ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងបណ្តេញអ្នកបើកយន្តហោះម្នាក់ចេញពីការងារ ក្រោយលទ្ធផលតេស្តសុខភាពរកឃើញសារធាតុញៀន
ហាណូយ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines (VNA) បានប្រកាសថា ខ្លួននឹងបណ្តេញអ្នកបើកយន្តហោះម្នាក់ចេញពីការងារ ក្រោយលទ្ធផលតេស្តសុខភាពបង្ហាញថាមានសារធាតុញៀន។
លោក ដាំង អាញ់ ទន់(Dang Anh Tuan) អគ្គនាយករង និងជាអ្នកនាំពាក្យរបស់ VNA បាននិយាយកាលពីថ្ងៃពុធថា ពីឡុតយន្តហោះ ដែលមានឈ្មោះកាត់ P.H.D. វ័យ ៣៦ ឆ្នាំ ត្រូវបានព្យួរពីការងារ ហើយនឹងត្រូវបណ្តេញចេញពីការងារ ក្រោយលទ្ធផលតេស្តសុខភាពរបស់លោកបង្ហាញថា លោកមានផ្ទុកសារធាតុញៀន។នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម ទួយ ត្រែ(Tuoi Tre)។
លោក ទន់ បានឱ្យដឹងទៀតថា VNA បានរាយការណ៍ករណីនេះទៅអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) ដោយបញ្ជាក់ថា សំណាកឈាម និងទឹកនោមរបស់លោក P. មានជាតិថ្នាំកេតាមីន ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ធ្វើតេស្តពីមន្ទីរពេទ្យទូទៅ Medlatec ក្នុងទីក្រុងហាណូយ។
អ្នកនាំពាក្យដដែលបន្តថា VNA បាននិងកំពុងអនុវត្តនីតិវិធីដើម្បីដោះស្រាយលើការបំពានរបស់លោក P. តាមរយៈចំណាត់ការវិន័យដ៏ធ្ងន់ធ្ងរបំផុត។ លោកបន្ថែមថា៖ «អ្នកបំពានគ្រប់រូប ត្រូវតែទទួលទោសយ៉ាងតឹងរ៉ឹង»។
គួររំឭកថា នៅថ្ងៃទី ២៥ ខែមេសា បន្ទាប់ពីបដិសេធមិនធ្វើតេស្តរកសារធាតុថ្នាំមុនពេលហោះហើរនៅស្ថានីយ៍វេជ្ជសាស្រ្តរបស់អាកាសចរណ៍ លោក P. ត្រូវបានគេនាំខ្លួនទៅធ្វើតេស្ត ដោយលទ្ធផលបង្ហាញថា លោកមានផ្ទុកសារធាតុកេតាមីន។ លោកបានអះអាងក្រោយមកទៀតថា មុនពេលធ្វើតេស្តនោះ លោកបានប្រើថ្នាំបំបាត់ការឈឺចាប់ចំនួនពីរ (Ultracet និង Efferalgan Codeine) ដោយគ្មានវេជ្ជបញ្ជាពីពេទ្យ។
ប៉ុន្តែកាលពីថ្ងៃទី ០៧ ខែកក្កដា មជ្ឈមណ្ឌលវេជ្ជសាស្ត្រអាកាសចរណ៍របស់ CAAV បានចេញរបាយការណ៍មួយដែលបញ្ជាក់ថា សារធាតុហាមឃាត់ដែលរកឃើញក្នុងសំណាករបស់លោក P. មិនពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចុកចាប់ដូចលោកនិយាយនោះទេ។ មជ្ឈមណ្ឌលបានអះអាងថា សារធាតុសកម្មនៅក្នុងថ្នាំទាំងពីរ មិនដូចគ្នាទៅសារធាតុរបស់ថ្នាំកេតាមីន នោះទេ។
មន្រ្តីម្នាក់មកពី CAAV បានប្រាប់កាសែត ទួយ ត្រែកាលពីថ្ងៃពុធថា ពីឡុតយន្តហោះណាដែលរកឃើញថាបានប្រើប្រាស់គ្រឿងញៀន នឹងត្រូវដកហូតអាជ្ញាប័ណ្ណអ្នកបើកបរយន្តហោះជាអចិន្ត្រៃយ៍។
គួរបញ្ជាក់ថា ព័ត៌មានលម្អិត រួមមានអត្តសញ្ញាណរបស់លោក P. ដូចជាឈ្មោះពេញ មិនត្រូវបានបញ្ចេញជាសារធារណៈនោះទេ។ ប៉ុន្តែ Tuoi Tre ផ្សាយថា លោកធ្លាប់ជាតារាសម្តែងក្មេង ដ៏ល្បីមួយរូប ដែលបានលេចមុខក្នុងរឿងភាគទូរទស្សន៍វៀតណាមជាច្រើន។ ក្រោយមកនៅពេលពេញវ័យ លោកបានបោះបង់អាជីពសម្ដែង ហើយបន្តអាជីពថ្មីជាអ្នកបើកបរយន្តហោះ៕ ប្រែសម្រួលដោយ៖ ហួន ឌីណា