អ្នកដាំមន បង្ហើបថា ដំណាំនេះងាយស្រួលដាំ ប្រមូលផលបានជាប្រចាំ និងលក់បានថ្លៃ

អត្ថបទដោយ៖
CPA

បាត់ដំបង៖ ដំណាំមន ឬមានឈ្មោះជាភាសាអង់គ្លេសថា Mulberry គឺជាដំណាំមួយប្រភេទនៅកម្ពុជា ដែលពុំសូវមានអ្នកស្គាល់ អ្នកចាប់អារម្មណ៍ និងដាំដុះច្រើននោះទេ។ ផ្លែមន មានរូបរាងស្រដៀងទៅនឹងផ្លែបឺរី និងមានរសជាតិ ជូរ ចត់ និងផ្អែម ទៅតាមពណ៌របស់វា។

ផ្លែមន មានលក្ខណៈតូចៗ តែមានអត្ថប្រយោជន៍សុខភាពសម្បូរបែប។ ផ្លែមនផ្ទុកសារធាតុចិញ្ចឹមល្អៗ និងជាផ្លែឈើដែលមានជាតិទឹកច្រើន មានកាឡូរីទាប សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន ជាតិរ៉ែ និងប្រូតេអ៊ីន។

ដោយសារហេតុផលសុខភាពនេះហើយ ប្តីប្រពន្ធមួយគូនៅភូមិអូរពងមាន់ ស្រុកបាណន់ ខេត្តបាត់ដំបង បានចាប់ផ្តើមមានទិញដើមឈើមួយប្រភេទនេះយកមកដាំដើម្បីទុកបរិភោគជាជំនួយសម្រាប់សុខភាពផ្ទាល់ខ្លួន រហូតទទួលបានផ្លែផ្កាច្រើន និងបានកែប្រែទៅជាចម្ការធំមួយមានដើមមនរហូតរាប់ពាន់ដើម។

អ្នកស្រី ឡី ចន្នី វ័យ ៤៧ឆ្នាំ និងស្វាមីដែលកំពុងដាំដុះដំណាំមួយប្រភេទនេះបានឱ្យដឹងថា «ដើមមន ស្លឹករបស់វាធំៗ ផ្លែវាមូលៗ ស្រដៀងនឹងបឺរី។ វាផ្លែមួយៗ ពេលវាទុំពណ៌ខ្មៅ មានរសជាតិផ្អែម ។បើពណ៌ឈាមជ្រូក គឺរាងជូរ។ ពេលខ្ចីពណ៌ក្រហម គឺជូរ»។

អ្នកស្រីបានរៀបរាប់ថា ដើមឡើយលោកស្រី និងគ្រួសារ ទទួលបានការណែនាំពីប្អូន និងបានសាកល្បងដាំប្រមាណ ២០០-៣០០ដើម។ លោកស្រី ថា កាលដាំដំបូងគឺសម្រាប់ទុកបរិភោគខ្លួនឯងប៉ុណ្ណោះ។ តែក្រោយពេលដែលបងប្អូនបរិភោគទៅស្រួលខ្លួន ក៏បន្តដាំថែម រហូតដល់បច្ចុប្បន្នមានដើមសរុបប្រមាណ ៦.០០០ដើម ឬប្រហែល ៥-៦ ហិកតា។

អ្នកស្រី ឡី ចន្នី បានឱ្យពីអត្ថប្រយោជន៍នៃផ្លែមនថា សម្រាប់មនុស្សចាស់ៗមិនស្រួលខ្លួន ទទួលទានទៅស្រួលខ្លួន។ វាជួយភ្នែក ជួយសុខភាព សរសៃឈាមក៏ស្រួល ។ចាស់ៗពិបាកបត់ជើងក៏ជួយបាន មិនមានជាតិពុលក្នុងខ្លួន។លើសពីនេះវាជួយដល់ក្រចក គ្រាប់ឈាមក្រហម ។ស្ត្រីរាំងរដូវ និងការពារជំងឺមហារីកផងដែរ»។

ជាដំណាំដែលមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីកសិករ តែដំណាំមន គឺជាប្រភេទដំណាំដែលងាយស្រួលដាំ មិនរើសដី ប្រមូលផលបានជាប្រចាំ និងអាចលក់ចេញក្នុងតម្លៃថ្លៃទៅវិញ។

អ្នកស្រី ឡី ចន្នី បានបញ្ជាក់ឱ្យដឹងថា៖ «ការដាំដំបូងមួយឆ្នាំផ្លែតិចតួច។ ឆ្នាំទីពីរផ្លែតិចតួច រហូតដល់ឆ្នាំទីបីទើបបានផលច្រើន រហូតដល់ក្នុងមួយយើងថ្ងៃបេះបាន ១០ ទៅ៣០គីឡូ។ យើងបេះភ្លាមលក់ចេញភ្លាម ជាទូទៅគឺលក់មួយគីឡូ ៨ដុល្លារ»។

ដ្បិតថាងាយស្រួលដាំដុះ តែផលវិបាកតែមួយគត់នោះគឺការបេះផ្លែ ឬប្រមូលផលដោយសារតែវាមានរូបរាងតូចៗ។

អ្នកស្រី ឡី ចន្នី បញ្ជាក់ថា ដំណាំមនងាយស្រួលដាំណាស់។ ដីប្រភេទអត់ល្អក៏ដាំបានដែរ កុំឱ្យតែដីលិចទឹកយូរពេក ។និយាយទៅដាំមិនពិបាកទេ ពិបាកតែប្រមូលផល។យើងបេះព្រឹកពេកក៏អត់ល្អ ផ្លែវាពិបាកបេះ ពិបាកទុកដាក់។

ទាក់ទិន ទៅនឹងការរក្សាទុក មា្ចស់ចម្ការរូបនេះថា រាល់ពេលដែលបេះរួចរាល់ គឺត្រូវតែទុកក្នុងទូទឹកកក ដាក់កន្លែងត្រជាក់ៗ ទើបអាចរក្សាទុកបានយូរ។សម្រាប់ការលក់វិញ អ្នកស្រីបានឱ្យដឹងថា គឺជាការលក់វិលជុំដូចការប្រមូលផលអញ្ចឹង។ ពោលគឺរាល់ពេលដែលប្រមូលមកដល់ផ្ទះចន្លោះពី ១០ ទៅ ៣០គីឡូ គឺមានអតិថិជនយកអស់ៗតែម្តង។

គួរជម្រាបថា សម្រាប់ផ្លែមន ឬ Mulberry ក្រៅតែពីបរិភោគស្រស់ គេក៏អាចយកវាទៅកែច្នៃធ្វើជាភេសជ្ជៈ គាបជាទឹក ឬទឹកក្រឡុករក្សាទុកក្នុងទូទឹកកកជាដើម។

បើទោះបីជាកាក់កបនឹងដំណាំមនក្តី តែអ្នកស្រី ឡី ចន្នី បានបង្ហើបឱ្យដឹងថា អ្នកស្រីនិងគ្រួសារមិនមានគម្រោងពង្រីកការដាំដុះបន្ថែមនោះទេ គឺទុកគ្រាន់ជារបរសម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះ។ ដ្បិតអីកូនៗមានក្រុមគ្រួសាររៀងៗខ្លួន និងមានជីវភាពធូរធារទៅហើយ៕ ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner