ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

(ខេត្តកណ្ដាល)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការ ផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមាន ការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា ខេត្តកណ្ដាល លើកទី ៥០ អាណត្តិទី ៣ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកណ្ដាល ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បន្តថា៖ ចំពោះការផ្ដល់សេវារដ្ឋបាល តាមការិយាល័យ ច្រកចេញចូលតែមួយ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែង និង ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាល កាន់តែ ងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព និង គណនេយ្យភាព។

ឯកឧត្តមប្រធានប្រឹក្សាខេត្ត ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋានឱ្យបាន ទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេស សំណូមពរ និងបញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក។ ត្រូវចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ។ ជាមួយគ្នានេះផងដែរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ការពារ នូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងកំឡុងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយនីមួយៗ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះផងដែរ។

នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី ៥០ អាណត្តិទី ៣ មានរបៀបវារៈ៩ សំខាន់ៗដែលក្រុមប្រឹក្សាខេត្តត្រូវបានធ្វើការ ពិនិត្យ ពិភាក្សា និងអនុម័ត ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner