ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវប្រជាពលរដ្ឋទាំងអស់បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការពារសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត
(កំពង់ចាម)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងត្រូវបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការពារសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត ។

ការអំពាវនាវបែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣, ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលរវាងបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងមូលដ្ឋានឃុំសំបូរ និងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

យោងតាមលទ្ធផលផ្លូវការនៃគណបក្សនយោបាយឈរឈ្មោះតាមមណ្ឌលនីមួយៗសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានឱ្យដឹងថា ខេត្តកំពង់ចាមស្ថិតនៅក្នុងលេខរៀងទី៣ នៃមណ្ឌលបោះឆ្នោត និងមាន១៣អាសនៈ ដោយមានគណបក្សនយោបាយចំនួន ១២ ឈរឈ្មោះបោះឆ្នោត មានដូចជា ៖ គណក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរឈប់ក្រ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សស្រ្តីដើម្បីស្រ្តី និងគណបក្សខ្មែរអភិរក្ស ៕


ដោយ ង៉ាន់ ទិត្យ