា ទីក្រុងមូ​ស្គូបានដាក់ឈ្មោះឱ្យស្ថាប័នផ្សព្វផ្សាយឯករាជ្យ Mediazona ថាជា «អាយ៉ងបរទេស» ហើយ​បាន​បិទ​គេហទំព័រ​នេះចោលចាប់តាំង​ពី​ការ​លុកលុយ​របស់ខ្លួនទៅ​លើ​ប្រទេសអ៊ុយក្រែនមកម្ល៉េះ៕

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ How many Russians have died in Ukraine? Data shows what Moscow hides

ads banner