សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង គ្រោងរៀបចំកម្មវិធីរត់ចម្ងាយ ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត»

អត្ថបទដោយ៖
CPA

ព្រែវែង៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តព្រៃវែងគ្រោងរៀបចំកម្មវិធីរត់ចម្ងាយ ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត» ក្នុងគោលបំណងដើម្បីរំឭកដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសក៏រួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជាផងដែរ។

កម្មវិធីរត់ចម្ងាយនេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែកក្កដាខាងមុខនេះ នៅបរិវេណសួនច្បារសម្តេចមហាធម្មពោធិសាល ជា ស៊ីម ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា កម្មវិធីនេះ នឹងចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីថ្ងៃប្រកាស រហូតដល់ថ្ងៃទី១៨ ខែកក្កដា នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

លោក ប៉ាវ សុធីរ ប្រធានប្រតិបត្តិរៀបចំការប្រកួតពានរង្វាន់ ស.ស.យ.ក.ខេត្តព្រៃវែង បានឱ្យដឹងថា កម្មវិធីរត់ចម្ងាយនេះ គឺរៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកទៅដល់ប្រជាជនរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។ លោកបន្តថា វាក៏ជាឱកាសមួយដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា និងដើម្បីពង្រឹងយុវជនកម្ពុជាឱ្យមានស្មារតីមិត្តភាព និងសាមគ្គីភាព មានសុខភាពល្អ និងកម្លាំងកាយមាំមួន ហើយកម្មវិធីនេះក៏មានគោលបំណងឱ្យយុវជនទាំងអស់ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ក្រៅពីនេះទៀត លោកបន្តថា កម្មវិធីរត់ចម្ងាយនេះ ជាការបង្ហាញពីការប្រកួតកីឡាក្នុងមហាគ្រួសារយុវជនខ្មែរ ជាពិសេសក្នុងឱកាសអបអរសាទរពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៣ ដែលក្នុងនោះមានចំនួន ៥វិញ្ញាសារ រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាប៉េតង់ កីឡាវាយសី និងរត់ម៉ារ៉ាតុងជាដើម។

លោក ប៉ាវ សុធីរ ថ្លែងថា៖ «គោលបំណងនៃការជ្រើសប្រធានបទ តោះយើងនាំគ្នាទៅបោះឆ្នោត ក្នុងកម្មវិធីរត់ចម្ងាយហ្នឹង គឺដើម្បីជាការចូលរួមផ្ញើសារ រំឭកជូនដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់គ្នា សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងដើម្បីជាឱកាសលើកស្ទួយវិស័យកីឡាផងដែរ»។

លោកបន្ថែមថា សម្រាប់សមាសភាពដែលអាចចូលរួមកម្មវិធីរត់ចម្ងាយនេះបាន អាចមកពីភាគីពាក់ព័ន្ធរួមមាន កីឡាករ កីឡាករិនី យុវជន យុវជនារី ស្ថាប័នរដ្ឋ និងឯកជននានា អង្គការ សមាគម ហើយជាសិស្ស និស្សិត នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ព្រមទាំងប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងប្រព្រឹត្តឡើងនៅចំថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចំនួន ១៨ ដែលឈរឈ្មោះបោះឆ្នោត៕ ដោយ៖ ជា សុខនី

ads banner