ហុងកុង នឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តមួយចំនួនរបស់ជប៉ុន ប្រសិនបើប្រទេសនេះបញ្ចេញកាកសំណល់ទឹកពីរោងចក្រនុយក្លេអ៊ែរ
ហុងកុង៖ ប្រធាននាយកដ្ឋានបរិស្ថាន និងអេកូឡូស៊ីរបស់ទីក្រុងហុងកុង លោក តេ ជីន វ៉ាន់(Tse Chin-wan) បាននិយាយថា ខ្លួននឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តចំនួន ១០ របស់ជប៉ុន ប្រសិនបើប្រទេសនេះបញ្ចេញកាកសំណល់ទឹកដែលមានផ្ទុកសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។
លោក តេ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ការហាមឃាត់នឹងរួមបញ្ចូលការនាំចូលនូវផលិតផលរស់ ក្លាសេ សម្ងួត ឬផ្អាប់ទុកផ្សេងៗ អំបិលសមុទ្រ និងសារ៉ាយសមុទ្រដែលមិនទាន់កែច្នៃ ឬកែច្នៃរួចហើយ ជាដើម។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
គួរបញ្ជាក់ថា បន្ទាប់ពីចិនដីគោក ក្រុងហុងកុងគឺជាអ្នកនាំចូលផលិតផលកសិផល និងនេសាទដ៏ធំទី២របស់ប្រទេសជប៉ុន។ ក្នុងឆ្នាំ ២០២២ ប្រទេសជប៉ុនបាននាំចេញផលិតផលជលផលសរុបជាទឹកប្រាក់ ៥៣៦ លានដុល្លារអាមេរិក ទៅកាន់ទីក្រុងហុងកុង។ នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលជប៉ុន។
ពាក់ព័ន្ធនឹងចំណាត់ការរបស់ហុងកុង ក្រសួងការបរទេសជប៉ុនបាននិយាយកាលពីថ្ងៃពុធថា ជប៉ុនបានស្នើសុំយ៉ាងខ្លាំងដល់មន្ត្រីហុងកុងកុំឱ្យរឹតបន្តឹង លើការនាំចូលអាហារពីប្រទេសរបស់ខ្លួនដោយសារតែផែនការបញ្ចេញកាកសំណល់ទឹក។
យ៉ាងណាមិញ លោក Tse និងប្រធានលេខាធិការហុងកុង លោក Eric Chan បាននិយាយថា ពួកគេបានជួបអគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងហុងកុង ដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមានប្រព័ន្ធយ៉ាងម៉ត់ចត់ក្នុងការធានាសុវត្ថិភាពចំណីអាហារ។
លោក Tse បានបន្តថា ការហាមប្រាមនឹងអនុវត្តចំពោះផលិតផលជលផលនាំចូលពីក្រុង និងខេត្ត ដែលរួមមានតូក្យូ ហ្វូគូស៊ីម៉ា ឈីបា តូឈីហ្គី អ៊ីបារ៉ាគី ហ្គូម៉ា មីយ៉ាជី នីហ្គាតា ណាហ្គាណូ និងសៃតាម៉ា។
វិធានការនេះ ប្រកាសឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំក្រុងហុងកុង លោក John Lee បាននិយាយថា ក្រុងនឹងហាមឃាត់ផលិតផលសមុទ្រពីខេត្តមួយចំនួនធំរបស់ជប៉ុន ប្រសិនបើប្រទេសនេះបន្តផែនការបញ្ចេញកាកសំណល់ទឹកវិទ្យុសកម្ម។
ផែនការរបស់ជប៉ុន ដែលទទួលបានការអនុម័តដោយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានប្រឈមមុខនឹងការប្រឆាំងទាំងក្នុង និងក្រៅប្រទេស ជុំវិញការបំពុលបរិស្ថាន និងការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ។ ប្រទេសនេះទទូចថា ការបញ្ចេញកាកសំណល់ទឹកមានសុវត្ថិភាព ព្រោះវាត្រូវបានឆ្លងកាត់ការចម្រាញ់ និងស្របតាមស្តង់ដារពិភពលោក៕ ប្រែសម្រួលដោយ៖ ហួន ឌីណា