ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវឱ្យអង្គការណាតូនិងសម្ព័ន្ធមិត្តអាមេរិក ជួយឃាត់កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោមនៅសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបន្តអំពាវនាវដល់សមាជិកអង្គការណាតូ(NATO)និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ជួយទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសមរភូមិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែនបានទទួលជំនួយគ្រាប់បែកនេះរាប់សិបម៉ឺនក្នុងកញ្ចប់ជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនផ្តល់ឱ្យកាលពីចុងសប្តាហ៍មុននេះ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះ តាមរយៈសារនៅលើបណ្តាញសង្គម ធ្វីតធ័រ(Twitter) ផ្លូវការរបស់សម្ដេចនាយប់ថ្ងៃទី១០ ខែកក្កដា ដែលសម្ដេចបានទទូចឱ្យមានការហាមឃាត់លើការប្រើប្រាស់គ្រាប់បែកចង្កោមពីរវង្វង់សម្ព័ន្ធអាមេរិក ពិសេសពីសមាជិកអង្គការណាតូផ្ទាល់ ដែលប្រទេសខ្លះជាសមាជិកនៃអនុសញ្ញាទីក្រុងអូស្លូដែលហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោមនេះក្នុងសឹកសង្គ្រាមតទៅទៀត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងជាប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដាកន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានអំពាវនាវដល់ប្រធានាធិបតីអាមេរិកចូ បៃឌិន(Joe Biden) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលែនស្គី (Volodymyr Zelensky) ឱ្យពិចារណាមិនប្រើប្រាស់គ្រាប់បែកចង្កោមនេះដែរ។សម្ដេចតេជោបានបង្ហាញហេតុផលថា ដើម្បីបង្ការហានិភ័យដល់ប្រជាជនអ៊ុយក្រែនក្នុងរយៈពេលវែង ខណៈកម្ពុជាបាននិងកំពុងរងគ្រោះពីឥទ្ធិពលគ្រាប់បែកនេះអស់រយៈពេលជាងកន្លះសតវត្សរ៍ទៅហើយ បន្យល់ពីសង្គ្រាមត្រជាក់កាលពីដើមទសវត្សរ៍ឆ្នាំ១៩៧០។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានភូមិសាស្រ្តនយោបាយអន្តរជាតិមួយរូបក៏បានលើកឡើងដែរថា ការបន្តអំពាវនាវហើយអំពាវនាវទៀតរបស់កម្ពុជា ដោយសារប្រទេសកម្ពុជាធ្លាប់រងគ្រោះ និងកំពុងរងគ្រោះពីសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម គ្រាប់មីន ដែលផលិតដោយប្រទេសមហាអំណាច។
លោកបានបន្តថា នេះជាសារនយោបាយមួយដល់អន្តរជាតិ និងជាពិសេសប្រទេសអ៊ុយក្រែន ដែលការសម្រេចចិត្តប្រើប្រាស់គ្រាប់បែកចង្កោមនឹងបំផ្លាញភាពសុខសាន្តរបស់ប្រទេសយូរអង្វែង។
លោក យង់ ពៅ បានបន្តថា ៖ «ខ្ញុំយល់ថា ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា តិចឬច្រើនមានឥទ្ធិពល ជាសារនយោបាយក្នុងកម្រិតអន្តរជាតិ ទោះបីជាមហាអំណាច និងអ៊ុយក្រែនផ្ទាល់មិនស្តាប់ក៏ដោយចុះ ក៏ប៉ុន្តែជាសារប្រាប់ពិភពលោកថា កម្ពុជាកំពុងតែឈឺចាប់ និងរងគ្រោះ ហើយមិនចង់ឱ្យប្រទេសដទៃទៀតរងគ្រោះដូចកម្ពុជា ហើយឱ្យអន្តរជាតិពិចារណាជាមួយគ្នា»។
លោកបានបន្ថែមទៀតថា ខណៈពេលនេះប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានប្រើប្រាស់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលភាគច្រើនមាននៅលើទឹកដីអ៊ុយក្រែន ហើយបើអ៊ុយក្រែនសម្រេចប្រើប្រាស់គ្រាប់បែកចង្កោមទៀត នោះនឹងធ្វើឱ្យអ៊ុយក្រែនជួបផលបំបាករយៈពេលវែង ពិសេសនៅដំណាក់កាលរាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយចប់សង្គ្រាម ដែលជាផលលំបាកដល់ប្រជាជនអ៊ុយក្រែនក្នុងការប្រើប្រាស់ដីធ្លី។
ទាក់ទងនឹងគ្រាប់បែកចង្កោមនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ក៏បានប្រកាសគាំទ្រលើសេចក្តីអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាសហគមន៍សកម្មភាពមីន និងប្រទេសដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមនេះផងដែរ។
លោកបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកលោកថា ការសម្រេចចិត្តក្នុងការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម នឹងបង្កការបំផ្លិចបំផ្លាញ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ និងជនស៊ីវិលទាំងក្នុងសង្រ្គាម និងក្រោយសង្រ្គាម។
ឯកឧត្តម លី ធុជ បញ្ជាក់ថា ៖ «ការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងការកំចាត់គ្នាទៅវិញទៅមក គ្រាន់តែរយៈពេលខ្លី ប៉ុន្តែការដោះស្រាយគឺប្រើប្រាស់រយៈពេលវែង ចំណាយធនធានច្រើន និងតែងតែបង្កការគ្រោះថ្នាក់ជាប្រចាំ ជាពិសេសកុមារាកុមារី ក៏ដូចជាបង្កឲ្យមានវិបត្តិសង្គមធ្ងន់ធ្ងរផងដែរ»។
សូមជម្រាបថា អនុសញ្ញាទីក្រុងអូស្លូ ជាអនុសញ្ញាអន្តរជាតិមួយ ដែលហាមប្រាមមិនឲ្យមានប្រើប្រាស់គ្រាប់បែកចង្កោមនេះតទៅទៀតនៅក្នុងសមរភូមិសង្គ្រាមដែលមានប្រទេសចំនួន ១២៣ប្រទេសបានចូលរួម ក្នុងនោះប្រទេស ១១១ ជាសមាជិក និងប្រទេសជារដ្ឋហត្ថាលេខីចំនួន ១២។ ទោះជាយ៉ាងណា ប្រទេសមហាអំណាចមួយចំនួន ក្នុងនោះរួមមាន រុស្ស៊ី និងសហរដ្ឋអាមេរិកមិនបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិមួយនេះឡើយ៕ ដោយ៖សំបាន ច័ន្ទដារ៉ា