ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់មូសុងវស្សា សម្លាប់មនុស្សជិត៣០នាក់នៅឥណ្ឌា
ញូវដេលី៖ ក្រុមមន្ត្រីឥណ្ឌាបាននិយាយកាលពីថ្ងៃទី១០ ខែកក្កដាថា ភ្លៀងមូសុងខ្លាំងជាច្រើនថ្ងៃនៅទូទាំងភាគខាងជើងប្រទេសឥណ្ឌាបានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៩ នាក់ស្លាប់ ដោយបានធ្វើឱ្យតំបន់ខ្លះរងគ្រោះដោយទឹកជំនន់ និងការរអិលបាក់ដីជាដើម។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រូបភាពវីដេអូពីទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលអូសផ្ទះ និងរថយន្តទៅជាមួយក្នុងរដ្ឋខ្ពង់រាប Himachal Pradesh ដែលជាតំបន់រងគ្រោះខ្លាំងបំផុត។
លោក Omkar Sharma មន្ត្រីជាន់ខ្ពស់ដែលដឹកនាំការគ្រប់គ្រងគ្រោះមហន្តរាយក្នុងរដ្ឋ បាននិយាយថា ៖ «ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ចំនួនអ្នកស្លាប់ដោយសារភ្លៀងមូសុង បានកើនឡើងដល់ ២០ នាក់ ក្នុងរដ្ឋ Himachal Pradesh»។
ជាមួយគ្នានេះ ករណីស្លាប់ដូចគ្នាចំនួនប្រាំបួននាក់ផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋ Rajasthan រដ្ឋ Uttar Pradesh និងតំបន់ហិមាល័យ Uttarakhand និង Kashmir ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ២៩ នាក់ទូទាំងប្រទេសឥណ្ឌា កើនពី១៥នាក់ ដែលគេរាយការណ៍កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍។
អភិបាលរដ្ឋ Himachal Pradesh លោក Sukhvinder Singh Sukhu បានសម្តែងទុក្ខសោកយ៉ាងជ្រាលជ្រៅចំពោះគ្រួសារជនរងគ្រោះដែលស្លាប់ ហើយថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយស្ថានការណ៍ ខណៈភ្លៀងធ្លាក់ខ្លាំងជោកជាំនៅតែបន្ត។
នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្យាករថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត នៅទូទាំងភូមិភាគខាងជើងនៃប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ភ្លៀងធ្លាក់ខ្លាំងដ៏កម្រ បានធ្វើឱ្យសាលារៀនក្រុងញូវដេលីត្រូវបិទទ្វាកាលពីថ្ងៃចន្ទ ហើយរដ្ឋធានីទាំងមូលមានការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកទន្លេ Yamuna កំពុងហូរកៀកនឹងកម្រិតគ្រោះថ្នាក់ ដែលធ្វើឱ្យផ្លូវជាច្រើនត្រូវជន់លិច។ ក្រៅពីនេះ ផ្លូវ និងសង្កាត់នានាក្នុងរដ្ឋ Punjab ក៏ពោរពេញទៅទឹកជំនន់ត្រឹមជង្គង់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងផងដែរ។
ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលឥណ្ឌាបង្ហាញថា ខ្យល់មូសុងនៅទូទាំងប្រទេសក្នុងសប្តាហ៍ទី១ នៃខែកក្កដានេះ បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាងធម្មតាប្រហែល ២ ភាគរយរួចទៅហើយ។ ភ្លៀងធ្លាក់គឺពិបាកនឹងព្យាករណ៍ និងប្រែប្រួលគួរឱ្យកត់សម្គាល់ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុ កំពុងធ្វើឱ្យខ្យល់មូសុងកាន់តែខ្លាំង និងខុសប្រក្រតី៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ https://www.channelnewsasia.com/asia/india-monsoon-floods-29-killed-least-3618946