យុវជន ៖ ទូរស័ព្ទស្មាតហ្វូន កាន់តែមានតម្រូវការចាំបាច់សម្រាប់ការសិក្សា និង ជីវិតប្រចាំថ្ងៃ
(ភ្នំពេញ)៖ ទូរស័ព្ទស្មាតហ្វូន បានក្លាយជាតម្រូវការចាំបាច់មួយដែលមិនអាចខ្វះបានរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជានាយុគសម័យបច្ចុប្បន្ន។ ក្រុមយុវជន បានចាត់ទុកថា បច្ចេកវិទ្យាបានជំរុញនូវល្បឿនការសិក្សារបស់ពួកគេឱ្យកាន់តែល្អប្រសើរ ខណៈពលរដ្ឋចាត់ទុកថា ៖ ទូរស័ព្ទស្មាតហ្វូន បានក្លាយជាដៃគូមិនអាចខ្វះបាន ហើយវាកំពុងក្លាយជាផ្នែកមួយសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃមិនថា ការលេងហ្វេសប៊ុក មើលព័ត៌មាន ស្តាប់ចម្រៀង មើលម៉ោង និងអ្វីៗសំខាន់ជាច្រើនរាប់មិនអស់ទៀត ។ ទន្ទឹមជាមួយការរីកចម្រើនរបស់ប្រទេសជាតិគេឃើញថាពលរដ្ឋស្ទើរគ្រប់ទីកន្លែងមិនថាទីក្រុង ,ទីជនបទ និងខ្លះរហូតដល់ទីជនបទដាច់ស្រយាល ទាំងក្មេងចាស់ អាចមានលទ្ធភាពប្រើទូរស័ព្ទដៃស្មាតហ្វូនទៅតាមធនធានរៀងៗខ្លួន។

យុវនិស្សិត ស៊ុន ណារ៉ូ ដែលកំពុងសិក្សាផ្នែកច្បាប់ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត បានឱ្យដឹងជុំវិញការប្រើទូរស័ព្ទដៃស្មាតហ្វូនថា បច្ចេកវិទ្យាសម័យថ្មីមិនថា ក្មេងចាស់ ប្រុសស្រីទេ គឺចាំបាច់ណាស់ត្រូវពឹងផ្អែកលើទូរស័ព្ទដៃទំនើបសម័យថ្មីមួយបែបនេះ។ ក្នុងនេះដូចជា សិស្ស-និស្សិត ម្នាក់ៗបានប្រើទូរស័ព្ទរបស់ពួកគេក្នុងសិក្សាស្រាវជ្រាវទៅលើមេរៀន ការផ្តល់ព័ត៌មានពីសាកលវិទ្យាល័យ ពីសាលារៀន..និងក្នុងនេះរាប់ទាំង ការទទួលបានព័ត៌មានថ្មីៗទាំងនៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេស។

លើកឡើងមិនខុសគ្នាប៉ុន្មាន យុវនិស្សិត គៀង គង់ទ្រីវ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត ក្នុងរាជធានីភ្នំពេញនេះដែរ បានឱ្យដឹងថា ការប្រើទូរស័ព្ទស្មាតហ្វូន សម្រាប់និស្សិតមិនអាចខ្វះបានឡើយ ពីព្រោះថាការផ្តល់ព័ត៌មាន ការទទួលបានព័ត៌មានពីមិត្តភក្តិ ពីគ្រូ គេសុទ្ធសឹងតែប្រើប្រាស់ តាមរយៈទូរស័ព្ទដៃស្មាតហ្វូន។ តម្រូវការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនកាន់តែចាំបាច់ ហើយការចង់ជំរុញឱ្យល្បឿនការសិក្សាបានល្អឃើញថាម្នាក់ៗត្រូវតែមានទូរស័ព្ទបែបនេះជាប់ខ្លួន។

ដោយឡែក យុវជន ម៉ាន់ តុងហ៊ុយ បានលើកឡើងថា ទំហំនៃការរីកចម្រើននៅកម្ពុជាខ្លាំងក្លាណាស់ ហើយការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនបច្ចុប្បន្នទូលំទូលាយខ្លាំងណាស់ដែរ ក្នុងនេះមិនថា ចាស់ក្មេង សិស្ស និស្សិត ទេ គឺពួកគាត់ម្នាក់ៗតែងមានទូរស័ព្ទប្រភេទនេះជាប់ខ្លួនជានិច្ច។ សម្រាប់និស្សិតវិញបើគ្មានទូរស័ព្ទស្មាតហ្វូនគឹមិនអាចធ្វើបានឡើយពិសេសទាក់ទិនមេរៀន និង ចំណេះដឹងផ្សេងៗដទៃទៀត។

យោងតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជាបានឱ្យដឹងថា អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជាមានចំនួន ១៩,៥លាននាក់គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២២ ខណៈក្នុងឆ្នាំ២០១៩ចំនួននេះមានរហូតដល់ ២១,៧លាននាក់។ ដោយឡែកអ្នកប្រើប្រាស់អ៊ីនធឺណែតតាមទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាបានកើនលើសចំនួនប្រជាជនចំនួន ១៦លាននាក់ ខណៈដែលរដ្ឋាភិបាលគូសបញ្ជាក់អំពីការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចឌីជីថល ។
ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត និងអ៊ីនធឺណិតល្បឿនលឿន តាមរយៈសេវាទូរស័ព្ទជំនាន់ទី៤ (4G) និងដាក់មូលដ្ឋានគ្រឹះសម្រាប់សេវាទូរស័ព្ទជំនាន់ទី៥ (5G)៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហូត