កម្ពុជា និងម៉ាឡេស៊ីសហការគ្នាជំរុញកែលម្អសេវាថែទាំសុខភាពនៅកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្ត Intercare នៅកម្ពុជា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Sunway មកពីប្រទេសម៉ាឡេស៊ី បានសហការគ្នាជំរុញកែលម្អសេវាថែទាំសុខភាពនៅកម្ពុជា។ កិច្ចសហការរួមគ្នានេះ នឹងផ្តោតលើការផ្តល់សេវាថែទាំសុខភាពជាស្តង់ដារអន្តរជាតិដល់ប្រជាជនកម្ពុជា។

លោក Jason Harrison អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Intercare បានមានប្រសាសន៍ថា រូបលោកជឿជាក់ថា ជាមួយនឹងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងក្រមសីលធម៌ នឹងអាចផ្តល់ឱ្យប្រជាជន និងសង្គមកម្ពុជានូវសេវាវេជ្ជសាស្រ្តមានគុណភាពខ្ពស់។ លោកបន្តថា កម្ពុជាជាប្រទេសដែលមានចំនួនប្រជាជនកើនឡើង និងធនធានមានកម្រិត យើងជឿជាក់ថា កិច្ចសហការរួមគ្នានេះ នឹងជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពក្នុងស្រុក ហើយថែមទាំងទទួលបាននូវការគាំទ្រពីអន្តរជាតិផងដែរ។

ប្រការនេះនឹងធានាបានថា ប្រជាជនកម្ពុជាទទួលបានការព្យាបាលប្រកបដោយគុណភាពកាន់តែប្រសើរឡើង។ នាឱកាសនោះដែរ អ្នកនាង Faith Tang ជំនួយការនាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway បានបញ្ជាក់ថា យើងមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ Intercare នៅក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ រួមគ្នា យើងអាចបង្កើតលទ្ធផលល្អលើសេវាសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយយើងទន្ទឹងរង់ចាំធ្វើការឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសជាតិលើវិស័យវេជ្ជសាស្រ្ត។

នាឱកាសនោះដែរ គណៈគ្រប់គ្រងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Intercare នៅកម្ពុជា និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Sunway មកពីម៉ាឡេស៊ី បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ព្រមជាមួយការរំពឹងទុកថា ភាពជាដៃគូនេះ នឹងពង្រីកជំនាញផ្នែកវេជ្ជសាស្រ្ដក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី តាមរយៈមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Sunway៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner